ភ្នំពេញ ៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ដោយមើលឃើញនូវការលំបាករបស់គ្រួសារ ប្រជាពលរដ្ឋក្រីក្រ ដែលបាននាំកូនតូចៗមកព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ក្រៅពីបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនកុមារ ហើយថែមទាំងបាននាំគ្នារៃអង្គាសលុយកាក់ និងសម្ភារៈប្រើប្រាស់សម្រាប់កុមារមកជួយឧបត្ថម្ភដល់គ្រួសារអ្នកជំងឺក្រីក្រទៀតផង ។
យោងតាមទំព័រហ្វេសប៊ុករបស់អ្នកគ្រូពេទ្យ ប៉ិច ច័ន្ទឆវី បានឱ្យដឹងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ថា ដោយមើលឃើញនូវការលំបាករបស់គ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលបាននាំកូនតូចៗមកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ អ្នកគ្រូពេទ្យចិត្តធម៌ ប៉ិច ច័ន្ទឆវី រួមជាមួយបុគ្គលិកមន្ទីរពេទ្យកុមារជាតិ និងនិស្សិតចុះកម្មសិក្សានៅមន្ទីរពេទ្យកុមារជាតិ សាល A បានរៃអង្គាសគ្នាបានប្រាក់មួយចំនួន មកជួយឧបត្ថម្ភជាមួយគ្នានេះ ក៏មានសប្បុរសជនមួយចំនួន បានឧបត្ថម្ភសម្ភារៈប្រើប្រាស់សម្រាប់កុមារផងដែរ។
ប្រភពដដែលបានបន្តថា កន្លងមក ក្រុមបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ក្រៅពីបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនកុមារ ដែលក្រុមគ្រួសារបាននាំមកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ បើជាគ្រួសារប្រជាពលរដ្ឋក្រីក្រ ក្រុមគ្រូពេទ្យតែងរៃអង្គាសគ្នាតាមលទ្ធភាពបានលុយកាក់មួយចំនួន មកជួយឧបត្ថម្ភដល់គ្រួសារអ្នកជំងឺក្រីក្រទាំងនោះ ជាហូរហែ មិនមើលនឹងភ្នែកទេ។ ដោយឡែក មុននេះក្រុមបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ក៏បានជួយចិញ្ចឹមថែរក្សាកុមារតូចម្នាក់ដែលម្តាយយកមកព្យាបាលជំងឺ ហើយបានបោះបង់ចោលនៅមន្ទីរពេទ្យនេះផងដែរ។
បន្ទាប់ពីបានឃើញនូវកាយវិការនិងសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យនៃនៅមន្ទីរពេទ្យកុមារជាតិ ខាងលើនេះ មហាជនអ្នកលេងហ្វេសប៊ុកជាច្រើនបានសម្តែងនូវការសាទរ និងលើកសរសើរ ព្រមទាំងស្នើដល់គ្រូពេទ្យនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងទៀត គួរយកគំរូតាមដើម្បីលើកតម្លៃបុគ្គលិកសុខាភិបាល និងបញ្ចៀសបាននូវការរិះគន់ចំពោះគ្រូពេទ្យមួយចំនួនតូច ដែលប្រព្រឹត្តមិនសូវល្អចំពោះអ្នកជំងឺដែលនាំឱ្យប៉ពាល់ដល់គ្រូពេទ្យនិងបុគ្គលិកសុខាភិបាលល្អៗជាច្រើននៅទូទាំងប្រទេស៕