ខេត្តព្រៃវែង ៖ នារីវ័យក្មេងម្នាក់ ព្រោះ តែតូចចិត្តនឹងរឿងសុំលុយម្តាយយកទៅដើរ លេងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមិនបាន ក៏ឈឺចិត្តស្អិតទ្រូងសម្រេចចិត្តចងកស្លាប់យ៉ាង អាណោចអាធ័ម កាលពីវេលាម៉ោង១១និង២ ៥នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅ ចំណុចភូមិកំពង់ស្វាយលិច ស្រុកកំពង់ត្របែក។
យុវតីចិត្តខ្លាំងគំនិតខ្លី ដែលខឹងម៉ែមិនឱ្យ លុយដើរលេងចូលឆ្នាំ បែរជាចងកធ្វើអត្តឃាត រូបនេះ មានឈ្មោះសយ សាហាច អាយុ១៧ ឆ្នាំ មានលំនៅភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ នារីរងគ្រោះបានទៅសុំលុយ ម្តាយចំនួន១ម៉ឺនរៀល បំណងយកទៅដើរលេង នឹងគេ ក្នុងថ្ងៃចូលឆ្នាំ ប៉ុន្តែត្រូវម្តាយបដិសេធ មិនឱ្យលុយ និងមិនអនុញ្ញាតឱ្យកូនស្រី (នារីរងគ្រោះ) ដើរលេងជាមួយមិត្តភក្តិនោះឡើយ ព្រោះខ្លាចកើតមានបញ្ហាផ្សេងៗជាយថាហេតុ។
ប្រភពដដែលបន្តថា លុះសុំលុយម្តាយ ទៅដើរលេងចូលឆ្នាំមិនបាន នារីរងគ្រោះក៏ លែងនិយាយស្តីអ្វីទាំងអស់ និងបានដើរចេញពី ផ្ទះបាត់ទៅ ចំណែកម្តាយក៏មិនបានចាប់អារម្មណ៍ អ្វីដែរ ហើយកាន់តែនឹកស្មានមិនដល់ទៀតថា កូនស្រី អាចនឹងមានគំនិតខ្លីបែបនេះ។ រហូត មកដល់វេលាម៉ោងប្រមាណ១១និង២៥នាទី ព្រឹកថ្ងៃដដែល មានអ្នកភូមិម្នាក់ បានចេញទៅ ឃ្វាលគោ ស្រាប់តែប្រទះឃើញនារីរងគ្រោះ បានចងកនៅដើមឈើក្បែរផ្ទះស្លាប់បាត់ទៅ ហើយ ទើបស្រែកឆោឡោ រត់មកប្រាប់ក្រុមគ្រួសារនិងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា នារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន។ មូលហេតុក៏ព្រោះតែតូចចិត្តរឿង សុំលុយម្តាយ១ម៉ឺនរៀល ដើរលេងថ្ងៃចូលឆ្នាំ មិនបាន ទើបគិតខ្លីបែបនេះ។
សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបបចំធ្វើបុណ្យ តាម ប្រពៃណី៕