Tuesday, February 25, 2025
Homeព័ត៌មានជាតិពិសាឱសថ មុនបាយ និងក្រោយបាយ សំខាន់ដូចម្តេច?

ពិសាឱសថ មុនបាយ និងក្រោយបាយ សំខាន់ដូចម្តេច?

អាហារខ្លះមាន ឥទ្ធិពលចំពោះការរលាយ​នៃជាតិ ឱសថ​​ រីឯអាហារខ្លះប៉ះពាល់ដល់ក្រពះ ដូចជា ធ្វើឱ្យក្រហាយក្រពះជាដើម។ បើដូច្នេះ តើការលេបឱសថមុន និងក្រោយទទួលទានបាយខុសគ្នាយ៉ាងណា?

ពិសាឱសថមុនបាយ១ម៉ោង ៖

ព្រោះចង់ឱ្យរាងកាយបានទទួលជាតិឱសថ ពេលក្រពះទទេ ដើម្បីឱ្យឱសថត្រូវបឺតស្រូបបានល្អបំផុត ដូចជា ឱសថបន្ថយការកន្ត្រាក់របស់ក្រពះ ពោះវៀនជាដើម ព្រោះអាហារជួយជំរុញឱ្យក្រពះ និងពោះវៀនកន្ត្រាក់កាន់តែខ្លាំង ទើបថ្នាំបញ្ចោញប្រសិទ្ធភាព ដើម្បីបន្ថយការកន្ត្រាក់នេះ ដោយឱ្យលេបមុនបាយ១ម៉ោង ដើម្បីឱ្យប្រសិទ្ធភាពឱសថបញ្ចោញមកល្មមនឹងពេលបាយ ធ្វើឱ្យបន្ថយអាការឈឺពោះបាន។ ចំណែកឱសថ ជំរុញចំណង់អាហារត្រូវលេបមុនពេលបាយប្រមាណកន្លះម៉ោង លុះឱសថបញ្ចោញប្រសិទ្ធភាពជួយឱ្យទទួលទានអាហារបានច្រើនជាងមុន។

ពិសាថ្នាំក្រោយអាហារភ្លាមៗ = ពិសាថ្នាំមុនអាហារភ្លាមៗ = ពិសាថ្នាំក្នុងពេលបាយ ៖

ឱសថមួយចំនួន បើពិសានៅពេលពោះទទេ នឹងនាំឱ្យក្រហាយដល់ក្រពះ នាំឱ្យក្អួតចង្អោរ។ ប៉ុន្តែបើពិសាឱសថ ដំណាលគ្នានឹងអាហារតែម្តង នឹងអាចជួយបន្ថយការប៉ះពាល់ក្រពះបាន ដូចជា ឱសថអាស្ពីរីន ឱសថព្យាបាលសន្លាក់ជាដើម។ ក្រៅពីការពិសាដំណាលគ្នានឹងអាហារ ថ្នាំដែលមានសភាពជាអាស៊ីដ ដូចជា ឱសថអាស្ពីរីន ក៏គួរពិសាទឹកឱ្យបានច្រើនតាមក្រោយផង ដើម្បីបន្ថយភាពជាអាស៊ីដ ឱ្យមានកំហាប់ថយចុះ អាចជួយបន្ថយការប៉ះពាល់ដល់ក្រពះបាន។

ពិសាឱសថក្រោយពេលអាហារ ១ម៉ោង ៖

ថ្នាំមួយចំនួនបញ្ចោញប្រសិទ្ធភាពបានយូរ បើពិសាក្រោយពេលបាយ ដូចជាឱសថបន្ថយជាតិអាស៊ីដ មានការធ្វើតេស្តឃើញថា ឱ្យលេបឱសថក្នុងពេលពោះទទេ ថ្នាំនឹងបញ្ចោញប្រសិទ្ធភាពបានរយៈពេល៣០នាទី។ ប៉ុន្តែបើលេប ក្រោយពេលបាយ ១ម៉ោង មានប្រសិទ្ធភាពបានយូរដល់ទៅ ៤ម៉ោងឯណោះ។ ដូច្នេះ ទើបតម្រូវឱ្យពិសាក្រោយពេលបាយ ១ម៉ោង ទើបល្អ។

ពិសាឱសថមុនពេលគេង ៖

ចំណែកថ្នាំដែលត្រូវលេបមុនពេលគេង ឱសថខ្លះនាំឱ្យងងុយគេង ស្រដៀងថ្នាំ បំបាត់ការក្រៀមក្រំដែរ។ ឱសថបំបាត់ប្រតិកម្ម ដែលមានធាតុផ្សំរបស់ឱសថព្យាបាល ផ្តាសាយ បន្ថយសម្បោរ គួរលេបមុនពេលគេង មិនគួរពិសាក្នុងពេលធ្វើការទេ ព្រោះអាចមានគ្រោះថ្នាក់ពាក់ព័ន្ធនឹងការធ្វើការជាមួយគ្រឿងម៉ាស៊ីន ឬពេលបើកបរនៅពេលថ្ងៃ។ ជាឱសថដែលគួរពិសានៅពេលយប់ និងនាំឱ្យគេងលក់ ស្រួលទៀតផង៕

RELATED ARTICLES