Monday, November 25, 2024
Homeតារាខ្មែរអុិត សេដ្ឋា ជំងឺធ្វើទុក្ខ ត្រូវបញ្ជូនទៅសង្គ្រោះ ខណៈកំពុងថតកម្មវិធី

អុិត សេដ្ឋា ជំងឺធ្វើទុក្ខ ត្រូវបញ្ជូនទៅសង្គ្រោះ ខណៈកំពុងថតកម្មវិធី

ភ្នំពេញ ៖ លោកអ៊ិត សេដ្ឋា ពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះបោះសំឡេង បានធ្លាក់ខ្លួនឈឺជាទំងន់ និងកើតមានអាការៈធ្វើទុក្ខភ្លាមៗ ខណៈដែលលោកកំពុងថតកម្មវិធី “មន្តស្នេហ៍សំនៀង” កាលពីរសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងបរិវេណស្ថានីយទូរទស្សន៍ CTN ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

បន្ទាប់ពីអាការៈជំងឺធ្វើទុក្ខបន្ទាន់បែបនេះ លោកអ៊ិត សេដ្ឋា ត្រូវបានក្រុមការងារ រួមនិងក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែយ៉ាងណាក្តី កម្មវិធី “មន្តស្នេហ៍សំនៀង” ដែលជាកម្មវិធីបន្តផ្ទាល់ នៅតែបន្តដំណើរការជាធម្មតា ដោយមាន ពិធីការិនីតែម្នាក់ប៉ុណ្ណោះ។

តារាចម្រៀងហេង ប៊ុនលាភ ដែលត្រូវបានអញ្ជើញជាតារាកិត្តិយស នៅក្នុងកម្មវិធី “មន្តស្នេហ៍សំនៀង” របស់ស្ថានីយទូរទស្សន៍ CTN នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧ បានសរសេរបង្ហោះពីស្ថានភាពជំងឺរបស់លោកអ៊ិត សេដ្ឋា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

លោកហេង ប៊ុនលាភ បានសរសេរបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា “ថ្ងៃនេះ មកទូរទស្សន៍ CTN បានជួបបងអ៊ិត សេដ្ឋា គាត់បានធ្លាក់ខ្លួនឈឺ ស្គមស្គាំង និងប៉ោងពោះ… ឥឡូវប្រឈមនឹងអាយុជីវិត”។

ជាមួយនឹងសំណេរខាងលើនេះ លោកហេង ប៊ុនលាភ បានបង្ហោះរូបភាពចំនួន៥សន្លឹក ដែលបង្ហាញពីស្ថានភាពរបស់លោកអ៊ិត សេដ្ឋា ដែលមានទឹកមុខស្លេកស្លាំង រូបរាងស្គម ពោះប៉ោង និងដើរទប់ខ្លួនមិនរួច ត្រូវការអ្នកជួយគ្រាហ៍ទៀតផង។

យ៉ាងណា លោកហេង ប៊ុនលាភ មិនបានបញ្ជាក់ឱ្យដឹងថា តើលោកអ៊ិត សេដ្ឋា ដែលជាពិធីករទូរទស្សន៍ដ៏ឆ្នើម និងជាដៃគូរបស់អ្នកនាងយុគ ចិន្តា តាំងពីនៅបម្រើការក្នុងស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស៊្តិ៍លេខ៥នោះ មានជំងឺអ្វីឱ្យពិតប្រាកដនោះទេ តែតាមប្រភពខ្លះថា លោកអ៊ិត សេដ្ឋា មានជំងឺថ្លើម និងឈានទៅដល់កើតទាចទឹក។

រហូតមកដល់ពេលនះ មិនមានប្រភពព័ត៌មានណាមួយ អាចបង្ហើបឱ្យដឹងពីស្ថានភាពជំងឺរបស់លោកអ៊ិត សេដ្ឋា ស្ថិតក្នុងកម្រិតណានោះទេ ហើយក៏មិនដឹងថាលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យណានោះដែរ៕

RELATED ARTICLES