ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបនៅមុខណាហ្គាវើរត្រូវជនសង្ស័យ២នាក់ហៅអោយឌុប ទៅម្តុំបឹងកេងកងធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបានសម្រេចជិះរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧តាម បណ្តោយផ្លូវ៣៩២នៅចំណុចក្រោយសាលាវ័ទ្យាល័យបឹងកេងកងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះខាន់ សុភ័ណ ភេទប្រុស អាយុ49ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុបនៅមុខ ណាហ្គាវើរ ស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់ជាអ្នករត់ម៉ូតូ
ឌុបនៅមុខណាហ្គាវើរ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខភ្នំពេញ 1AU9316 ស្រាប់តែមានជនសង្ស័យ២នាក់ដើរចេញមកពីម្តុំសួនច្បារណាហ្គាវើរ
អោយឌុបទៅម្តុំចំណុចកើតហេតុខាងលើក្នុងតំលៃ១ម៉ឺនរៀល លុះពេលទៅដល់ស្រាប់តែជនសង្ស័យ២នាក់ម្នាក់អង្គុយកណ្តាលបានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូហើយ គំរាមថាបើ ហាន ស្រែកនឹងបាញ់សម្លាប់ចោលទើបជនរងគ្រោះប្រគល់ម៉ូតូអោយជនសង្ស័យជិះរត់គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងទេបានទៅហៅ ប្រពន្ធមក ដាក់ពាក្យបណ្តឹងត្រូវចោរប្លន់យកម៉ូតូ លុះពេលសមត្ថកិច្ចសួរដេញដោលចុះឡើងទើបដឹង ថាចោរប្លន់ម៉ូតូរបស់ប្តីទេ ។
ដោយឡែកជុំវិញករណីខាងលើនេះសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះលេងល្បែងនៅហ្គា ណាវើរចាញ់អស់ម៉ូតូមួយគ្រឿងខ្លាចប្រពន្ធរករឿងទើបប្រឌិតថាចោរប្លន់ម៉ូតូទៅវិញ ។ ម្យ៉ាង ទៀតនៅកន្លែងកើតហេតុមិនមានសាក្សីនិងមិនបានដាក់ពាក្យបណ្តឹងភ្លាមៗទេ សុខ ចិត្តទៅ ហៅប្រពន្ធឲ្យមកដាក់ពាក្យបណ្តឹងជំនួស ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង១ដើម្បីអោយសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕
ឥន សាន់ស៊ីដេត