Monday, November 25, 2024
Homeតារាខ្មែរនារីរ័ត្ន គន្ធា ពិចារណាថតរឿងថ្មី

នារីរ័ត្ន គន្ធា ពិចារណាថតរឿងថ្មី

នារីរ័ត្ន គន្ធា មកស្រុកកំណើតលើកនេះ តាំងពីថ្ងៃដើមខែកុម្ភៈ ហើយទើបត្រឡប់ទៅអាមេរិកវិញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ជាមួយកូនប្រុសទី២អ្នកនាង ដោយមិនមានស្វាមីថ្មី រួមដំណើរមកជាមួយឡើយ។

តាមព័ត៌មានថា អ្នកនាងនារីរ័ត្ន គន្ធា ត្រូវបានអ្នកស្រីឌី សាវ៉េត អញ្ជើញឱ្យថតរឿងថ្មីខ្នាតធំមួយ ក្នុងពេលឆាប់នេះដែរ ហើយសំណើនេះត្រូវបានអតីតតារាសម្តែងល្បីរូបនេះពិចារណា ព្រោះអ្នកនាងគន្ធា ក៏ចង់ថតរឿងដែរ ដើម្បីកុំឱ្យប្រជាជនខ្មែរ ភ្លេចមុខអ្នកនាង ដូចអ្នកនាងអម្ពរ ទេវី ដែលឆ្លៀតមកថតរឿង “ទឹកចិត្តម្តាយសម័យថ្មី” ឱ្យផលិតកម្មថោន មុននេះដែរ។

អ្នកស្រីជួប សុវណ្ណ ម្តាយអ្នកនាងនារីរ័ត្ន គន្ធា បានឱ្យដឹងថា កូនស្រីគាត់មកលើកនេះមិនបានថតសិល្បៈអីទេ គឺមកស្ងាត់ៗមិនឱ្យគេដឹងឡើយ ហើយពេលនេះបានទៅសហរដ្ឋអាមេរិក វិញបាត់ទៅហើយ។

អ្នកស្រីសុវណ្ណ បានរៀបរាប់ថា “កូនខ្ញុំគន្ធា មកលើកនេះបាន៣សប្តាហ៍ ដែរតើ! ហើយជាទម្លាប់ទៅហើយ គេមកស្ងាត់ៗ មិនចង់ឱ្យអ្នកណាដឹងទេ។ ចំពោះរឿងអ្នកស្រីឌី សាវ៉េត ហៅកូនខ្ញុំចង់ឱ្យថតកុនរឿងថ្មីនោះ គឺជាការពិតហើយ គាត់បានជួបគ្នាហើយ តែមិនទាន់សម្រេចចិត្តច្បាស់ទេ ព្រោះនៅលើពេលវេលាដែរ។ តាមពិត កូនស្រីខ្ញុំគេនៅតែស្រលាញ់សិល្បៈអីចឹង ហើយចង់ថតរឿងមួយៗដែរ ដើម្បីកុំឱ្យគេភ្លេចមុខ តែការថតនៅពេលណានោះ ខ្ញុំមិនបានដឹងច្បាស់ទេ ព្រោះកូនខ្ញុំទៅអាមេរិកវិញ តាំងពីថ្ងៃទី២៨ ខែមីនា ម៉្លេះ។ សម្រាប់ខ្ញុំផ្ទាល់ក៏ចង់ឃើញកូនថតរឿងថ្មីដែរ បើសិនជាគេអាចឆ្លៀតបាននោះល្អ ហើយគ្រាន់តែថា នៅអាមេរិក កូនខ្ញុំរវល់ច្រើន ហើយពេលមកស្រុកអីចឹង អត់មានអ្នកមើលហាងទេ ព្រោះប្តីគេក៏រវល់ធ្វើការដែរ”។

តាមប្រភពថា ការមកស្រុកកំណើតលើកនេះ អ្នកនាងនារីរ័ត្ន គន្ធា បានទៅ ធ្វើបុណ្យនៅស្រុកកំណើតឪពុកអ្នកនាងនៅខេត្តស្វាយរៀង ដែរ គឺបុណ្យបញ្ចុះសីមា វត្តសុវណ្ណសាមគ្គីរង្សី ព្រមទាំងបានបង្ហួសទៅធ្វើបុណ្យនៅខេត្តតាកែវ ស្រុកកំណើតម្តាយនាងផងដែរ។

លោកអែន ឌី និងអ្នកនាង នារីរ័ត្ន គន្ធា

អ្នកស្រីជួប សុវណ្ណ បន្ថែមថា “ជាការពិត កូនស្រីខ្ញុំបានទៅធ្វើបុណ្យបញ្ចុះសីមា នៅខេត្តស្វាយរៀង ដល់ទៅ៤ថ្ងៃឯណោះ គឺថ្ងៃទី១០ដល់១៤ ខែមីនា ហើយគេក៏បានទៅធ្វើបុណ្យនៅស្រុកកំណើតខ្ញុំឯខេត្តតាកែវ ផងដែរ។ និយាយទៅ កូនខ្ញុំហ្នឹងចូលចិត្តធ្វើបុណ្យណាស់ ក្រៅពីចូលបច្ច័យមួយចំនួន នៅខេត្តស្វាយរៀង ហ្នឹង គេក៏បានចូលថវិកាក៏សាងសាលាខ្លះដែរ នៅខេត្តស្វាយរៀង ហ្នឹង! មិនថាតែធ្វើបុណ្យនៅស្រុកខ្មែរទេ តែគន្ធា ក៏នៅអាមេរិកហ្នឹង ក៏ធ្វើបុណ្យច្រើនដែរ ដូចជាបានចូលរួមកសាងវត្តខ្មែរមួយ នៅរដ្ឋអាយឡែនដ៍ គឺវត្តពុទ្ធមណ្ឌល ដោយជាវរូបព្រះពុទ្ធដាក់វត្ត ជាដើម ហើយមកស្រុកខ្មែរ លើកនេះ កូនខ្ញុំមកធ្វើបុណ្យសុទ្ធសាធ មិនបានថតកម្មវិធីប៉ុស្តិ៍ណាទេ គ្រាន់តែអាចថតរឿងថ្មីឱ្យអ្នកស្រីឌី សាវ៉េត”។

