Monday, November 25, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា តួឯក "បិសាចគួរឲ្យស្រលាញ់"

រ៉េត ស៊ូហ្សាណា តួឯក “បិសាចគួរឲ្យស្រលាញ់”

រ៉េត ស៊ូហ្សាណា ដែលធ្លាប់រងការរិះគន់នៅលើបណ្តាញសង្គមថា នាងជាតារាទើបល្បី១បទ តែវ៉ៃប្ញកខ្លាំង ហើយច្រៀងសំឡេងមិនសូវច្បាស់នោះ ស្រាប់តែផលិតកម្មរស្មីហង្សមាស បានលេងមួយក្បាច់ ដើម្បីឱ្យស្រីក្មេងរូបនេះឆាប់ល្បីសុសសាយថែមទៀតនោះ គឺការផ្តល់តំណែងជាតួឯកក្នុងរឿងថ្មីរបស់ប៉ុស្តិ៍ហង្សមាស រឿង “បិសាចគួរឱ្យស្រលាញ់” ដែលហ្សាណា ត្រូវចាប់ដៃសម្តែងជាមួយតារាចម្រៀងក្រោមដំបូលតែមួយ លោក Step ម្ចាស់បទ “សុំប៉ះ”។

ប្រភពបានឱ្យដឹងថា នៅឆ្នាំ២០១៧នេះ ផលិតកម្មរស្មីហង្សមាស បានងាកទៅពង្រឹងទូរទស្សន៍របស់ខ្លួន ដោយសម្រុកការថតភាពយន្តខ្មែរ ហើយមានដល់ទៅ៣ក្រុមផ្សេងគ្នាទៀតផង ដែលក្នុងនោះ តារាសម្តែងដែលហង្សមាស លើកឱ្យធ្វើជាតួឯក គឺជាតារាចម្រៀងនៅក្រោមដំបូលផលិតកម្មរបស់ខ្លួនតែម្តង។

រ៉េត ស៊ូហ្សាណា និងលោក Step

ដោយឡែករឿង “បិសាចគួរឱ្យស្រលាញ់” ក្រៅពីមានរ៉េត ស៊ូហ្សាណា ជាតួឯកស្រី លោក Step ជាតួឯកប្រុសនោះ រឿងនេះប្រជុំទៅដោយតារាល្បីៗជាច្រើនដួងទៀត មានដូចជា អ្នកនាងខាត់ សុឃីម, យាយយ៉យ , សាន ស្រីឡៃ , ប៉ាច គីមមួយ, សួង សាខារ៉ានីត, ពេជ្រ សោភា , វង្ស តារារតនា, ឆឹម សក្កដា, កូនប្រុសនាយពែកមី (តួ) ជាដើម។ ដោយឡែកតួបិសាចក្នុងរឿងនេះ គឺជាម្ចាស់បទ “ស៊ូឃ្លាត” វង្ស ដារ៉ារតនា តែម្តង ដែលហង្សមាស តម្រូវឱ្យលេងជាតួដើរបន្លាចស្រីស្អាតរត់បាតជើងឡើងសព្រាត។

លោកអ៊ឹង សុខលាភ អ្នកចាត់ការទូទៅផលិតកម្មរស្មីហង្សមាស មិនអាចសុំការបញ្ជាក់បានឡើយ ព្រោះលោកមិនលើកទូរស័ព្ទទេ។

ដោយឡែកតារាចម្រៀង និងសម្តែងទាំងអស់ក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” ដែលត្រូវអ្នកយកព័ត៌មានយើងជជីកសួរនាពេលថ្មីៗនេះ គ្មានតារារូបណាហ៊ាននិយាយឡើយ សូម្បីតែចំណងជើងរឿងក៏មិនប្រាប់ដែរ ដោយពួកគេនិយាយដូចៗគ្នាថា ហង្សមាស ដាក់សម្ពាធពួកគេ បើតារាណាហ៊ានតែនិយាយប្រាប់អ្នកកាសែតថា ថតរឿងឱ្យហង្សមាស ជាតួអី ចំណងជើងអី អ្នកដឹកនាំជាអ្នកណានោះ គឺនឹងត្រូវផលិតកម្មព្រមាន ឬដកចេញពីការសម្តែងតែម្តង ទើបធ្វើឱ្យគ្រប់តារាៗបាក់ស្បាត ដោយសារតែផលិតកម្មហង្សមាស បានរៀបចំយុទ្ធសាស្ត្រដ៏ចម្លែកជាងគេនេះ ខណៈដែលផលិតកម្មនានា មុននឹងថត បានហៅអ្នកកាសែតទៅចូលរួមពិធីក្រុងពលី និងចូលរួមសម្ពោធគ្រប់ៗរឿង។

