Monday, May 20, 2024
Homeតារាខ្មែររឿង “មោគ្គល្លាន” ត្រៀមចេញថត ដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥

រឿង “មោគ្គល្លាន” ត្រៀមចេញថត ដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥

នៅព្រឹកថ្ងៃទី២៦ ឧសភា នេះ នៅសណ្ឋាគារសូហ្វីតែល មានព្រះសង្ឃជាច្រើនអង្គបានចូលរួម កម្មវិធីធម្មយាត្រា៥ប្រទេស តាមគន្លងព្រះអរិយសង្ឃនៃអនុតំបន់មហាទន្លេមេគង្គ ក្រោមអធិបតីភាពសម្តេចព្រះសង្ឃរាជទេព វង្ស ឯកឧត្តមហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តមហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហព័ន្ធយុវជនកម្ពុជា រួមទាំង លោក Supachai Verrapuchong នាយកប៉ុស្តិ៍លេខ៥ និងជាម្ចាស់សណ្ឋាគាសូហ្វីតែល និងបណ្តាស្ថាតទូត និងអ្នកតំណាងសាសនាជាច្រើនទៀតបានចូលរួមយ៉ាងច្រើនកុះករផងដែរ។

សម្តេចព្រះសង្ឃរាជទេព វង្ស

 

បើតាមជំនួយការលោក Supachai Verrapuchong នាយកប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា កម្មវិធីធម្មយាត្រា៥ទឹកដី តាមគន្លងព្រះអរិយសង្ឃនៃអនុតំបន់មហាទន្លេមេគង្គ ដោយបាននិមន្តព្រះសង្ឃមកពី៥ប្រទេស នៃអនុតំបន់ទន្លេមេគង្គ រួមមានព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សារធាណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ធម្មយាត្រាតាមផ្លូវតាមប្រទេសនៃតំបន់ទន្លេមេគង្គ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ ដើម្បីធ្វើការផ្សព្វផ្សាយព្រះធម៌ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ រួមទាំងការរៀបចំកម្មវិធីធ្វើបុណ្យសូត្រមន្តដាក់បាត្រ និងដាំដើមពោធិព្រឹក្ស ដែលបាននាំយកមកពីប្រទេសឥណ្ឌា នៅអំឡុងពេលធ្វើដំណើរដើម្បីជាការលើកស្ទួយព្រះពុទ្ធសាសនា និងការរួបរួមគ្នាជាធ្លុងមួយក្នុងចំណោមប្រទេសនៃអនុតំបន់មហាទន្លេមេគង្គ  ទាំង៥ប្រទេស តាមរយៈការសហការខាងសាសនា និងវប្បធម៌។ កម្មវិធីនេះប្រារឰឡើងដើម្បីលើកស្ទួយការអនុវត្តព្រះធម៌របស់ព្រះពុទ្ធនៅក្នុងជីវិតរស់នៅនិងការអនុវត្តការងារ សិក្សាស្វែងយល់អំពីជីវិតនិងសមិទ្ធផលនានារបស់ព្រះអរិយសង្ឃនៃអនុតំបន់មហាទន្លេមេគង្គ។ ផ្សារភ្ជាប់ទំនាក់ទំនងផ្សព្វផ្សាយ និងថែរក្សាព្រះពុទ្ធសាសនាទាំងអស់គ្នា សម្រាប់ប្រទេសនៃអនុតំបន់មហាទន្លេមេគង្គ។ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌តាម គោលនយោបាយរបស់អាស៊ាន ឱ្យមានសាមគ្គីភាពចែករំលែកចំណេះដឹងផ្នែកវប្បធម៌ និងប្រពៃណី។

 

ឯកឧត្តមហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស បានឱ្យដឹងថា “ខ្ញុំសូមគាំទ្រចំពោះការបង្កើតកម្មវិធីធម្មយាត្រា៥ទឹកដីនេះឡើង ព្រោះធ្វើឱ្យមនុស្សយើងកាន់តែប្រព្រឹត្តនូវព្រះធម៌ ហើយមានការសន្តោសប្រណី។ ដូច្នេះហើយបានជាប្រជាជននៅប្រទេសកម្ពុជាយើង ជាង៩០% ដែលកាន់ព្រះពុទ្ធសាសនា តែយើងអនុញ្ញាតឱ្យសាសនាគ្រិស្ត ព្រមទាំងមូស្លីម មានសិទ្ធិសេរីភាពកាន់សាសនារបស់ខ្លួនដូចគ្នាទាំងអស់។ ធម៌ព្រះពុទ្ធបង្រៀនយើងឱ្យមានការសណ្តោសប្រណីឱ្យមានការគិតពីសន្តិភាព ដូច្នេះ ធម្មយាត្រានេះនឹងឱ្យប្រជាជនយើងទាំងអស់ គ្មានអ្វីក្រៅតែពីការរស់នៅជិតខាងគ្នាដោយសន្តិភាពមិត្តភាព និងសហបត្រិបត្តិការគ្នា”។

លោក Supachai Verrapuchong និងឯកឧត្តមហ៊ុន ម៉ានី

 

