ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នា បានហើយបែជាយកទៅបញ្ចាំបាត់ គេចខ្លួនអស់រយះពេល១៣ថ្ងៃ ម្ចាស់ប្រទះឃើញមុខចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណតរថយន្ត រង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យមានឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ចាប់ម៉ូយដាក់រថយន្តឈ្នួល នៅចំណតរថយន្តចោមចៅ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិត្រពាំងព្រិច ឃុំ ត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។ ចំណែកម៉ូតូដែលជនសង្ស័យឆបោកយកទៅបញ្ចាំបាត់ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AL-2643 មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ហេង សុីលួម ប្រុស៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិដងរុន បន្ទាយនាង ស្រុកមង្គលបុរី ខេត្តតាកែវ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧កន្លងមក ជនសង្ស័យ ជាមនុស្សស្គាល់គ្នា ហើយបានមកខ្ចីម៉ូតូ ដោយប្រាប់ថា ជិះទៅយកលុយរថយន្តមួយភ្លែត បែជាបាត់រហូត ចាំយូរពេក ទៅតាម ស្វែងរកដល់បន្ទប់ ជួលក៏មិនឃើញ មករកមើលកន្លែងចាប់ម៉ូយត្រង់រង្វង់មូលចោមចៅ ក៏មិនឃើញ ទូរស័ព្ទចុច លែងចូល បាត់ដំណេងឈឹង ដឹងថាចាញ់បោកហើយ មិនទាន់បានប្តឹងប៉ូលីសភ្លាមទេ បន្តដើរ តាមស្វែងរកនៅតែមិនឃើញ លុះរហូតមកដល់ ក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរ មិនអស់ចិត្ត បន្តតាមស្វែងរក ស្រាប់តែនៅវេលាម៉ោង៤រសៀលថ្ងៃទី១៨ ខែមេសា នេះប្រទះឃើញមុខ ជនសង្ស័យត្រង់ចំណុចចំណតរថយន្ត ចោមចៅ ចាប់ឃាត់ខ្លួនបានយកទៅប្រគល់ឲ្យប៉ុស្តិ៍ នគរបាលចាត់ការទៅតាមផ្លូវច្បាប់ ។
ជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបាន ខ្ចីម៉ូតូ ពីបុរសខាងលើ ជាអ្នកស្គាល់គ្នា យកទៅបញ្ចាំម្តុំឃ្លាំងរំសេវ បាត់ បានលុយចំនួន៤១០ដុល្លា បានយ៉ាងស្រួល ព្រោះនៅម្តុំ ហាងបញ្ចាំកន្លែងនោះ ទោះជាម៉ូតូ អត់អី មានអី ឯកសារសំគាល់ គ្មានក៏ដោយ ស្រួលណាស់ ទទួលយកទាំងអស់ គ្រាន់តែបានថ្លៃ ទាបឬខ្ពស់តែប៉ុណ្ណោះ ។
ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនទៅតាមបណ្តឹងជនរងគ្រោះ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