Friday, April 26, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ប្រកាស​ប្រែ​ក្លាយ​ការ​ឈឺផ្សា ទៅ​ជា​ការ​ផ្សះ​ផ្សា​ជាតិ

លោក​កឹម សុខា ប្រកាស​ប្រែ​ក្លាយ​ការ​ឈឺផ្សា ទៅ​ជា​ការ​ផ្សះ​ផ្សា​ជាតិ

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកកឹម សុខា ដែលកំពុងបន្តសម្ងំនៅក្នុង ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ មិនហ៊ានចេញក្រៅ ដោយសារខ្លាចមានការ ចាប់ខ្លួន បន្ទាប់ពីលោកត្រូវបានតុលាការចោទ ប្រកាន់ពីបទល្មើសជាក់ស្តែង “បដិសេធក្នុង ការចូលខ្លួន” នោះបានប្រកាសថា លោកសូម ប្រែក្លាយការឈឺផ្សា ទៅជាការផ្សះផ្សាជាតិ ក្នុងឱកាសខួប៤ឆ្នាំ នៃការបង្កើតគណបក្ស សង្គ្រោះជាតិ។

លោកកឹម សុខា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ថា “ខ្ញុំបានវាយតម្លៃថា រយៈពេល ៤ឆ្នាំកន្លងមកនេះ យើងធ្វើដំណើរតាមផ្លូវត្រឹម ត្រូវហើយ។ ដូច្នេះខ្ញុំសូមឱ្យសកម្មជន ថ្នាក់- ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ បន្ត ដំណើរនេះតទៅមុខទៀត រហូតដល់គោលដៅ របស់យើង គឺ “ការផ្លាស់ប្តូរជាវិជ្ជមាន”។

ខ្ញុំសូមប្រែក្លាយការឈឺផ្សានេះ ឱ្យទៅជា “ការផ្សះផ្សាជាតិ”។

Ley 001 (2)

ខ្ញុំ កឹម សុខា ក្នុងនាមប្រធានស្តីទីគណបក្ស បានចូលរួមជាអធិបតីក្នុងពិធី “ខួបលើក ទី៤ ថ្ងៃបង្កើតគណបក្សសង្គ្រោះជាតិ (១៧ កក្កដា ២០១២-១៧ កក្កដា ២០១៦)” ដែល បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ និងមានការចូលរួមពីសមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ស្រុក- ខណ្ឌ រាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។

គណបក្សសង្គ្រោះជាតិ កំណត់យកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១២ គឺជាថ្ងៃដែលថ្នាក់ ដឹកនាំគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ រួម ជាថ្ងៃកំណើតគណបក្ស”។

គួរបញ្ជាក់ថា ក្រោយពីការរួមបញ្ចូលគ្នា រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទៅជាគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១២ មក គណបក្សនេះបានទទួលការគាំទ្រច្រើន ជាងកាលនៅជាគណបក្សពីរផ្សេងគ្នា ដោយជាលទ្ធផលក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សនេះ ទទួលកៅអីនៅរដ្ឋសភា ចំនួន៥៥ លើកៅអី សរុប១២៣ ហើយគណបក្សប្រឆាំងនេះ សង្ឃឹម បានកៅអីច្រើនជាងនេះ រហូតឈ្នះឆ្នោត បាន ដឹកនាំប្រទេសនៅអាណត្តិក្រោយ ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ គណបក្សនេះ ក៏បានជួបនូវបញ្ហា មួយចំនួនផងដែរ ដោយប្រធានគណបក្សកំពុង និរទេសខ្លួន ទៅក្រៅប្រទេស គេចពីការចាប់ ខ្លួន និងអនុប្រធានគណបក្សនេះ កំពុងប្រឈម នឹងចំណាត់ការផ្លូវច្បាប់របស់តុលាការ និងត្រូវបាន តុលាការចេញដីកាសម្រេចដាក់ឱ្យស្ថិតក្រោមការ ត្រួតពិនិត្យរបស់តុលាការ ដោយហាមចេញទៅ ក្រៅប្រទេស។ ចំណែកសកម្មជន និងតំណាងរាស្ត្រគណបក្សមួយចំនួនទៀត កំពុងជាប់ឃុំ និងខ្លះកំពុងជាប់បណ្តឹងនៅតុលាការដូចគ្នាដែរ។

សម្រាប់លោកកឹម សុខា ក្នុងការបន្តស្នាក់នៅទីស្នាក់ការកណ្តាលគណបក្ស ក្រៅពីជួប សំណេះសំណាលជាមួយសកម្មជនប្រជាពលរដ្ឋ គាំទ្រមកពីតាមបណ្តាខេត្តនានា លោកក៏ទទួល ជួបពិភាក្សាការងារជាមួយសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់។

ក្នុងនោះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ លោកកឹម សុខា បានទទួលជួបលោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ។ នៅក្នុងជំនួបនោះ លោកកឹម សុខា បានបញ្ជាក់ថា បានពិភាក្សាអំពីស្ថានការណ៍ នយោបាយបច្ចុប្បន្ន។

ទោះជាស្ថិតក្នុងស្ថានភាពដូចពស់ដាច់ ក្បាលយ៉ាងនេះក្តី ក៏មេបក្សប្រឆាំងនេះ នៅ តែមានសុទិដ្ឋិនិយមថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ឈានទៅកាន់អំណាច ដើម្បីឱ្យមានការផ្លាស់ ប្តូរជាវិជ្ជមាន។ ខណៈលោកសម រង្ស៊ី ដែល ប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ នោះ អះអាងបញ្ជាក់ថា នឹងបានវិលចូលស្រុក វិញ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ ទោះបី ត្រូវអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បញ្ជាក់ថា លោកសម រង្ស៊ី វិលចូលស្រុក មានតែចូលគុកសិនក៏ដោយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES