យោងតាមប្រភពដែលស្និទ្ធជាមួយឱក សុគន្ធកញ្ញា បានឱ្យដឹងថា អំឡុងពេលនេះ ក្រៅពីមមាញឹកលើការថតបទចម្រៀងថ្មីៗ ដើម្បីវាយលុកលើទីផ្សារ នាងក៏កំពុងសម្ងំសម្តែងខ្សែភាពយន្តភាគបែបបុរាណមួយ ឱ្យទូរទស្សន៍ហង្សមាស ផងដែរ ដែលនាងត្រូវសម្តែងជាមួយតារាចម្រៀងល្បីៗជាច្រើនទៀត នៅហង្សមាស។ ពោលគឺ នៅពេលភាពយន្តនោះ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ហង្សមាស ឱក សុគន្ធកញ្ញា នឹងទាញបានភាពលេចធ្លោមួយកម្រិតថែមទៀត។
ប្រភពនោះអះអាងថា ឱក សុគន្ធកញ្ញា ថតខ្សែភាពយន្តភាគនោះបានជាច្រើនភាគហើយ ប៉ុន្តែក្រុមហ៊ុនហង្សមាស មានគោលការណ៍មិនឱ្យទម្លាយពីសកម្មភាពថតរឿងនោះចេញក្រៅទេ ទាំងរូបភាព និងចំណងជើងរឿងជាដើម។
ក្នុងជំនួបផ្ទាល់ជាមួយឱក សុគន្ធកញ្ញា កាលពីថ្មីៗនេះ នាងសុំមិនឆ្លើយតបចំពោះដំណឹងខាងលើនេះទេ ដោយលើកឡើងថា ខាងផ្នែកទីផ្សាររបស់ក្រុមហ៊ុនហង្សមាស មិនទាន់បើកទូលាយឱ្យនិយាយពាក់ព័ន្ធនឹងដំណឹងនេះ ដូច្នេះនាងមិនអាចនិយាយអ្វីបានទេ គឺមានតែទស្សនិកជនរង់ចាំតាមដានតែប៉ុណ្ណោះ។
តាមដំណឹងថា ក្រៅពីឱក សុគន្ធកញ្ញា មានតារាចម្រៀងល្បីៗជាច្រើនទៀត កំពុងសម្ងំថតខ្សែភាពយន្តភាគឱ្យរស្មីហង្សមាស មានទាំងលោកព្រាប សុវត្ថិ, សុគន្ធ និសា, ពេជ្រ សោភា, សុខ ស្រីនាង, រ៉េត ស៊ូហ្សាណា, Step និងតារាហង្សមាស ជាច្រើនទៀត។ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែមិនហ៊ាន និយាយពីការថតភាពយន្តភាគឱ្យហង្សមាស ដូចៗគ្នា។
ដោយឡែក ក្នុងជំនួបជាមួយអ្នកដឹកនាំសម្តែងម្នាក់ នៅហង្សមាស ក៏បានលើកឡើងដែរថា ក្រុមហ៊ុនហង្សមាស ចង់បិទព័ត៌មានពាក់ព័ន្ធនឹងការថតខ្សែភាពយន្តនេះមួយរយៈសិន ក៏ព្រោះតែចង់ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។
ផលិតកររូបនោះ លើកឡើងដោយសុំមិនបង្ហាញឈ្មោះថា “អំឡុងពេលនេះ ក្រុមហ៊ុនហង្សមាស កំពុងសម្រុកថតខ្សែភាពយន្តភាគ២ទៅ៣រឿងព្រមគ្នា ដែលមានតារាចម្រៀងល្បីៗនៅទ្រនំហង្សមាស ជាច្រើនចូលរួមសម្តែង ហើយមានគោលការណ៍មិនឱ្យតួៗទម្លាយចេញពីព័ត៌មាននេះដូចគ្នា។ សូម្បីតែខ្ញុំក៏មិនអាចនិយាយអ្វីច្រើនបានដែរ”។
ផលិតករវ័យក្មេងរូបនោះ បន្តថា “ហង្សមាស បានចំណាយដើមទុនជាច្រើនលើការផលិតភាពយន្តទាំងនោះ ដែលចូលខ្ទង់រាប់សិបម៉ឺនដុល្លារ ដូច្នេះមិនអាចបំបិទព័ត៌មាននោះរហូតបានទេ គ្រាន់តែមិនទាន់ដល់ពេល ហើយនៅពេលប្រកាសចេញ នឹងអាចឃោសនាខ្លាំងទៀតផង ដើម្បីបញ្ជ្រាបព័ត៌មានឱ្យទស្សនិកជនបានដឹង”។
ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនហង្សមាស បានទេ៕