Wednesday, December 25, 2024
Homeតារាខ្មែរស៊ឹម សូលិកា មិន​ព្រម​ធ្វើ​ស្រី​កំណាន់​ឧកញ៉ា

ស៊ឹម សូលិកា មិន​ព្រម​ធ្វើ​ស្រី​កំណាន់​ឧកញ៉ា

ដោយមិនចង់ខូចឈ្មោះ ពិធីការិនីលេចធ្លោ ក្នុងកម្មវិធី “រាត្រីពណ៌ស្វាយ” របស់ស្ថានីយ ទូរទស្សន៍បាយ័ន សុឹម សូលិកា បានចោលលុយដុំដែលបុរសវ័យជ្រេ សម្បូរទ្រព្យ ត្រៀមឱ្យអ្នកនាងទុក ជាកាដូ ប្តូរយកស្នេហ៍។

អ្នកក្នុងរង្វង់សិល្បៈរួមការងារជាមួយសូលិកា នៅស្ថានីយទូរទស្សន៍បាយ័ន បានប្រាប់ “អង្គរធំ” ដោយសុំមិនបញ្ចោញឈ្មោះ នៅដើមខែកក្កដា ឆ្នាំ២០១៦ នេះថា អ្នកតាមល្បួងស្នេហ៍សូលិកា មានទាំងមន្ត្រីយោធានិងអ្នកជំនួញ ដែលមានងារជាឧកញ៉ាផង។ ពួកគេសម្បូរប្រាក់ ហើយចិត្តទូលាយ ដែលអាចជ្រោមជ្រែង ឱ្យខ្សែជីវិតរបស់ពិធីការិនីស្រអែមស្រស់ កាន់តែហុឺហាជាងពេលបច្ចុប្បន្ន។
ប្រភពដដែលបន្តថា ក្នុងចំណោមអ្នកតាមស្នេហ៍អ្នកនាង បុរសជាឧកញ៉ាម្នាក់ ថែមទាំងសន្យា ជួយផ្គត់ផ្គង់ការរៀនសូត្ររបស់កូនស្រី វ័យក្រមុំរបស់អ្នកនាង ឱ្យបានទៅក្រេបជញ្ជក់ ចំណេះដឹងនៅបរទេស ដូចជា អាមេរិក ឬអូស្ត្រាលី ទៀតផង។
គួរឱ្យស្តាយ សូលិកា ដ៏ស្រស់សោភា មិនចាប់អារម្មណ៍ទេ ព្រោះដឹងថា បុរសនោះមិននៅទំនេរ។ យោងតាមអ្នកជួយចាត់ចែង កម្មវិធីសិល្បៈដដែល ពិធីការិនីជើងខ្លាំងប្រចាំ ប៉ុស្តិ៍ទូរទស្សន៍នេះ ចង់បានស្នេហាពិតប្រាកដមួយ ដោយមិនចង់ ចំណាយពេលវេលា និងកម្លាំងកាយចិត្ត ប្តូរយកតំណែង ត្រឹមតែជាស្រីកំណាន់ចិត្ត របស់ បុរសណាទេ។
ប្រភពដដែលនោះនិយាយថា “ពេលនេះ គេ (សូលិកា) មានជីវភាពធូរធារដែរ ហើយនៅពេលវ័យគេកាន់តែជ្រេ ក៏គេកាន់តែប្រយ័ត្ន ព្រោះមិនអាចខកម្តង ហើយម្តងទៀតទេ។ អីចឹងគេថា បើស្រលាញ់គេ ត្រូវហ៊ានរៀបការ ឬប្រកាសទទួលយកពេញមុខមាត់ មិនមែនលួចលាក់លឹបលទេ”។

លោកអេង រីទ្ធី, សុឹម សូលិកា និងេលាកទិត ថាវរិទ្ធ
លោកអេង រិទ្ធី, សុឹម សូលិកា និងលោកទិត ថាវរិទ្ធ

