ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីនារីរងគ្រោះបានសំរេច កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំនុចច្រកផ្លូវចូលមុខធនាគារប្រាសាក់ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័។
ជនរងគ្រោះមានឈ្មោះម៉ាស្រី តាល់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មករកាត់ដេរ ស្នាក់នៅភូមិព្រីងខាងជើងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យវ៉ៃប្លន់យកទៅបាត់នោះម៉ាកZOOMERXពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ១DO3339 សេរី២០១៦។
តាមសំដីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូម៉ាកZOOMERX ត្រឡប់មកពីលេងផ្ទះជីដូននៅផ្សារទូលទំពូង ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យបានដើរទៅទាញដៃនារីរងគ្រោះធ្លាក់លើម៉ូតូដួលកប់ភក់ទទឹកខោអាវបន្តិចហើយនាងបានក្រោកស្រវ៉េស្រវ៉ាចាប់ទាញម៉ូតូ ត្រូវជន សង្ស័យឡើងជិះម៉ូតូយ៉ាងលឿនចេញទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍នគរបាលចោមចៅដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ នូ ផាន់ណា