ទឹកដោះ ជួយចិញ្ចឹមឱ្យទារកមានការធំធាត់ លូតលាស់ចម្រើនវ័យប្រកបដោយសុខភាពល្អ។ ប៉ុន្តែមនុស្សមិនតិចទេ ទាំងក្មេងនិងមនុស្សធំ ខ្វះទឹករំលាយស្ករឡាក់តូស ទើបមិនអាចពិសាទឹកដោះគោបាន។ ចំណែកទឹកដោះដែលអាចជំនួសទឹកដោះគោបានគឺ ទឹកដោះពពែ។
មនុស្សពិសាទឹកដោះពពែ តាំងពីសម័យបុរាណ ៖ គេជឿថា ប្រូតេអ៊ីនក្នុងទឹកដោះពពែ នាំឱ្យគ្រាប់ឈាមស ធ្វើការយ៉ាងមានប្រសិទ្ធភាព បណ្តាលឱ្យប្រព័ន្ធការពាររាងកាយរឹងមាំជាងមុន។ គេរកឃើញថា អ្នកជំងឺជាច្រើន បានធូរស្បើយយ៉ាងឆាប់រហ័ស ដោយសារការពិសាទឹកដោះពពែ។
គុណភាពស្រដៀងទឹកដោះម្តាយបំផុត ៖ គេបានសិក្សារកទឹកដោះដែលមានគុណភាពស្រដៀងទឹកដោះម្តាយ ចំពោះកុមារដែលប្រតិកម្មចំពោះទឹកដោះគោ គេឃើញថា ទឹកដោះពពែមានគុណភាពស្រដៀងបំផុតគឺ មានអាស៊ីដអាមីណូ ដែលចាំបាច់ចំនួន១០ប្រភេទ ដូចគ្នា។ ជាអាស៊ីដ អាមីណូដែលរាងកាយប្រើក្នុងការផលិតប្រូតេអ៊ីន ដើម្បីជួសជុលសរីរាង្គដែលសឹករេចរឹល។ ទឹកដោះពពែ ក៏មានជាតិខ្លាញ់ និងអាស៊ីដខ្លាញ់មិនឆ្អែត ដែលចាំបាច់ដូចទឹកដោះម្តាយដែរ។
ម្សៅទឹកដោះពពែ ៖ មានដុំប្រូតេអ៊ីនទំហំតូច និងទន់ជាងដុំប្រូតេអ៊ីនដែលកើតចេញពីទឹកដោះគោ ទើបងាយស្រួលរំលាយឆាប់រហ័ស និងបឺតស្រូបសារធាតុអាហារបានល្អ សារធាតុអាហារផ្សេងៗក្នុងទឹកដោះពពែ នៅមានប្រយោជន៍សម្រាប់ទារកទើបនឹងកើត ជួយបង្កើនប្រព័ន្ធការពាររាងកាយ បន្ថយការប្រតិកម្មអាហារ ជួយឱ្យមានការលូតលាស់នៃប្រព័ន្ធពោះវៀន ជួយឱ្យការរំលាយអាហារមានភាពពេញលេញ និងពង្រឹងប្រព័ន្ធការពារខ្លួន ទើបគេចាត់ទុកទឹកដោះពពែ មានគុណតម្លៃខាងសារធាតុអាហារ និងមានគុណសម្បត្តិប្រហាក់ប្រហែលទឹកដោះម្តាយ។
ជួយឱ្យគ្រាប់ឈាមសធ្វើការយ៉ាងមានប្រសិទ្ធភាព ៖ ចំពោះមនុស្សពេញវ័យ ការពិសាទឹកដោះពពែក៏មានប្រយោជន៍ច្រើនដែរ។ ប្រូតេអ៊ីន ក្នុងទឹកដោះពពែ ជួយក្នុងការផលិត និងរក្សាបរិមាណគ្រាប់ឈាមសឱ្យ នៅថេរ និងធ្វើការយ៉ាងមានប្រសិទ្ធភាព បង្កើនប្រព័ន្ធការពារខ្លួន និងជួយសម្រួលតុល្យភាពនៃប្រព័ន្ធការពារខ្លួន។
