ខេត្តកណ្តាល ៖ បុរសម្នាក់ បានចូលទៅអុកឡុកវាយបំផ្លាញរបស់ទ្រព្យនៅក្នុងបរិវេណ ផ្ទះរបស់ស្ត្រីចំណាស់ម្នាក់ដែលរស់នៅក្នុងភូមិ ជាមួយគ្នា លុះម្ចាស់ផ្ទះដាក់ពាក្យប្តឹង ក៏ធ្វើឱ្យ ជនសង្ស័យច្រឡោតខឹង លីកាំបិតមកកាប់ស្ត្រី– ចំណាស់ជាម្ចាស់ផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកោះគរ ឃុំស្វាយ– ប្រទាល ស្រុកស្អាង។
លោកយាយរងគ្រោះ ដែលត្រូវជនសង្ស័យ លីកាំបិតចូលមកកាប់ដល់ក្នុងផ្ទះ មានឈ្មោះ សាំង ហួយ អាយុ៨៦ឆ្នាំ ជាចាស់ជរា មាន លំនៅក្នុងភូម៉ិកើតហេតុខាងលើ មានស្នាមរបួស មុតត្រង់ក មុតត្រង់ដៃស្តាំ មុតត្រង់កញ្ចឹងក។ ចំណែកជនបង្កហេតុ មានឈ្មោះញឹម សុជាតិ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ២រសៀល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ខណៈដែលលោកយាយរងគ្រោះឈ្មោះសាំង ហួយ កំពុងសម្រាន្តនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់ តែលេចមុខជនបង្កហេតុ ឈ្មោះញឹម សុជាតិ បានលី កាំបិតផ្គាក់ចូលទៅកាប់ប្រហារជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោលតែម្តង។
តាមសម្តីលោកយាយរងគ្រោះ បានបញ្ជាក់ ឱ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ចូលមកក្នុង បរិវេណផ្ទះរបស់គាត់ ហើយបានវាយបំផ្លាញ ទ្រព្យសម្បត្តិរបស់គាត់ ទើបគាត់បានឱ្យក្មួយ ទៅប្តឹងប៉ូលិសប៉ុស្តិ៍ បន្ទាប់មក ដល់ពេលម៉ោង កើតហេតុខាងលើ ក៏មានរឿងហេតុបែបនេះ កើតឡើងចំពោះគាត់តែម្តង។
ក្រោយកើតហេតុ លោកយាយរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនសង្ស័យត្រូវ បានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង ៦និង៤១នាទីព្រលប់ថ្ងៃដដែល និងបាននាំខ្លួន ទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធិី៕