រ៉េត ស៊ូហ្សាណា និងឱក សុគន្ធកញ្ញា

បុគ្គលិកម្នាក់នៅហង្សមាស បានបង្ហើបដោយសុំមិនបញ្ចោញឈ្មោះថា នេះមិនមែនជាលើកទី១ឡើយ ដែលផលិតកម្មរស្មីហង្សមាស តែងតែមិនចង់ឱ្យអ្នកណាបានដឹងមុនថា តារាណាចេញឬចូលហង្សមាស មុនបទចម្រៀងចេញឡើយ។ ដោយឡែកពេលនេះ រឹតតែមហាចម្លែកជាងគេទៅទៀត គឺសូម្បីតែតារាទាំងអស់ ដែលថតរឿងឱ្យហង្សមាស កុំថាឡើយហ៊ានផ្តល់បទសម្ភសន៍ជាមួយអ្នកកាសែតនោះ គឺសូម្បីតែហ៊ានបង្ហោះរូប១ប៉ុស្តិ៍ពីសកម្មភាពកំពុងថតរឿងនោះ ក៏ប្រឈមការបាត់បង់តំណែងភ្លាមៗដែរ។

ដោយឡែកស្រីស្អាតធ្មេញច្រពើស រ៉េត ស៊ូហ្សាណា ដែលបរាជ័យក្នុងការលើកពានរដូវកាលទី១ ឆ្នាំ២០១៦ ព្រោះតែពានធ្លាក់ក្នុងកណ្តាប់ដៃថែល ថៃ នោះ ប្រាកដជាឡើងកូដថែមទៀតជាមិនខាន នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ចាប់ផ្តើមបើកឆាកដំបូងភ្លាម គឺដាក់រឿង “បិសាចគួរឱ្យស្រលាញ់” ដែលមានរូបនាងជាតួឯកស្រីនោះ។

 

ទស្សនិកជននិយាយថា ស៊ូហ្សាណា នឹងឡើងតម្លៃខ្លួនក្រឺតៗជាមិនខាន នៅពេលដែលភាពយន្តជាស្នាដៃដំបូងរបស់នាងជាលើកទី១ ត្រូវបានដាក់បញ្ចាំងនោះ ខណៈដែលពេលនេះតម្លៃខ្លួននាង ច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារទៅហើយ។

តាមប្រភពពីហង្សមាស បានឱ្យដឹងដែរ រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាស្រីសំខាន់របស់ផលិតកម្មរស្មីហង្សមាស ដែលនឹងត្រូវលើកស្ទួយនាពេលខាងមុខនេះ បន្ទាប់ពីការចាកចេញរបស់អតីតតារាផលិតកម្មធំនេះ២រូប គឺយក់ ថិតរដ្ឋា និងឈិត សុវណ្ណបញ្ញា ទៅជ្រកនៅទ្រនំថោន នោះ។

រ៉េត ស៊ូហ្សាណា វ័យ១៨ឆ្នាំ ច្រៀងចម្រៀងជាភាសាអង់គ្លេសបានល្អជាងបទខ្មែរ ហើយនៅពេលដែលនាងឈរជើងនៅផលិតកម្មរស្មីហង្សមាស ត្រឹមតែមួយរយៈពេលខ្លីនេះ ធ្វើឱ្យតារាចម្រៀងមួយចំនួន ដែលចូលចិត្តច្រៀងបទជាភាសាអង់គ្លេស នោះ ហាក់ចាញ់ប្រៀបហ្សាណា ដូចជា សុខ សីឡាលីន, វី ឌីណែត ជាដើម ព្រោះតែហ្សាណា មានរូបសម្រស់ស្រស់ស្អាតជាង។ ប៉ុន្តែ អ្នកចម្រៀងវ័យក្មេងរូបនេះ ប្រហែលជាមិនអាចឈរក្នុងតំណែងជាតារាស្រីឈានមុខគេរបស់ផលិតកម្មរស្មីហង្សមាស ដោយប្រជែងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានឡើយ ដោយសារតែអ្នកជំនាញសិល្បៈបានឱ្យដឹងថា ហ្សាណា មានការប្រើប្រាស់សំឡេងច្រៀងបទជាភាសាខ្មែរ ដោយអក្ខរាវិរុទ្ធមិនសូវច្បាស់ឡើយ ហើយដង្ហើមច្រៀងនៅខ្លី។

ទោះជាយ៉ាងណា រយៈពេលជាង១ឆ្នាំ ដែលស៊ូហ្សាណា ជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាសនេះ អ្នកចម្រៀងវ័យក្មេងដែលលេចឮថា មានមន្ត្រីធំៗជាច្រើនគ្រឺតក្នាញ់រូបសម្រស់នាងនេះ មិនទាន់ប៉ះរឿងអាស្រូវស្នេហាឡើយ ព្រោះតាមគ្រប់កម្មវិធីដែលនាងសម្តែងសិល្បៈ ហ្សាណា តែងមានឪពុកម្តាយនាងតាមការពារសុវត្ថិភាពជាប់ជានិច្ច៕

RELATED ARTICLES