អាការក្អក ជាយន្តការមួយរបស់រាងកាយតបស្នងចំពោះភាពខុស ប្រក្រតីខាងផ្លូវដង្ហើម។ ជាយន្តការការពារដ៏សំខាន់របស់រាងកាយ ក្នុងការកម្ចាត់មេរោគស្លេស្ម ឬវត្ថុចម្លែក ដែលមានក្នុងផ្លូវដង្ហើម។ រួមទាំងជាអាការដែលនាំអ្នកជំងឺ ឱ្យមកជួបគ្រូពេទ្យច្រើនបំផុត ហើយក៏ជាការផ្សាយភាយនៃមេរោគក្នុងប្រព័ន្ធដង្ហើមផងដែរ…
១-យន្តការកើតមានអាការក្អក ៖
អាការក្អក ចាប់ផ្តើមពីការដែលមានអ្វីមកជំរុញ តួទទួលសញ្ញាណការក្អក ឬមានសារធាតុធ្វើឱ្យក្រហាយក្នុងបរិវេណផ្លូវដង្ហើមទាំងផ្នែកលើ និងផ្នែកក្រោម ដូចជាប្រហោងត្រចៀក ក្រដាសត្រចៀក ច្រមុះ ប្រហោងចំហៀង ច្រមុះ (Sinus) ប្រហោងក្រោយច្រមុះ បំពង់ក ប្រអប់សំឡេង បំពង់ខ្យល់ សួត សន្ទះ ខ្យល់ ភ្នាសជុំវិញសួត។ ក្រៅពីនេះ គេរកឃើញតួទទួលសញ្ញាណការក្អក នៅបរិវេណភ្នាសក្រៅនៃបេះដូង និងក្រពះផងដែរ។
ដោយតួទទួលសញ្ញាណទាំងនេះ នឹងទទួលការជំរុញឆ្លងទៅខាងសរសៃប្រសាទ ខួរក្បាលគូទី ១០ ជាសំខាន់ និងទៅកាន់មណ្ឌលគ្រប់គ្រងការក្អក ក្នុងខួរក្បាលបរិវេណ មេឌុលឡា Medulla Oblongata : ជាខួរក្បាលផ្នែកក្រោយបំផុត ដែលខាងចុងភ្ជាប់ទៅនឹងខួរឆ្អឹងខ្នង) ដែលមានការគ្រប់គ្រងសាច់ដុំ និងសរីរាង្គដែលពាក់ព័ន្ធនឹងការដកដង្ហើម ដូចជាសាច់ដុំសន្ទះខ្យល់ សាច់ដុំឆ្អឹងជំនីរ សាច់ដុំពោះ ប្រអប់សំឡេង និងជាពិសេសគឺបំពង់ខ្យល់ ធ្វើឱ្យកើតមានការត្បៀតនៃបំពង់ខ្យល់ ទើបធ្វើឱ្យកើតមានអាការក្អក។
២-ប្រភេទនៃការក្អក ៖
បើបែងចែកតាមរយៈពេលអាការក្អក បែងចែកបានជា២ប្រភេទធំៗ គឺ ៖
-ក្អកធម្មតា ៖ មានរយៈពេលនៃការអាការក្អកតិចជាង ៣សប្តាហ៍ ដោយមូលហេតុភាគច្រើនកើតចេញពីការឆ្លងមេរោគ ក្នុងប្រព័ន្ធដង្ហើមផ្នែកលើ ដូចជា ផ្តាសាយ រលាកប្រហោងច្រមុះ រលាកបំពង់ក ឬរលាកប្រអប់សំឡេង រលាកបំពង់ខ្យល់អាការ កម្រើកនៃជំងឺប៉ោងថង់ខ្យល់រលាកសួត ការមានអ្វីប្លែកនៅក្នុងបំពង់ខ្យល់ ឬមានការ ប៉ះពាល់នឹងសារធាតុមិនល្អ ក្នុងបរិស្ថានដូចជាផ្សែងបារី ផ្សែងភ្លើង ក្លិនស៉្ប្រៃយ៍ ហ្គាស់ និងភាវៈមិនល្អនៃខ្យល់អាកាស។
-ក្អករ៉ាំរ៉ៃ ៖ មានរយៈពេលនៃការក្អកច្រើនជាង ៣សប្តាហ៍ ដោយអ្នកជំងឺដែលមានអាការក្អករ៉ាំរ៉ៃខ្លះ អាចមានមូលហេតុច្រើនយ៉ាង ដូច្នេះ ទើបចាំបាច់ ត្រូវបានទទួលការពិនិត្យរកមូលហេតុ និងព្យាបាលទៅតាមមូលហេតុនោះ។
