Sunday, January 26, 2025
Homeព័ត៌មានជាតិខឹង​ដណ្តឹង​កូន​ក្រមុំគេ​មិន​បាន ទាញ​កាំ​ភ្លើង​បាញ់រះ​សម្លាប់​ផ្តាច់​ពូជ

ខឹង​ដណ្តឹង​កូន​ក្រមុំគេ​មិន​បាន ទាញ​កាំ​ភ្លើង​បាញ់រះ​សម្លាប់​ផ្តាច់​ពូជ

ខេត្តបន្ទាយមានជ័យ ៖ បុរសជាមន្ត្រីយោធាចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែខឹងរឿង តាមស្រលាញ់កូនស្រីគេមិនបាន ម៉្យាងទទួល ដំណឹងថា នារីដែលខ្លួនស្រលាញ់ត្រូវឪពុកម្តាយ ផ្សំផ្គុំឱ្យរៀបការជាមួយប្រុសថ្មី ក៏ស្ពាយកាំភ្លើង ទៅបាញ់រះបំណងសម្លាប់ផ្តាច់ពូជ បណ្តាលឱ្យ បាត់បង់ជីវិតមនុស្សចំនួន៣នាក់ និងរងរបួស ធ្ងន់ម្នាក់ ខណៈដែលក្រុមគ្រួសារជនរងគ្រោះ កំពុងអុជធូបទទួលទេវតាឆ្នាំថ្មី។

ករណីឃាតកម្មបាញ់ប្រហារសម្លាប់ផ្តាច់ ពូជយ៉ាងសាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង២៨នាទីទៀបភ្លឺ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ (ចំពេលទទួលទេវតា ឆ្នាំថ្មី) ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ នៅស្រុកម៉ាឡៃ។

ជនសង្ស័យជាឃាតករដៃឆៅនោះ មាន ឈ្មោះរ៉េត រាត្រី ហៅឆិច អាយុ២៨ឆ្នាំ ជាមន្ត្រី យោធាអង្គភាពអភិវឌ្ឍន៍ភ្នំឆត្រ យោធភូមិភាគ ទី៥។

ចំណែកជនរងគ្រោះ ដែលរងការបាញ់ សម្លាប់យ៉ាងឃោរឃៅ រួមមានទី១ឈ្មោះ ជួប សាំងលីន ភេទប្រុស អាយុ៣០ឆ្នាំ រងរបួស ធ្លាយពោះ (ស្លាប់នៅនឹងកន្លែង) ទី២ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ភេទស្រី អាយុ៣២ឆ្នាំ រងរបួសត្រង់ត្រគាក (ស្លាប់ក្នុងមណ្ឌលសុខភាព ស្រុកម៉ាឡៃ) ទី៣ឈ្មោះសុខ ខាត់ណា ភេទ ស្រី អាយុ៥៥ឆ្នាំ រងរបួសត្រង់ត្រគាក (ស្លាប់ ក្នុងមន្ទីរពេទ្យប្រទេសថៃ) និងទី៤ឈ្មោះអឹម សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូនប្រសា ម្ទាស់ផ្ទះ ទទួលរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យឯប្រទេសថៃ។

តាមប្រភពពីប្រជាពលរដ្ឋ ក្បែរកន្លែង កើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលក្រុមគ្រួសារជនរងគ្រោះ កំពុងនាំគ្នា អុជធូបទទួលទេវតាឆ្នាំថ្មី នៅវេលាទៀបភ្លឺ ស្រាប់តែត្រូវជនដៃដល់ទាញកាំភ្លើងអាកា បាញ់ រះចូលទៅក្នុងផ្ទះរបស់ឈ្មោះមៃ គឹមលូន ជា ច្រើនគ្រាប់ បណ្តាលឱ្យមានមនុស្សជាច្រើននាក់ ដេកដួលរដូករណែលក្នុងថ្លុកឈាមតែម្តង។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុការណ៍ បាញ់ប្រហារខាងលើនេះឡើង នៅវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៧ ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាបើកទ្វារផ្ទះ ចេញមកអុចធូបទទួល ទេវតាឆ្នាំថ្មី ស្រាប់តែពេលដែលជនរងគ្រោះ កំពុងតែអុជធូប ក៏លាន់ឮស្នូរកាំភ្លើងបាញ់រះជា ច្រើនគ្រាប់ចូលក្នុងផ្ទះ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះជួប សាំងលីន រងគ្រាប់កាំភ្លើងជាច្រើន គ្រាប់ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែក សមាជិកគ្រួសារ៣នាក់ផ្សេងទៀត របួសធ្ងន់ និងត្រូវបានគេដឹកបញ្ជូន ទៅមន្ទីពេទ្យភ្លាមៗ ដែរ តែអកុសលជនរងគ្រោះ២នាក់ទៀត (ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី និងឈ្មោះសុខ ខាត់ណា) ដោយសារតែរងរបួសធ្ងន់ពេក ទើបដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ ចំណែក ជនរងគ្រោះឈ្មោះអឹម សំប៊ុន រងរបួសធ្ងន់ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។

ប្រភពដដែលបញ្ជាក់ថា ករណីលួចបាញ់ ប្រហារយ៉ាងសាហាវឃោរឃៅទាំងកណ្តាល យប់ មកលើក្រុមគ្រួសារជនរងគ្រោះអំឡុងពេលកំពុងអុជធូបទទួលទេវតាឆ្នាំថ្មីនេះ ត្រូវបាន គេដាក់ការសង្ស័យទៅលើឈ្មោះរ៉េត រាត្រី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខងារជាកម្លាំង យោធាអង្គភាព តំបន់អភិឌ្ឍន៍យោធភូមិភាគ ទី៥ ដែលកំពុងឈរជើងប្រចាំការនៅចំណុចភ្នំ ឆត្រ ស្ថិតភូមិក្តឹបថ្ម ឃុំស្លក្រាម ស្រុកស្វាយ ចេក។ ចំណែកមូលហេតុក៏ព្រោះតែរឿងជនដៃដល់ តាមស្រលាញ់កូនស្រីក្នុងគ្រួសារខាង លើឈ្មោះជួប ចាន់ដា និងធ្លាប់ចូលស្តីដណ្តឹង ទៀតផង តែត្រូវក្រុមគ្រួសារខាងលើ បដិសេធ មិនព្រមលើកឱ្យ ទើបធ្វើឱ្យជនសង្ស័យចងគំនុំ ទុកក្នុងចិត្ត រហូតឈានដល់ការលួចបាញ់ប្រហារ បំណងសម្លាប់ផ្តាច់ពូជ បណ្តាលឱ្យស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់បែបនេះតែម្តង។

លោកវរសេនីយ៍ត្រី តាំង សុហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បាន បញ្ជាក់ថា ករណីលួចបាញ់ប្រហារទាំងកណ្តាល យប់ បណ្តាលឱ្យស្លាប់មនុស្ស៣នាក់ និងរបួស ធ្ងន់ម្នាក់នេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ និង កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕ ចាន់ សុខលន់

RELATED ARTICLES