ខេត្តក្រចេះ ៖ សំណុំរឿងករណីបាញ់ព្រះចៅអធិការវត្ត នៅតំបន់ដាច់ស្រយាលនៅស្រុក ឆ្លូង បណ្តាលឱ្យចៅអធិការមួយអង្គ អនិច្ចកម្ម ភ្លាមៗ នៅនឹងកន្លែងកាលពីយប់ ថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ក្នុងនោះមាន ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ និងបានដឹង ថា ករណីនេះ មិនមែនជាករណីបាញ់ប្លន់នោះ ទេ ប៉ុន្តែនេះជាករណីមនុស្សឃាតដោយចេតនា ផ្តើមចេញពីអំពើឆបោកក្រោមរូបភាពជួញដូរ វត្ថុបុរាណ។
ព្រះចៅអធិការវត្ត ដែលត្រូវក្រុមជន– សង្ស័យបាញ់បណ្តាលឱ្យសុគតនោះ មានព្រះនាម ស៊ុំ សុថា ហៅចាប ព្រះជន្ម៤៨វស្សា ជាព្រះ– ចៅអធិការវត្តកំពង់ដំរី គង់នៅវត្តខាងលើ ទទួល រងការបាញ់ប្រហារចំព្រះកេស បណ្តាលឱ្យសុគត ភ្លាមៗនៅនឹងកន្លែង។
លោកវរសេនីយ៍ទោ ហ៊ួត លឹមហ៊ាង បាន បញ្ជាក់ថា កម្លាំងនគរបាលបានចាប់ខ្លួនជន– សង្ស័យ៣នាក់ជាបន្តបន្ទាប់មកសាកសួរ កាល ពីថ្ងៃទី១០ ខែមេសា បន្ទាប់ពីរកឃើញថា ជន– សង្ស័យទាំង៣នាក់នេះ មានពាក់ព័ន្ធនឹងករណី ឃាតកម្មខាងលើនេះ។ ក្រោយនាំខ្លួនសាកសួរ នៅថ្ងៃទី១៣ ខែមេសា ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពអំពីសកម្មភាពរបស់ពួកគេ។
ជនសង្ស័យទាំងបីនាក់ ដែលត្រូវបានចាប់ ខ្លួននោះ រួមមានទី១–ឈ្មោះសៀង ប៊ុនលី ហៅ ឌឿន អាយុ៤៥ឆ្នាំ ជាអ្នកបើករថយន្ត ទី២–ឈ្មោះធឿន លួត អាយុ៣៥ឆ្នាំ និងទី៣–ឈ្មោះ ប្រាក់ ប្រឹម អាយុ៦៥ឆ្នាំ ជនសង្ស័យទាំងបីនាក់ រស់នៅឃុំស្វាយជ្រះ ស្រុកស្នួល។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៣នាក់ខាងលើ បានឱ្យដឹងថា កន្លងមក ពួកគេនឹងបក្ខពួកពីរនាក់ទៀត ធ្លាប់មានគំនុំ ជាមួយនឹងព្រះសង្ឃរងគ្រោះពាក់ព័ន្ធនឹងអំពើ ឆបោក ដោយប្រើរូបភាពជួញដូរវត្ថុបុរាណ។ ព្រោះពួកគេទាំងនោះ ជាអ្នកដើររកម៉ូយឱ្យ មកជាវវត្ថុបុរាណពីព្រះសង្ឃ ដែលសន្មត់ថា ជាវត្ថុស័ក្តិសិទ្ឋិដ៏កម្រ ក្នុងនោះ រួមមានព្រះមុខ ៨ទិសដែលថាធ្វើពីសំរិទ្ឋ១អង្គ និងព្រះអង្គខ្មៅ ១អង្គ ចែកាច់១គូ គុជខ្យង និងគុជនាគរាជ ជាដើម ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ។ ក្រោយ ពីពួកគេបានទាក់ទងរកអ្នកទិញបាននៅទីក្រុង ភ្នំពេញ និងបានរៃលុយគ្នា ចំនួន១ពាន់ដុល្លារ ដើម្បីផ្តល់ឱ្យអ្នកមកទិញ ជាការកក់ដំណើរជា មុន ដោយសន្យាគ្នាថា ប្រសិនបើអ្នកមកទិញ ហើយ និងសាកល្បង ប្រសិនបើរបស់នោះមិន ស័ក្តិសិទ្ធិ គឺអ្នកមកទិញនោះ និងយកលុយកក់ ១ពាន់ដុល្លារនោះ ទាំងស្រុងដោយគ្មានលក្ខ– ខណ្ឌនោះទេ។ ក្រោយពីត្រូវរ៉ូវគ្នា នៅមុនថ្ងៃ កើតហេតុ អ្នកមកទិញក៏បានមកពិនិត្យវត្ថុ– ស័ក្តិសិទ្ឋិនៅក្នុងវត្តជាមួយនឹងព្រះសង្ឃរងគ្រោះ និងបានសាកល្បងលើវត្ថុទាំងនោះ ឃើញថា មិនស័ក្តិសិទ្ធិក្រុមអ្នកទិញក៏បានត្រឡប់ទៅវិញ ធ្វើឱ្យក្រុមខ្លួន ត្រូវខាតបង់លុយ ចំនួន១ពាន់ដុល្លារ។ ដោយមានការខឹងសម្បា នៅយប់ថ្ងៃ កើតហេតុ ពួកគេទាំង៥នាក់ បានជិះរថយន្ត ទួរីស១គ្រឿង និងអាវុធអាកា១ដើម បានជិះ សំដៅទៅវត្ត ដើម្បីជួបព្រះសង្ឃឱ្យសាកល្បង វត្ថុស័ក្តិសិទ្ធិនោះ ឱ្យពួកគេមើលម្តងទៀត។ នៅ ពេលទៅដល់ជន២នាក់ នៅខាងក្រៅចាំរថយន្ត និង៣នាក់ទៀត ចូលទៅក្នុងវត្ត និងបានប្រកែក ជាមួយព្រះសង្ឃ ក៏ឈានឱ្យមានការផ្ទុះអាវុធ ត្រូវចំព្រះសង្ឃ បណ្តាលឱ្យសុគតភ្លាមៗនៅនឹង កន្លែង។
គួររំលឹកថា កាលពីវេលាម៉ោង៩យប់ ថ្ងៃ ទី០៨ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ មាន ករណីឃាតកម្មមួយ បានកើតឡើងនៅចំណុច បរិវេណវត្តកំពង់ដំរី មានទីតាំងស្ថិតក្នុងភូមិដំរី– ផុង ឃុំដំរីផុង ស្រុកឆ្លូង ដោយជនសង្ស័យ១ ក្រុមមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើងអាកា បានធ្វើសកម្មភាពចូលទៅបាញ់ប្រហារ ព្រះចៅ អធិការវត្តមួយអង្គ បណ្តាលឱ្យសុគតយ៉ាង អាណោចអាធ័ម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេបានលាន់ឮស្នូរ កាំភ្លើងជាច្រើនគ្រាប់ចេញពីបរិវេណវត្តកំពង់– ដំរី ភ្លាមនោះ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើននាក់ បានកើតមានការ ភ្ញាក់ផ្អើលឈូឆរដែរ តែគ្មានអ្នកណាហ៊ានចូល ទៅជួយឡើយ ព្រោះតែប្រទះឃើញក្រុមជន– សង្ស័យមានអាវុធច្រូងច្រាងគ្រប់ដៃ ទើប បណ្តាលឱ្យក្រុមជនសង្ស័យជាចោរប្លន់បានបាញ់ ប្រហារព្រះចៅអធិការ បណ្តាលឱ្យសុគត និង បានប្រមូលយកទ្រព្យសម្បត្តិមានតម្លៃបានជា ច្រើន មុននឹងគេចខ្លួនបាត់ស្រមោលអស់ដោយ សុវត្ថិភាព។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុ ប្រមាណជាងកន្លះម៉ោង ទើបប្រជាពលរដ្ឋហ៊ាន ចូលទៅមើលដល់ក្នុងបរិវេណវត្ត តែអកុសល ពេលទៅដល់ ក៏ប្រទះឃើញព្រះចៅអធិការត្រូវ ក្រុមចោរប្លន់បាញ់សុគតបាត់ទៅហើយ។ ក្រោយ ពីបាញ់ប្រហារព្រះចៅអធិការវត្តសុគតហើយ ក្រុមជនសង្ស័យជាចោរប្លន់បាននាំគ្នាប្រមូល របស់របរមានតម្លៃ ដូចជាគ្រឿងប្រាក់ ស្ពាន់ និងវត្ថុមានតម្លៃជាច្រើនទៀត រួចគេចខ្លួនចូល ព្រៃបាត់អស់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និង បានពិនិត្យឃើញថា ព្រះចៅអធិការរងគ្រោះ ត្រូវបានក្រុមជនសង្ស័យបាញ់ប្រហារចំនួន៦ គ្រាប់ តែចំចំនួន២គ្រាប់ បណ្តាលឱ្យសុគតនៅ នឹងកន្លែងយ៉ាងអាណោចអាធ័ម។
យ៉ាងណា បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាង ល្អិតល្អន់ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន។ ចំណែក ជនសង្ស័យ២នាក់ទៀត ក្នុងនោះមានម្នាក់ជា ជនដៃដល់កំពុងតែគេចខ្លួន តែកម្លាំងនគរបាល កំណត់មុខសញ្ញាបានហើយ និងកំពុងស្រាវជ្រាវ ចាប់ខ្លួន៕