ភ្នំពេញ ៖ គណបក្សកាន់អំណាច (បក្សប្រជាជនកម្ពុជា) មានជំនឿថា នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ខាងមុខនេះ នឹងនៅតែទទួលបានសំឡេងឆ្នោតនាំមុខគណបក្សប្រឆាំង និងបានដឹកនាំប្រទេសបន្តទៀត ដូច្នេះ ការអះអាងរបស់បក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ដែលថា នឹងមានការផ្ទេរអំណាចឱ្យខ្លួន ដឹកនាំប្រទេសនៅឆ្នាំ២០១៨ នោះ គ្រាន់តែជាការស្រមៃឬយល់សប្តិប៉ុណ្ណោះ មិនអាចក្លាយជាការពិតទេ ពោលគឺនៅឆ្នាំ២០១៨ នឹងគ្មានការផ្ទេរអំណាចឱ្យគណបក្សប្រឆាំងនោះទេ)។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា មូលហេតុដែលគណបក្សថា មិនអាចផ្ទេរអំណាចទៅឱ្យគណបក្សប្រឆាំង នៅឆ្នាំ២០១៨ ដោយសារតែគណបក្សប្រជាជនកម្ពុជា នៅតែមានសក្តានុពលភាពក្នុងការទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត (ឈ្នះឆ្នោត) តាមរយៈការមើលឃើញពីគុណសម្បត្តិ និងស្នាដៃជាច្រើន ក្នុងការកសាងសមិទ្ធផលជាច្រើនរាប់មិនអស់។ ដូច្នេះក្តីសង្ឃឹមរបស់គណបក្សប្រឆាំង ដែលប្រកាស ថា ឈ្នះឆ្នោត និងមានការផ្ទេរអំណាចនោះ គ្រាន់តែស្ថិតនៅក្នុងក្តីស្រមៃ ឬការយល់សប្តិប៉ុណ្ណោះ មិនអាចក្លាយជាការពិតបានឡើយ។
លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ថា “វាជាការគួរឱ្យអស់សំណើចណាស់ មិនទាន់ដល់ពេលបោះឆ្នោត ដែលប្រជាពលរដ្ឋសម្តែងឆន្ទៈ គាត់និយាយថា គាត់ឈ្នះ ហើយគាត់ទាមទារផ្ទេរអំណាចទៅហើយ ដូច្នេះ យើងមិនអាចទទួលយកបានទេបញ្ហានេះ ពីព្រោះការឈ្នះឆ្នោត ឬចាញ់ឆ្នោតហ្នឹង ក៏មិនលើគាត់ថាទេ វាអាស្រ័យទៅលើការសម្តែងមតិ ឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈពេលបោះឆ្នោត គឺខែ០៧ (កក្កដា) ឆ្នាំ២០១៨ ឯណោះ។ អ៊ីចឹងទេ ការព្យាករទុកមុន ខ្ញុំចាត់ទុកថា ជាការឃោសនា នយោបាយតែប៉ុណ្ណោះ។ ប្រធានបទនៃការផ្ទេរអំណាចនេះ វាមិនអាចកើតឡើងពិតប្រាកដទេ អានេះគ្រាន់តែជាការយល់សប្តិរបស់គណបក្សប្រឆាំង ដែលមិនអាចប្រែក្លាយទៅជាការពិត។ យើងឃើញហើយចរិតលក្ខណៈនៃការបោះឆ្នោត ឆ្នាំ២០១៧ វាមានលក្ខណៈដូចបោះឆ្នោតជាតិ អ៊ីចឹងអាស្រ័យដោយមេដឹកនាំគណបក្សនីមួយៗ សុទ្ធតែចេញមុខ ដើម្បីធ្វើការឃោសនាដោយផ្ទាល់។ អ៊ីចឹងទេ វាមានចរិតបោះឆ្នោតសកលរួចទៅហើយ អ៊ីចឹងតាមលទ្ធផលនៃបោះឆ្នោតសកលនេះ យើងឃើញហើយ គណបក្សប្រជាជនកម្ពុជា នៅតែមានការគាំទ្រពីប្រជាពលរដ្ឋ ហើយបើប្រៀបធៀបនឹងឆ្នាំ២០១៣ យើងលើសសន្លឹកឆ្នោត រហូតដល់៣០ម៉ឺន ហើយបើគិត៣លានប្រាំសែនសំឡេងឆ្នោត ដែលបោះឆ្នោតឆ្នាំ២០១៧នេះ គឺគណបក្សប្រជាជនកម្ពុជា ឡើងអាសនៈរដ្ឋសភាហ្នឹង រហូតទៅដល់ ៧០ប្លាយអាសនៈ។ អ៊ីចឹងនេះជាសូចនាករមួយ ដែលធ្វើឱ្យយើងមានសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជា នៅតែមានការគាំទ្រពីប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨នេះ”។
លោកសុខ ឥសាន មានប្រសាសន៍បន្តថា វាអត់មានការផ្ទេរអំណាចអីទេ ព្រោះថាគណបក្សប្រឆាំងហ្នឹង វាអត់មានលក្ខណៈថា ឈ្នះឆ្នោតនៅកន្លែងណា វាអត់មាន។ ចំពោះការដែលបក្សប្រឆាំងថា សម្រេចដាក់បេក្ខភាពនាយក- រដ្ឋមន្ត្រី នៅក្នុងសមាជ មុនការបោះឆ្នោត អាហ្នឹងជាសិទ្ធិសម្រេចរបស់គណបក្ស ផ្ទៃក្នុងរបស់គាត់ទេ យើងមិនអាចទៅជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់គាត់ទេ ក៏ប៉ុន្តែយើងដឹងហើយថា ