Thursday, May 16, 2024
Homeតារាខ្មែរឌី សូនីតា ១រឿង ៧០០០ដុល្លារ

ឌី សូនីតា ១រឿង ៧០០០ដុល្លារ

កញ្ញាឌី សូនីតា ចាប់ផ្តើមទាញបានការគាំទ្រតាមរយៈតួឯកនៅក្នុងភាពយន្តខ្នាតធំ រឿង “ហេតុអ្វី?” (Why?) ដែលនាងហ៊ានសម្តែងឈុតស្នេហាស្រើបស្រាល និងសិចស៊ី មិនចាញ់តារាភាពយន្តល្បីឈ្មោះ កញ្ញាឌុច លីដា។ សូនីតា ធ្លាប់ថតភាពយន្តឱ្យអ្នកនាងអែនចេលីណា ចូលី រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” និងធ្លាប់ត្រូវបានផលិតកម្មហូលលីវូដមួយ ទាក់ទងឱ្យនាងថតភាពយន្តបែបសិចស៊ីរោលរាលខ្លាំង ដោយហ៊ានឱ្យតម្លៃខ្លួននាងខ្ពស់ ប៉ុន្តែសូនីតា បានច្រានចោល ព្រោះខ្លាចរងការរិះគន់។ ប៉ុន្តែ អ្វីដែលស្ទើរមិនគួរឱ្យជឿនោះ មួយរយៈចុងក្រោយនេះ កញ្ញាឌី សូនីតា ទាញបានតម្លៃខ្លួនខ្ពស់ វ៉ាផ្តាច់តារាល្បីឈ្មោះមួយចំនួន។

សូនីតា បានថ្លែងឱ្យដឹងថ្មីៗនេះថា មួយរយៈចុងក្រោយនេះ នាងមមាញឹកខ្លាំងជាមួយអាជីពសិល្បៈ ទាំងការផលិតបទចម្រៀង Original song ផលិតកម្មវិធីកំប្លែង រួមដៃជាមួយលោកអាឡិច ហ្សូរ៉ា និងថតភាពយន្តជាដើម។

សូនីតា បញ្ជាក់ថា អំឡុងពេលនេះ នាងកំពុងសម្រុកថតភាពយន្ត៤រឿងព្រមគ្នា ដូចជារឿង “កន្ទោងខៀវ”, “កំពូលអ្នកសែលហ៊្វី”, “Why? វគ្គ២” និងមួយរឿងទៀត នាងសុំលាក់ចំណងជើងសិន។

សូនីតា បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់ថតភាពយន្តក្នុង១រឿង នាងស៊ីថ្លៃចន្លោះពី៦ទៅ៧ពាន់ដុល្លារ ទៅតាមប្រភេទសាច់រឿង ហើយបើករណីថតគិតថ្ងៃវិញ ក៏ទទួលបានតម្លៃខ្លួនខ្ពស់ដែរ ដែលកន្លងមក នាងធ្លាប់ថតភាពយន្តមួយ គិតជាថ្ងៃ ក្នុង១រឿង នាងទទួលបានខ្ទង់១ម៉ឺនដុល្លារក៏មាន។ តារាកំពុងឡើងកូដរូបនេះបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នាងបានជម្រុះចោលតំណែងតួឯកជាច្រើនរឿង ដោយសារនាងគ្មានពេលសម្តែងឱ្យគេ ខណៈដែលរឿងខ្លះ តម្រូវឱ្យនាងថតឈុតស្នេហាស្រើបស្រាលជ្រុល ដែលនាងគិតថា ប្រឈមការរិះគន់ខ្លាំងពេលដាក់បញ្ចាំង ទើបនាងបដិសេធថត ដោយគ្មានការសោកស្តាយ។

សូនីតា បន្ថែមថា “ពុំមែនគេហ៊ានឱ្យតម្លៃខ្លួនខ្ញុំខ្ពស់ ខ្ញុំចេះតែទទួលថត ដោយគ្មានការពិចារណានោះទេ គឺខ្ញុំពិនិត្យទៅលើសាច់រឿងដែរ ហើយប្រសិនបើរឿងនោះ តម្រូវឱ្យលេងឈុតស្នេហាស្រើបស្រាល និងសិចស៊ីខ្លាំង ក៏ខ្ញុំមិនទទួលដែរ ព្រោះខ្ញុំខ្លាចរងការរិះគន់”។

ឌី សូនីតា បានទទួលស្គាល់ថា អាជីពសិល្បៈរបស់នាងពិតជាកំពុងតែរីកចម្រើន បោះជំហានទៅមុខមែន ត្បិតអីឱកាសការងារសិល្បៈបានបុកមករកនាងស្ទើររើខ្លួនមិនរួច។ ទន្ទឹមនឹងនោះ តម្លៃខ្លួនក៏បានកើនឡើងជាលំដាប់ ខណៈដែលនាងកំពុងត្រៀមបង្ហាញក្រុម ចម្រៀង Original song របស់ខ្លួនក្នុងពេលឆាប់ៗ។

សូនីតា បន្ថែមថា “ក្រៅពីមមាញឹកជាមួយការសម្តែងភាពយន្តមួយរយៈចុងក្រោយនេះ ខ្ញុំក៏បានបង្កើតក្រុមចម្រៀងផងដែរ ដែលត្រៀមចេញបទស្នាដៃថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើបងប្អូនទស្សនិកជន”។

សូនីតា អះអាងថា សម្រាប់អាជីពសិល្បៈ នាងមិនចោលជំនាញណាមួយទេ ទាំងការសម្តែង ច្រៀង និងការផលិតកម្មវិធីកម្សាន្តប្លែកៗ ជាមួយលោកអាឡិច ហ្សូរ៉ា ផង។

មុននេះបន្តិច កញ្ញាឌី សូនីតា ល្បីមានបុរសៗទ្រព្យស្តុកជាច្រើនតាមថ្ពក់ស្នេហ៍ មានទាំងមន្ត្រីធំនិងអ្នកជំនួញ ជាដើម ប៉ុន្តែមួយរយៈចុងក្រោយនេះ ខណៈកំពុងឡើងកូដខ្លាំង បែរជាស្ងប់ដំណឹងស្នេហាទៅវិញ។

សូនីតា បានទទួលស្គាល់ថា ពិតជាមានបុរសមួយចំនួនតាមថ្ពក់ស្នេហ៍នាងមែន តែសម្រាប់នាងផ្ទាល់ អំឡុងពេលនេះ នាងគ្មានពេលគិតលើរឿងស្នេហាទេ ដោយបានច្រានចោលសំណើស្នេហ៍ជាបន្តបន្ទាប់ ពោលគឺក្នុងដំណាក់កាលនេះ នាងផ្តោតតែលើការពង្រឹងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈតែប៉ុណ្ណោះ ដោយធីបរឿងស្នេហ៍ ទុកមួយឡែកសិន។

សូនីតា បន្ថែមថា នាងមិនទាន់អាចកំណត់បានថាពេលណា ទើបនាងគិតពីជីវិតគូស្រករទេ ព្រោះពេលនេះ នាងចង់លេង សិល្បៈឱ្យល្បីជាងនេះសិន៕

RELATED ARTICLES