Thursday, May 16, 2024
Homeតារាខ្មែរនី មុនីនាថ ព្រឺឆ្អឹងខ្នង ពេលក្រុមការងារប្រាប់ថា ឃើញខ្មោចរត់កាត់ ពេលកំពុងថត

នី មុនីនាថ ព្រឺឆ្អឹងខ្នង ពេលក្រុមការងារប្រាប់ថា ឃើញខ្មោចរត់កាត់ ពេលកំពុងថត

កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានដាក់សម្ពោធភាពយន្ដខ្នាតធំរបស់ខ្លួន រឿង ”នាងនាថបាត់ដំបង” នៅផ្សារទំនើប Aeon mall រោងកុន Major Cinepex ដោយមានតារាល្បីៗជាច្រើនកុះករចូលរួមទស្សនា។

ខ្សែភាពយន្ដដែលមានជនជាតិថៃនិងខ្មែរ សហការគ្នាផលិតនេះ មានរយៈពេលជាង៣ខែ ហើយតួឯកស្រី គឺកញ្ញានី មុនីនាថ ចំណែកតួឯកប្រុស គឺបុរសចង្កាព្រែក លោកញ៉ែម សុគន្ធ រួមជាមួយតារាល្បីៗជាច្រើនផ្សេងទៀតដែរ ដែលផ្ទៃរឿងទាំងមូលបង្ហាញពីឈុតឆាកលងបន្លាចភ័យរន្ធត់និងលាយឡំដោយកំប្លែងផងដែរ។

លោកញ៉ែម សុគន្ធ និងនី មុនីនាថ

លោកស៊ីន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យកម្មវិធីផ្សាយរបស់ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា រឿង ”នាងនាថបាត់ដំបង” នេះ ទូរទស្សន៍ដាក់បញ្ចាំងជារឿងដុំនៅតាមរោងភាពយន្ដសិន មុននឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នាពេលខាងមុខនេះ។

លោកសុផាត អះអាងថា ”រឿង ”នាងនាថបាត់ដំបង” មានគ្រប់រសជាតិ បើប្រៀបធៀបរឿង ”នាងនាថ” ដែលធ្លាប់ផលិតកន្លងមក។ យើងផលិតរឿងនេះដោយមានការសម្រិតសម្រាំងខ្លាំងណាស់ ហើយយើងបានចំណាយថវិកាច្រើនណាស់ក្នុងការថតរឿងនេះ តែខ្ញុំសូមមិនបញ្ជាក់ថា ប៉ុន្មានទេ។ នេះជារឿងខ្មែរទី៧ហើយ ដែលស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានផលិតដើម្បីលើកស្ទួយភាពយន្ដភាពយន្ដខ្មែរ តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់លើកស្ទួយភាពយន្ដខ្មែរ ហើយតម្រូវឲ្យរឿងខ្មែរទាំងអស់ ដាក់បញ្ចាំងនៅម៉ោងមាស (ម៉ោង៧ដល់ម៉ោង៩យប់) គ្រប់ប៉ុស្ដិ៍ទាំងអស់នោះ”។

នី មុនីនាថ ដែលជាតួឯកស្រីក្នុងរឿង ”នាងនាថបាត់ដំបង” និយាយដោយអារម្មណ៍រីករាយថា នាងពិតជាសប្បាយចិត្តណាស់ដែលបានសម្ដែងជាតួឯកក្នុងរឿង ”នាងនាថបាត់ដំបង” ដែលជាភាពយន្ដខ្នាតធំរបស់ប៉ុស្ដិ៍លេខ៥នេះ។

មុនីនាថ ដែលធ្លាប់ត្រូវព្រលឹងនាងនាថ មកបង្ហាញមុនពេលថតរឿងនេះ ថ្លែងថា ”រាល់ទីតាំងដែលយើងបានទៅថតកន្លែងណា គឺយើងបានអុជធូបសុំកន្លែងទាំងអស់ សូម្បីតែខ្ញុំគេងក្នុងថ្នូរហ្នឹង ក៏ខ្ញុំត្រូវអុជធូបសុំដែរ ហើយនិយាយថា មិនបាច់ឲ្យខ្ញុំឃើញទៀតទេ ខ្ញុំអត់ចង់ឃើញទៀតទេ តែសម្រាប់ក្រុមការងារផ្សេង ក៏គាត់ឃើញ តែគាត់ហ៊ាននិយាយទេ ទាល់តែថតចប់ ទើបគាត់ប្រាប់យើង។ ខ្ញុំប្រឹងសម្ដែងរឿងនេះឲ្យបានល្អ ព្រោះខ្លាចចាញ់បងញ៉ែម សុគន្ធ ព្រោះខ្ញុំស្រលាញ់ការសម្ដែងរបស់គាត់ ប្រសិនបើយើងលេងមិនល្អ នឹងធ្វើឲ្យតួប្រុសធ្លាក់ទឹកដៃក្នុងការសម្ដែង អីចឹងបើខ្ញុំសម្តែងដល់អារម្មណ៍ តួប្រុសក៍ដល់ដែរ តែបើយើងសម្ដែងអន់អារម្មណ៍ គាត់ក៍ស្រាលតាមហ្នឹងដែរ”។

ដោយឡែក លោកញ៉ែម សុគន្ធ ជាតួឯកប្រុស បានបន្ថែមថា ”ប្រសិនបើបងៗអ្នកសារព័ត៌មានបានទៅឃើញដល់ទីតាំងដោយផ្ទាល់ ដែលជាឈុតឆាកមុនីនាថ ត្រូវដេកក្នុងថ្នូរនោះវិញ គឺបងៗពិតជាតក់ស្លុតជាមួយនិងទិដ្ឋភាព តែនាងអាចធ្វើបាន ហើយក្រោយពេលដែលនាងនាថ ថតចប់ អ្នកនៅទីនោះ គេប្រាប់ថា កន្លែងហ្នឹងហើយជាកន្លែងដែលព្រៃស្ងាត់បំផុត និងតែងតែមានស្រមោលពិសេស ក្រុមការងារក៏ឃើញស្រមោលស្ទុងៗនៅក្រោយខ្នងគាត់ រត់កាត់គាត់ ធ្វើឲ្យគាត់ព្រឺខ្នង តែគាត់នៅតែទប់អារម្មណ៍បាន ហើយទីតាំងនៅវត្តពុទ្ធមណ្ឌល ហ្នឹងស្ងាត់ណាស់ ហើយទីតាំងភាគច្រើននៅខេត្តតាកែវ ភ្នំបាសិត កៀនស្វាយ ហើយមុនីនាថ ទៅថតដល់បាត់ដំបង ៣ថ្ងៃផងដែរ”។

រឿង ”នាងនាថបាត់ដំបង” ដែលបានធ្វើពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី០៦ ខែមិថុនានេះ នឹងដាក់បញ្ចាំងគ្រប់រោងកុនទំនើបទាំងអស់ ចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នេះតទៅ ហើយដែលអ្នកតំណាងប៉ុស្ដិ៍លេខ៥ សង្ឃឹមថា ភាពយន្ដនេះនឹងទទួលបានការគាំទ្រពីមហាជនជាច្រើនជាមិនខាន៕

លោកញ៉ែម សុគន្ធ និងដួង ម៉ានិច្ច
RELATED ARTICLES