មូលហេតុភាគច្រើនបណ្តាលមកពីជំងឺរលាកបំពង់ករ៉ាំរ៉ៃ ការទទួលទានថ្នាំ ព្យាបាលលើសឈាម ប្រភេទអេស៊ីអ៊ីអៃ (ACEI-Angiotensin-Converting Enzyme Inhibitor) អស់រយៈពេលយូរ ជំងឺរលាកច្រមុះដោយសារប្រតិកម្ម ឬ ជំងឺរលាកប្រហោងច្រមុះរ៉ាំរ៉ៃ និងមានសំបោរហូរចុះទៅក្នុង.ក ជំងឺហឺត ជំងឺជាតិ អាស៊ីដហូរច្រាល (GERD-Gastroesophageal Reflux) ការប្រើសំឡេងច្រើន ធ្វើឱ្យខ្សែសំឡេងរលាករ៉ាំរ៉ៃ សាច់ដុះបរិវេណ-ក ប្រអប់សំឡេងឬបំពង់កជំងឺ របស់ខួរក្បាលផ្នែកគ្រប់គ្រងការក្អក ជំងឺរបេងសួត។
៣-ផលវិបាកនៃការក្អក ៖ បើក្អកខ្លាំង អាចធ្វើឱ្យខូចបុគ្គលិកលក្ខណៈ ក្នុងការរស់នៅរួមគ្នាក្នុងសង្គម ព្រោះធ្វើឱ្យរំខានឬនាំឱ្យអ្នកដទៃស្អប់ខ្ពើម និងអាចសាយភាយមេរោគដល់អ្នកដទៃបាន។ ក្រៅពីនោះ អាចជាការរំខានដល់ការទទួលទានអាហារ ឬរំខាន់ដល់ការគេងទៀតផង។ ករណីអ្នកជំងឺមានអាយុច្រើនការក្អកខ្លាំង អាចធ្វើឱ្យឆ្អឹងខ្ចីឆ្អឹងជំនីរបាក់បាន (Rib Fracture) និងធ្វើឱ្យថង់ខ្យល់ ឬសរសៃឈាមឆ្មារក្នុងសួត បែកចេញទៅកាន់ប្រហោងភ្នាសហ៊ុំសួត (Pneumothorax or Hemothorax) កើតមានអាការដង្ហក់ និងអាចមានគ្រោះថ្នាក់ដល់ជីវិតបាន។ ក្រៅពីនេះ នៅមានផលវិបាក ចំពោះការវះកាត់ភ្នែក និងត្រចៀក ដូចជាក្នុងការវះកាត់ភ្នែកឡើងបាយការក្អកអាចធ្វើឱ្យកញ្ចក់ភ្នែកសិប្បនិមិត្ត ដែលដាក់ចូលទៅជ្រុះចេញមកវិញបាន ឬក្នុងការវះកាត់ប៉ះក្រដាសត្រចៀក ការក្អកអាចធ្វើឱ្យក្រដាសត្រចៀក សិប្បនិមិត្តដែលដាក់ចូលទៅនោះ ខ្ទាតចេញពីកន្លែងបាន។
៤-ការវិនិច្ឆ័យជំងឺដែលជាមូលហេតុនៃការក្អក ៖ គ្រូពេទ្យនឹងចាប់ផ្តើមពីការសាកសួរប្រវត្តិការពិនិត្យរាងកាយ ជាពិសេសក្នុងប្រព័ន្ធដង្ហើមផ្នែកលើ និងផ្នែកក្រោម និងអាចបញ្ជូនទៅពិនិត្យពិសេសថែមទៀត ដូចជា បញ្ជូនទៅពិនិត្យកាំរស្មី ចំពោះប្រហោងច្រមុះ និងសួតការថតឆ្លុះពិនិត្យប្រព័ន្ធដង្ហើមការពិនិត្យស្លេស្ម ការពិនិត្យសមត្ថភាពធ្វើការរបស់សួត។
៥-ការព្យាបាលអាការក្អក ៖ ដើម្បីការពារអាការជ្រៀតជ្រែករបស់ជំងឺផ្សេងទៀត ការព្យាបាលក្អកដ៏សំខាន់បំផុត គឺអ្នកជំងឺគួរបានទទួលការវិនិច្ឆ័យរកមូលហេតុ និងបានទទួលការព្យាបាលដ៏ត្រឹមត្រូវដូចជា ៖
-បើអ្នកជំងឺក្អក ដោយសារការឆ្លងមេរោគ ក្នុងប្រព័ន្ធដង្ហើមផ្នែកលើឬក្រោម ដូចជាផ្តាសាយ ឬរលាកបំពង់ក និងមានអាការក្អក មិនខ្លាំងពេកអាចផ្តល់ការព្យាបាលជាជំហានដំបូង ដូចជាផ្តល់ថ្នាំបំបាត់អាការក្អកសិនបាន។
-ករណីក្អកមានស្លេស្ម ស្លេស្មស្អិតខាប់ពេក នឹងជាការពិបាក ដែលបណ្តេញស្លេស្ម ចេញពីរាងកាយដោយការ ក្អក។ ការផ្តល់ថ្នាំរំលាយស្លេស្ម នឹងជួយឱ្យស្លេស្ម ត្រូវបានបណ្តេញចេញពីរាងកាយ បានដោយងាយជាងអាចបន្ថយ អាការក្អកបាន។ ប៉ុន្តែ បើអ្នកជំងឺបានទទួលថ្នាំរំលាយស្លេស្ម ហើយនៅតែអាការមិនប្រសើរឡើង ក្នុងរយៈពេល ១សប្តាហ៍ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុ និងធ្វើការព្យាបាលទៅតាមមូលហេតុនោះ ឱ្យបានត្រឹមត្រូវ។
