Sunday, November 24, 2024
Homeនយោបាយស៊ិន រ៉ូហ្ស៊េត ពីក្មេងលក់នំ ក្លាយជាចៅសង្កាត់ក្រមុំ

ស៊ិន រ៉ូហ្ស៊េត ពីក្មេងលក់នំ ក្លាយជាចៅសង្កាត់ក្រមុំ

ខេត្តបាត់ដំបង ៖ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បេក្ខភាពចៅសង្កាត់ថ្មី នៅសង្កាត់អូរចារ មកពីគណបក្សសង្គ្រោះជាតិ ដែលទើបនឹងជាប់ឆ្នោតថ្មីៗ គឺជាអតីតក្មេងលក់នំតាមចំណតរថភ្លើង ប៉ុន្តែតាមរយៈការតស៊ូព្យាយាម រៀនសូត្រប្រឡូកខ្លួនទៅនឹងការងារមនុស្សធម៌ ព្រមទាំងឆាកនយោបាយផងនោះ ទើបធ្វើឱ្យនាងអាចក្លាយទៅជាចៅសង្កាត់ក្រមុំ ដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។

ស្ថិតក្នុងវ័យ៣១ឆ្នាំ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឬហៅកញ្ញាស៊ិន រ៉ូហ្ស៊េត បានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានស្គាល់ និងចាប់អារម្មណ៍ខ្លាំង តាមរយៈការងារមនុស្សធម៌នៅក្នុងមូលដ្ឋានដែលនាងកំពុងរស់នៅសព្វថ្ងៃ។

ចៅសង្កាត់ក្រមុំរូបស្រស់ ស៊ិន រ៉ូហ្ស៊េត បានរៀបរាប់ប្រាប់ថា នាងមានបងប្អូនទាំងអស់ ៥នាក់ តែអកុសល៤នាក់បានស្លាប់នៅក្នុងសម័យ ប៉ុល ពត អស់ ចំណែកឪពុកបានលែងលះជាមួយម្តាយនាង តាំងពីនាងទើបនឹងមានអាយុ៥ខែ ក្នុងពោះម្តាយមកម៉្លេះ ហេតុនេះតាំងពីធំដឹងក្តីមក នាងរស់នៅតែ២នាក់ម្តាយកូនប៉ុណ្ណោះ ដោយម្តាយរបស់នាងគឺជាស្ត្រីមេម៉ាយ។ ជីវិតនាងបានឆ្លងកាត់នូវទុក្ខលំបាករាប់មិនអស់ ហើយនាងចេះរកស៊ីចិញ្ចឹមម្តាយ និងក្រុមគ្រួសារ តាំងពីអាយុ៧ឆ្នាំមកម៉្លេះ ដោយដើរលក់ម្នាស់ លក់នំ លក់ចេកចៀន លក់កន្តេះឡង់ តាមរថភ្លើង ព្រោះផ្ទះរបស់នាងនៅជិតចំណតរថភ្លើង។ ជួននាងដើរលក់នំនៅចំណតរថភ្លើងរហូតដល់ម៉ោង ១១យប់ ឬពាក់កណ្តាលអធ្រាត្រ ទើបបានត្រឡប់មកផ្ទះវិញ។ នាងត្រូវដើរពីផ្ទះទៅស្រុកសង្កែ ដើម្បីទិញអីវ៉ាន់នៅផ្សារ សម្រាប់យកមកទុកលក់ដូរ ហើយឆ្លៀតពេលទំនេរពីការលក់ដូរ នាងតែងស៊ីឈ្នួលគេកាត់ក្បាលត្រី ដើម្បីរក ចំណូលបន្ថែមសម្រាប់គ្រួសារ។

កញ្ញាស៊ិន រ៉ូហ្ស៊េត បានបន្តថា នាងរៀន ពូកែតាំងពីក្មេង ពោលគឺតាំងពីថ្នាក់ទី២មកម៉្លេះ និងឧស្សាហ៍ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាណាស់ ដូចជាសៀវភៅ និងខ្មៅដៃ ហើយរាល់ពេលបានរង្វាន់ម្តងៗ នាងតែងយកទៅ លក់ឱ្យអ្នកជិតខាង ជួនបាន១ពាន់ ជួនបាន២ពាន់រៀល សម្រាប់យកមកដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងមួយជីវិតនេះ នាងបានជួបមុខឪពុកតែ២ដងគត់ ព្រោះឪពុកបានលែងលះម្តាយនាងតាំងពីនាងនៅក្នុងផ្ទៃម៉្លេះ។ លើកទី១ នាងជួបមុខឪពុកនៅពេលដែលនាងយកអីវ៉ាន់ទៅលក់នៅកន្លែងប្រដាល់ ខណៈដែលឪពុកនាង ធ្វើជាអាជ្ញាកណ្តាលនៅទីនោះ លើកទី២ នាងបានជួបមុខឪពុកនៅពេលជីតារបស់នាងស្លាប់ តែគាត់ (ឪពុក) មិនសូវហ៊ាននិយាយជាមួយនាងទេ ព្រោះគាត់មានប្រពន្ធ និងមានកូនថ្មីទៀតហើយ។ ក្រោយមក បន្ទាប់ពីទទួលដំណឹង ថា ឪពុកស្លាប់៣ឆ្នាំ ទើបនាងដាច់ចិត្តទៅសុំរូបថតឪពុកពីម្តាយចុង ទុកគ្រាន់មើល និងចំណាំមុខឪពុក។

 ម្តាយកញ្ញារ៉ូហ្ស៊េត បានប្រាប់ថា កូនស្រី (កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត) បានប្រឡូកនយោបាយតាមគាត់ជាម្តាយ ខណៈដែលគាត់បានគាំទ្រគណបក្សប្រឆាំង ដែលមានលោកសម រង្ស៊ី ដឹកនាំតាំងពីដើមរៀងមក ហើយគាត់ធ្លាប់បាននាំកូនស្រីទៅដេកស្នាក់នៅ រៀនសូត្រនៅក្នុងទីស្នាក់ការគណបក្សសម រង្ស៊ី ខេត្តបាត់ដំបង ទៀតផង។ ក្រោយពីធំដឹងក្តី កូនស្រីក៏ដើរចូលប្រឡូកក្នុងឆាកនយោបាយដោយខ្លួនឯង រហូតទទួលបានការគាំទ្រយ៉ាងលើសលប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅ ទីបំផុតនាងក៏ជាប់ឆ្នោតក្លាយជាចៅសង្កាត់នាពេលថ្មីៗនេះ។ នៅពេលឃើញកូនស្រីចាប់ផ្តើមលេចធ្លោក្នុងឆាកនយោបាយ ក្នុងបក្សប្រឆាំងបែបនេះ គាត់ចេះតែមានការព្រួយបារម្ភ និងធ្លាប់ប្រាប់កូនស្រីថា “ប្រយ័ត្នប្រយែងណាកូន” តែកូនស្រី បានប្រាប់គាត់វិញថា “មិនអីទេម៉ែ ដើម្បីជាតិ”។

កញ្ញាស៊ិន រ៉ូហ្ស៊េត បានអះអាងថា នាងយកគំរូនយោបាយតាមលោកប្រធានសម រង្ស៊ី និងលោកពូជៀង អៀង ដែលជាអ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តបាត់ដំបង ជាច្រើនឆ្នាំមកហើយ។ នាងបានប្រឡងជាប់បាក់ឌុប នៅ ឆ្នាំ២០០៣ បន្ទាប់មកដោយមានការជួយជ្រោមជ្រែងពីបងប្អូនខ្មែរនៅក្រៅប្រទេស ទើបនាងបានចូលរៀនថ្នាក់មហាវិទ្យាល័យបានត្រឹមថ្នាក់ទី២ លុះអស់មានអ្នកជួយ នាងក៏ផ្អាកការរៀនសូត្រត្រឹមនោះ។ តាំងពីនោះមក នាងបានប្រឡូកទាំងការងារសប្បុរសធម៌ និងនយោបាយ រហូតមានការគាំទ្រ ពីអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាង ច្រើន។ ទីបំផុត តាមរយៈសកម្មភាពរបស់នាង បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំអូរចារ មានការជឿជាក់សម្រេចចិត្តបោះឆ្នោតប្រគល់តួនាទីជាចៅសង្កាត់ មកឱ្យនាងជាអ្នកដឹកនាំ ហើយនាងសន្យាថា នឹងដឹកនាំអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ អូរចារ ឱ្យមានការអភិវឌ្ឍន៍ប្រកបដោយតម្លាភាព ៕

 

RELATED ARTICLES