វីតាមីនផ្សេងៗ ជួយគ្រាប់ឈាម ៖ វីតាមីនផ្សេងៗដែលមាននៅក្នុងទឹកដោះពពែ មានចំណែកជួយបង្កើនប្រព័ន្ធការពាររាងកាយ ដូចជា វីតាមីន A ជួយដល់កោសិកាក្នុងការស្ទាក់ចាប់មេរោគ។ វីតាមីន B6 ជួយកោសិកាគ្រាប់ឈាមស បង្កើតអង្គបដិបក្ខ (Anti-Body) ឬប្រព័ន្ធការពាររាងកាយ។ វីតាមីន C ជួយការពារគ្រាប់ឈាម ដោយបំពេញតួនាទីស្ទាក់ចាប់មេរោគ បាក់តេរី និងជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយ ឬជាតិកខ្វក់ដែលកើតចេញពីបរិស្ថាន សារធាតុគីមី និងផ្សែងបារី។ វីតាមីន D ជួយបង្កើនការបឺតស្រូបជាតិកាល់ស្យូមពីពោះវៀនចូលក្នុងចរន្តឈាម ធ្វើឱ្យឆ្អឹងរឹងមាំ និងជំរុញឱ្យរាងកាយបង្កើតប្រព័ន្ធការពារខ្លួន។ ចំណែក វីតាមីន E ជួយប្រឆាំងរ៉ាឌីកាល់សេរី សម្រួលតុល្យភាពជាតិទឹក ជាតិខ្លាញ់ ក្នុងស្រទាប់ស្បែក និងរក្សាសំណើមរបស់ស្បែក។
ជួយរំលាយជាតិខ្លាញ់ក្នុងឈាម ៖ ប្រយោជន៍របស់ទឹកដោះពពែ ក៏រួមបញ្ចូលទាំងការរំលាយជាតិខ្លាញ់ក្នុងឈាម ដែលជាតិខ្លាញ់នោះនាំឱ្យកើតជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាល។ អាស៊ីដខ្លាញ់ដែលមានក្នុងទឹកដោះពពែ អាចជួយរំលាយ និងសម្រួលជាតិខ្លាញ់ក្នុងឈាម ឱ្យចរន្តឈាមរត់ធ្វើការបានល្អ ទើបអាចជួយបន្ថយជំងឺស្ទះសរសៃឈាម បេះដូង និងជំងឺបេះដូងខ្វះឈាម។ ចំណុចសំខាន់គឺ ទឹកដោះពពែ ជាទឹកដោះដែលរាងកាយមនុស្សអាចរំលាយបានងាយ និងបឺតស្រូបយកទៅប្រើការបានល្អ ក្នុងរយៈពេល២០-៣០នាទី។
ហ្វ្រូម៉ាទឹកដោះពពែមានសារធាតុអាហារច្រើន ៖ បើគេយកទឹកដោះពពែទៅធ្វើជាហ្វ្រូម៉ា (Natural-Rind Cheese) នឹងមានរសជាតិឆ្ងាញ់ និងមានសារធាតុអាហារច្រើន ដូចជា កាល់ស្យូម ប្រូតេអ៊ីន ផូស្វ័រ វីតាមីន B12 ស័ង្កសី និងជាតិខ្លាញ់ ថែមទាំងមានបរិមាណស្ករឡាក់តូស តិចជាងទឹកដោះគោ ដែលអ្នកមានបញ្ហាពិសាទឹកដោះគោមិនបាន អាចពិសាហ្វ្រូម៉ាទឹកដោះពពែជំនួសបាន និងមានការប្រើហ្វ្រូម៉ាទឹកដោះពពែជាគ្រឿងផ្សំរបស់អាហារបានច្រើនយ៉ាង។
ធាតុផ្សំក្នុងគ្រឿងសម្អាង ៖ ក្រៅពីនេះ គេអាចកែច្នៃទឹកដោះពពែ ជាទម្រង់ផលិតផលគ្រឿងសម្អាង ដូចជា សាប៊ូដុំ ឡេថែស្បែក ក្រែមលាប បំប៉នស្បែកមាត់ ក្រែមសម្រួលស្បែក ម្សៅផាត់លាយម្សៅទ្រនាប់ ជាដើម ដែលមានលាយទឹកដោះពពែ៕