កម្មវិធីធម្មយាត្រា៥ទឹកដីនេះ ក៏ជាគំនិតផ្តួចផ្តើមរបស់លោក Supachai Verapuchong អគ្គនាយកប៉ុស្តិ៍លេខ៥ផងដែរ ហើយមានការចូលរួមសុទ្ធតែជាមហាសេដ្ឋីនៅប្រទេសទាំង៥ ក្នុងតំបន់មហាទន្លេមេគង្គ ហើយក្រោយពីបញ្ចប់កម្មវិធីតាមបែបសាសនានៅសណ្ឋាគារសូហ្វីតែល នេះ ហើយនៅថ្ងៃទី២៧ ឧសភា ក្បួនធម្មយាត្រានឹងចេញដំណើរទៅខេត្តកំពត និងបន្តទៅប្រទេសវៀតណាម ទៀត។ គេចាប់អារម្មណ៍ថា នៅព្រឹកថ្ងៃទី២៦ ឧសភា ដែលធម្មយាត្រាប្រារឰនៅសណ្ឋាគារសូហ្វីតែល នេះក៏មានវត្តមានលោកស្រីថុង ស៊ីវទៀង ថៅកែផលិតកម្មចក្រវាឡពេជ្រ ភាពយន្ត ចូលរួមផងដែរ ហើយលោកស្រីបានគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់ លោក Supa​chai Verapuchong ថៅកែប៉ុស្តិ៍លេខ៥ នេះដែរថា ជាគំរូដ៏ល្អមួយដើម្បីឱ្យក្មេងៗជំនាន់ក្រោយៗ គោរពសាសនាព្រះពុទ្ធ គឺធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ហើយដើម្បីលើកស្ទួយសាសនាព្រះពុទ្ធយើងនេះផលិតកម្មចក្រវាឡពេជ្រ ក៏ត្រៀមធ្វើរឿងខ្នាតធំ១ទាក់ទងសាសនាជាការលើកស្ទួយដល់ព្រះពុទ្ធសាសនារបស់យើងដែរ។

ឯកឧត្តមហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស

ថៅកែផលិតកម្មចក្រវាឡពេជ្រភាពយន្ត អះអាងថា “ខ្ញុំគាំទ្រថៅកែប៉ុស្តិ៍លេខ៥ ដែលគាត់បានធ្វើកម្មវិធីនេះឡើងដើម្បីពង្រឹងសាសនាព្រះពុទ្ធ ឱ្យបរទេសកាន់តែស្គាល់យល់ដឹងពីសាសនាព្រះពុទ្ធ ហើយថៅកែហ្នឹងកាលពីឆ្នាំមុន គាត់ចំណាយអស់២លានដុល្លារ ដើម្បីធ្វើកម្មវិធីលើកតម្កើងសាសនានេះដែរ។ ក្រៅពីសិល្បៈ ខ្ញុំក៏បានធ្វើបុណ្យជាច្រើនមកហើយនៅតាមខេត្ត ហើយពេលឆាប់ៗនេះ ផលិតកម្មចក្រវាឡពេជ្រ ភាពយន្ត ក៏ត្រៀមផលិតរឿង១ ដើម្បីលើកតម្កើងដល់សាសនាព្រះពុទ្ធយើងដែរ គឺរឿង “មោគ្គល្លាន” គឺជារឿងព្រះពុទ្ធសាសនាហ្នឹង តែម្តង។ ខ្ញុំនឹងធ្វើកុងត្រាជាមួយប៉ុស្តិ៍លេខ៥ ហ្នឹង ហើយរឿងហ្នឹងក៏ដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ដែរ ព្រោះខ្ញុំបាននិយាយជាមួយថៅកែប៉ុស្តិ៍លេខ៥ហ្នឹងហើយ គាត់ទទួលយករឿងយើង។ រឿងនេះគឺពាក់ព័ន្ធនិងសាសនាមានបាបបុណ្យ ប្រេត នរក និងព្រះធរណីស្រូប ជាដើម ដើម្បីបង្ហាញមនុស្សឱ្យស្គាល់បាបបុណ្យ កុំភ្លើតភ្លើនផង។ ខ្ញុំគិតថា យើងផលិតរឿងហ្នឹងគឺសំខាន់ណាស់ ព្រោះគ្រាន់តែជាន់ជើងគ្នាក៏វ៉ៃគ្នាដែរ ឥឡូវនេះយ៉ាប់ណាស់ អីចឹងយើងត្រូវធ្វើរឿងហ្នឹងឱ្យគេដឹងពីបុណ្យបាបខ្លះដើម្បីឱ្យក្មេងយល់ថា តើការធ្វើម៉េចបានបុណ្យ ធ្វើម៉េចបានបាប និងធ្វើម៉េចចុះនរក គឺរឿងហ្នឹងធ្វើឱ្យមនុស្សដែលចូលចិត្តធ្វើអាក្រក់ខ្លាចរាងចាលតែម្តង។ ក្មេងឥឡូវមិនស្គាល់សាសនាទេ តែមានលោកសង្ឃខ្លះមិនគួរឱ្យគោរពមែន និងយើងត្រូវគិតថា លោកណាដែលល្អ គឺយើងត្រូវតែគោរពបុណ្យបាប គឺមានពិតប្រាកដ កុំច្រឡំថាអត់មានអីខុស ហើយរឿង “មោគ្គល្លាន” នឹងឆ្លុះបញ្ចាំងច្រើនណាស់ពីសាសនាព្រះពុទ្ធ មានបាបកម្ម៥០០ជាន់ទៀតផង។ ខ្ញុំដឹងថា លោកថៅកែប៉ុស្តិ៍លេខ៥ គាត់ចូលចិត្តធ្វើបុណ្យណាស់ ទើបខ្ញុំពិភាក្សាជាមួយគាត់ ផលិតរឿង“មោគ្គល្លាន” នេះឡើង ហើយគាត់បានឯកភាព។ មិនយូរទេរឿងនេះនឹងចាប់ផ្តើមថតឆាប់ៗនេះហើយ ដែលនឹងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ ខាងមុខនេះ”៕

លោកស្រីថុង ស៊ីវទៀង ថៅកែផលិតកម្មចក្រវាឡពេជ្រ ភាពយន្ត
RELATED ARTICLES