-បើមានអាការនៃការឆ្លងមេរោគបាក់តេរី ដូចជាស្លេស្មមានពណ៌លឿង ឬពណ៌បៃតងគ្រូពេទ្យអាចពិចារណា ផ្តល់ថ្នាំ ផ្នែកអតិសុខុមប្រាណរួមជាមួយផង។
៦-ពេលមានអាការក្អក ត្រូវធ្វើយ៉ាងណា ? ៖ ចៀសវាងអ្វីដែលជំរុញឱ្យក្អកកាន់តែខ្លាំង ដូចជាសារធាតុគីមី ផ្សែងបារី ល្អងធូលី ខ្យល់អាកាសមិនល្អ សារធាតុបង្កអាការក្រហាយ ការទទួលទានទឹកឬងូតទឹកត្រជាក់ ការទទួលទានការ៉េមកី ឬអាហារដែលធ្វើឱ្យក្រហាយ.ក ដូចជាអាហារដែលបំពង ដោយខ្លាញ់អាកាស ធាតុត្រជាក់ ពិសេសពីម៉ាស៊ីនត្រជាក់ឬពីកង្ហារ។ ដោយសារអាកាសធាតុត្រជាក់ អាចជំរុញឱ្យបំពង់.ក មានសភាពរួញខ្លួន និងមានអាការក្អកកាន់តែខ្លាំង។
-គួរធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ឱ្យបានគ្រប់គ្រាន់ ៖ ជាពិសេសពេលគេង បើប្រើម៉ាស៊ីនត្រជាក់ក្នុងពេលគេង គួរសម្រួលសីតុណ្ហភាពឱ្យខ្ពស់ជាង ២៥អង្សាសេ ដើម្បីកុំឱ្យខ្យល់អាកាសត្រជាក់ពេក ឬក្នុងករណីប្រើកង្ហារមិនគួរបើកលេខខ្លាំងបំផុតនោះទេ គួរឱ្យកង្ហាររេទៅរេមក ដើម្បីចៀសវាងត្រូវខ្យល់ដោយផ្ទាល់ពេក។ ម៉្យាងទៀត ពេលគេងគួរដណ្តប់ភួយឱ្យបានល្អ គួរពាក់ស្រោមជើង ឬក្រណាត់រុំ.ក ឬមួកក្រណាត់ពេលគេងផង។ ករណីមិនចូលចិត្តដណ្តប់ភួយ ឬដណ្តប់ហើយ តែរលាស់ភួយចេញវិញ ដោយមិនដឹងខ្លួន គួរពាក់អាវសាច់ក្រណាត់ក្រាស់ ឬពាក់អាវ ២ជាន់ និងខោជើងវែងចូលគេងផង។
-គួរខ្ទប់មាត់និងច្រមុះពេលក្អក ៖ ដោយក្រដាសជូតមុខផង ដើម្បីកុំឱ្យសាយភាយ មេរោគទៅក្នុងខ្យល់អាកាសឆ្លងដល់អ្នកដទៃ ។
-គួរលាងដៃរាល់លើក ៖ បើប្រើដៃរាល់លើក ក្នុងការខ្ទប់មាត់ពេលក្អក។
-គួរទទួលទានទឹកក្តៅឧណ្ហៗ ឱ្យបានច្រើន ៖ ព្រោះមានប្រយោជន៍ជាងទឹកត្រជាក់ ពិសេសក្នុងពេលមានអាការក្អកបែបនេះ។
-ចៀសវាងការជក់បារី ឬត្រូវផ្សែងបារី ៖ ព្រោះធ្វើឱ្យក្រហាយបំពង់.ក កាន់តែជំរុញឱ្យក្អកថែមទៀត។
៧-ការបង្ការអាការក្អក ៖ គួរថែទាំសុខភាពឱ្យបានរឹងមាំ ទទួលទានអាហារ ដែលមានប្រយោជន៍ឱ្យបានគ្រប់ប្រភេទ រួមទាំងបន្លែនិងផ្លែឈើ ហាត់ប្រាណឱ្យបានជាប់លាប់រាល់ថ្ងៃ ឬលេងកីឡាជាប្រចាំចៀសវាងភាពតានតឹង និងការប៉ះពាល់អាកាសធាតុដែលត្រជាក់ខ្លាំង គួរគេងសម្រាកឱ្យបានគ្រប់គ្រាន់ព្យាបាល នៅឱ្យឆ្ងាយឱ្យអ្នកជំងឺនានា ទាំងនៅផ្ទះឬនៅកន្លែងធ្វើការដោយសារអាចឆ្លងមេរោគពីអ្នកទាំងនោះបាន៕