ខេត្ដស្ទឹងត្រែង៖ បុរសម្នាក់ ជាអតីតយោធាស្រុកសៀមប៉ាង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញធ្លាយខួរ ដេកស្លាប់ក្នុងថ្លុកឈាម ក្បែរកាំភ្លើង AK មួយដើម សង្ស័យបាញ់សម្លាប់ខ្លួនឯង តែមិនទាន់ដឹងមូលហេតុពិតប្រាកដ ។ ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ កក្កដា ២០១៦ ស្ថិតក្នុងភូមិគិរីវង្សាលើ ឃុំសន្ដិភាព ស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខត យ៉ អាយុ៥៤ឆ្នាំ ជាអតីតមន្រ្ដីយោធា មានទីលំនៅ នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្ដថា នៅមុនពេលកើតហេតុ គេលឺសូរសំលេងកាំភ្លើងផ្ទុះឡើងនៅផ្ទះជនរងគ្រោះ មិនដឹងកើតអ្វីនោះទេ ក៏នាំគ្នារត់ទៅមើល ស្រាប់តែឃើញជនរងគ្រោះ ធ្លាយខួរដេកស្លាប់ក្នុងថ្លុកឈាម និងប្រទះឃើញកាំភ្លើងAk មួយដើម ក្បែរសពជនរងគ្រោះ ក៏រាយការណ៍ជូនសមត្ថកិច្ចចុះទៅពីនិត្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជាក់បន្ទាប់ពីពិនិត្យសព និងកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្លួនឯងមែន តែមិនទាន់ប្រាកដថា បាញ់សម្លាប់ខ្លួនឯង រីយ៉ាងណា ។
បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