មានការលើកឡើងថា ជំហរយ៉ាងរឹងមាំរបស់ពិធីការិនីរូបនេះ ទំនងជាកើតឡើង ដោយសារភាពឆ្អែតឆ្អន់នឹងស្នេហាបរាជ័យនាពេលកន្លងមក។
សូមរំលឹកថា មុនចូលប្រឡូកក្នុងពិភពសិល្បៈ កាលពីឆ្នាំ២០០២ ដោយចាប់ផ្តើមពីតួសម្តែងខារ៉ាអូខេ សុឹម សូលិកា មានស្វាមីនិងកូនស្រីម្នាក់ រស់នៅក្នុងទ្រនំស្នេហ៍ដ៏សុខក្សេមក្សាន្ត។ ២-៣ឆ្នាំក្រោយមក ស្របពេលកេរ្តិ៍ឈ្មោះរបស់នាងឡើងកូដក្រឺតៗ ភាពមិនចុះសម្រុងលេចរូបរាង រហូតបង្ខំឱ្យនាងនិងប្តី ចែកផ្លូវគ្នាដើរតាមរយៈការ លែងលះជាផ្លូវការ។
ភាពប្រេះឆានេះ ត្រូវបានគេផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងដ៏ស្អិតល្មួតរវាងស៊ឹម សូលិកា និងអតីតអគ្គនាយករង ស្ថានីយទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ ដែលជាបុរសទី១ លេចមុខមុនគេ ក្នុងជីវិតរបស់សូលិកា ក្រោយអ្នកនាងបែកប្តី។
សាច់ញាតិបង្កើតរបស់លោកថាវរិទ្ធ ធ្លាប់បានទម្លាយប្រាប់ “អង្គរធំ” នាពេលកន្លងមកថា សូលិកា និងបុរសរូបសង្ហា ជាអតីតស្វាមីរបស់ អតីតតារាបង្ហាញម៉ូដ លី ម៉ារីណា រស់នៅផ្ទះវីឡា ក្នុងបុរីទន្លេបាសាក់ ប៉ុន្តែ ពួកគេមិនចាប់អារម្មណ៍ រឿងរៀបការ។ ប្រហែល៣ឆ្នាំមុន ពួកគេត្រូវបានដឹងថា មានជម្លោះធំមួយ ដែលធ្វើឱ្យសូលិកា ចុះចេញពីផ្ទះវីឡានោះ មករស់នៅជាមួយម្តាយ របស់អ្នកនាងវិញ ដែលជាចំណុចបញ្ចប់នៃស្នេហាមិនផ្លូវការនេះ។
ប្រភពខាងលើថា ស្នេហាបរាជ័យនេះ ធ្វើឱ្យសូលិកា ខកចិត្តយ៉ាងខ្លាំង ព្រោះតែការលះបង់របស់នាង តាំងពីបែកបាក់ពីស្វាមីដំបូងមក មិនបានលទ្ធផលអ្វី។ អ្នកនាងបានត្រឹមតែហ៉ឺហាមួយពេល និងមានសេចក្តីសុខមួយរយៈប៉ុណ្ណោះ នៅពេលផ្អែមល្ហែមនឹងគ្នា។ ហេតុដូច្នេះហើយ ទើបអ្នកនាងមិនត្រូវការស្នេហាដែលដើរតាមផ្លូវបរាជ័យនេះទៀតទេ។
ក្រៅពីលេចធ្លោក្នុងឈុតឆាក ស្នេហានៃជីវិតពិត បន្តិចទៀត សូលិកា នឹងកាន់តែល្បីល្បាញថែមទៀត តាមរយៈការវិលរកឆ្នាំងចាស់ គឺអាជីពដែល នាងធ្លាប់ល្បីល្បាញពេលសម្តែងជាតួឯករឿង “នេសាទក្រពើ” ជាមួយលោកព្រាប សុវត្ថិ ដោយ ពេលនេះនាងបានចូលរួមសម្តែងក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលជាភាពយន្តខ្នាតខ្លីទី២ របស់អ្នកនាង។ សូលិកា ថា ការរួមសម្តែងលើកនេះ អាចជាការសម្តែងចុងក្រោយ ហើយអ្នកនាង នឹងបន្តផ្តោតលើការងារជាពិធីការិនី។ សូលិកា មិននិយាយពីរឿងស្នេហាទេ…៕                                                                             ស្រីម៉ៅ

RELATED ARTICLES