អ្នកនាងនារីរ័ត្ន គន្ធា បានចេញទៅរស់នៅអាមេរិក ជាមួយស្វាមីថ្មី ជាង១០ឆ្នាំមកហើយ ដែលពេលនេះ ទទួលបានចំណងដៃស្នេហ៍កូន២នាក់ (ស្រី១) ហើយអតីតតារាសម្តែងល្បីរូបនេះ បានបើកហាងខ្មែរមួយ ដោយយកផលិតផលពីក្នុងស្រុកទៅលក់នៅទីនោះ ដូចជា ក្រមាខ្មែរ ហូល ផាមួង ជាដើម។ តាមទម្លាប់ អ្នកនាងនារីរ័ត្ន គន្ធា មកលេងស្រុក ១ឆ្នាំ ៣ដង ដើម្បីយកអីវ៉ាន់ទៅលក់នៅហាងរបស់នាង ហើយតាមព័ត៌មានថា អ្នកនាងគន្ធា នៅអាមេរិក នៅតែឆ្លៀតសម្តែងសិល្បៈជាហូរហែ ពិសេសក្នុងកម្មវិធីស្វែងរកថវិកាជួយដល់កុមារកំព្រោនៅកម្ពុជា។

អ្នកនាងនារីរ័ត្ន គន្ធា ពេលចូលរួមកម្មវិធី “CTN​ប៉ុស្តិ៍លេខ២១” របស់អ្ននាងយុគ ចិន្តា នាពេលកន្លងមក

ម្តាយនារីរ័ត្ន គន្ធា បន្ថែមទៀតថា “ពិតមែនហើយ កូនខ្ញុំនៅតែឆ្លៀតសម្តែងសិល្បៈអីចឹងនៅអាមេរិកនោះ គេអញ្ជើញតាមកម្មវិធីច្រើនឱ្យតែទាក់ទងការរកថវិកាជួយដល់មូលនិធិសប្បុរសធម៌ជួយដល់ជនក្រីក្រ និងកុមាកំព្រោនៅកម្ពុជា គឺកូនខ្ញុំទៅចូលរួមហើយ មិនដែលយកថវិកាទេ។ ពេលខ្លះ កូនខ្ញុំច្រៀងសម្តែងឈុតរឿង “ព្រះវេស្សន្តរ” រឿង “ម៉ាក់ថឺង”, “ទុំទាវ” ជាដើម ហើយគេហៅកូនខ្ញុំថា “ទាវ”, “សេដា”, “មទ្រី” តាមហ្នឹងទៅ។ ក្រៅពីសម្តែងសិល្បៈនៅអាមេរិក កូនខ្ញុំក៏ត្រូវគេហៅឱ្យទៅសម្តែងនៅឥណ្ឌា ស្រីលង្កា ជាដើម។ និយាយទៅឱ្យតែកម្មវិធីសប្បុរសធម៌ កូនខ្ញុំសម្តែងមិនដែលយកលុយទេ”។

នារីរ័ត្ន គន្ធា រស់នៅរដ្ឋអាយឡែនដ៍ សហរដ្ឋអាមេរិកនោះ ហាក់មានឱកាសចេញចូលស្រុកខ្មែរ បានច្រើនជាងអតីតតារាសម្តែងដទៃទៀត ព្រោះអ្នកនាងមកយកអីវ៉ាន់ដាក់ហាងផង ហើយអ្នកនាងបានធានាម្តាយ គឺអ្នកស្រីជួប សុវណ្ណ ទៅរស់នៅអាមេរិក៥ឆ្នាំទៅហើយ តែម្តាយគន្ធា រស់នៅអាមេរិក កន្លះឆ្នាំ ស្រុកខ្មែរ កន្លះឆ្នាំ ដោយគាត់អះអាងថា នឹកស្រុកខ្មែរ មិនអាចរស់នៅស្រុកគេរហូតទេ។

អ្នកនាងនារីរ័ត្ន គន្ធា កាលនៅប្រឡូកអាជីពសិល្បៈ

យ៉ាងណា ចំពោះការថតរឿងថ្មីរបស់អ្នកនាងនារីរ័ត្ន គន្ធា នោះ មិនដឹងថា ស្វាមីថ្មីអនុញ្ញាត ឬយ៉ាងណាឡើយ។

អ្នកស្រីជួប សុវណ្ណ បញ្ជាក់ថា “តាមដឹង ស្វាមីកូនស្រីខ្ញុំមិនប្រចណ្ឌ ឬហាមមិនឱ្យថតរឿងថ្មីនោះទេ ព្រោះបើហាមឃាត់ ម៉្លេះកូនខ្ញុំមិនអាចសម្តែងសិល្បៈនៅអាមេរិក បានជាហូរហែអីចឹងទេ! កូនខ្ញុំក៏ចង់ថតរឿងឡើងវិញមួយៗដែរ កុំឱ្យបាត់មុខយូរពេក ហើយទៅដល់អាមេរិក វិញ គេច្បាស់ជាពិភាក្សាជាមួយប្តីគេ រឿងដែលអ្នកស្រីឌី សាវ៉េត ចង់ឱ្យថតរឿងថ្មីនោះ ជាមិនខាន”…៕

RELATED ARTICLES