ការធានាបាននូវកម្រិតវីតាមីន B12 គ្រប់គ្រាន់អំឡុងពេលពពោះ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ ចំពោះទារក។
ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេស បានរកឃើញថា វីតាមីន B12 ដែលសម្បូរក្នុងសាច់ និងត្រី មានឥទ្ធិលពលលើអ័រម៉ូនឈ្មោះ Leptin ដែលបញ្ជាឱ្យមានអារម្មណ៍ឆ្អែតក្រោយការទទួលទាន ក៏ដូចជាជាប់ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម។ ពួកគេបន្តថា នៅពេលអ័រម៉ូន Leptin ខុសប្រក្រតីនោះ កង្វះខាតវីតាមីន B12 នឹងកើតមាន។
ការពិសោធន៍បានបង្ហាញថា បណ្តាទារក កើតពីម្តាយដែលខ្វះវីតាមីន B12 កម្រិតអ័រម៉ូន Leptin របស់ពួកគេ ឡើងខ្ពស់ខុសពីធម្មតា។ អ្នកស្រាវជ្រាវបានពន្យល់ថា ខណៈវីតាមីន B12 មិនគ្រប់គ្រាន់ ការប្រមូលផ្តុំសារធាតុខ្លាញ់ក្នុងគភ៌ នឹងកើតមានស្របពេលដែលកម្រិតអ័រម៉ូន Leptin កើនឡើងខ្ពស់។ ជារឿយៗ អ័រម៉ូននេះ ត្រូវបានផលិតដោយកោសិកាខ្លាញ់របស់រាងកាយ ហើយកម្រិតអ័រម៉ូននេះ បានឡើងខ្ពស់ក្រោយការទទួលទានអាហារ។ សម្រាប់អ្នកធាត់ កម្រិតអ័រម៉ូន Leptin របស់ពួកគេឡើងខ្ពស់ជានិច្ច ហើយនេះក៏ជាហេតុផលមួយ ដែលអ្នកធាត់ចូលចិត្តញ៉ាំ និងឃ្លានជានិច្ច។ បែបនេះយូរទៅ នឹងបណ្តាលឱ្យកើតរេស៊ីស្តង់ Leptin ហើយនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
វេជ្ជបណ្ឌិត Ponnusamy Saravanan អ្នកនិពន្ធជាន់ខ្ពស់ថ្លែងថា បរិស្ថានអាហារូបត្ថម្ភផ្តល់ឱ្យម្តាយ អាចគូសកំណត់សុខភាពរបស់កូនជាអចិន្ត្រៃយ៍។ យើងបានដឹងថា ទារកកើតពីម្តាយខ្វះឬលើសអាហារូបត្ថម្ភ ប្រឈមខ្ពស់នឹងហានិភ័យសុខភាព តួយ៉ាងដូចជា កើតជំងឺទឹកនោមផ្អែម ប្រភេទ២ ជាដើម ។
ការសិក្សាស្រាវជ្រាវលើកមុនបានរកឃើញថា ស្ត្រីដែលមានកម្រិតវីតាមីន B12 ទាប ភាគច្រើនផ្តល់កំណើតឱ្យទារកមានទម្ងន់ស្រាលខុសពីធម្មតា ហើយលើសខ្លាញ់កូលេស្តេរ៉ូល។ សូមបញ្ជាក់ថា កម្រិតវីតាមីន B12 ដែលស្ត្រីពពោះ ត្រូវការ គឺប្រមាណ ៤មីក្រូក្រាម ៕