ខុសពីការផ្ដល់សម្ភាសន៍ដែលថាភាពយន្តរឿង «នាងនាថបាត់ដំបង» នឹងមានតែរឿងភាគសម្រាប់ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ពេលនេះ តំណាងទូរទស្សន៍ថៃ បានអះអាងថា ដោយសារតែខ្សែរឿងនេះចំណាយទុនថតអស់ច្រើន ហើយផលិតករដែលជាអ្នកដឹកនាំសម្ដែង ក៏សុទ្ធតែជាផលិតករថៃទៀត ទើបសម្រេចដាក់បញ្ចាំងជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។
តំណាងប៉ុស្ដិ៍លេខ៥ និយាយថា ខ្លួននឹងកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រតាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគ នៅលើកញ្ចក់ទូរទស្សន៍។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថនៅបាត់ដំបង ដោយខាងផលិតករថៃ បានអះអាងថា គឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថ ដែលធ្លាប់ផលិតកន្លងមក។ ជាក់ស្ដែងសូម្បីតែ Trailer ដែលបានបង្ហោះឡើង ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ អញ្ចឹងហើយជាមុខមាត់ និងជាក្រេឌីតធំមួយរបស់កញ្ញានី មុន្នីនាថ ដែលបានសម្ដែងរឿងនេះ។
ផលិតករប៉ុស្ដិ៍លេខ៥ បានអះអាងថា ខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ ដោយការដាក់បញ្ចាំងលក់សំបុត្រនឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា៕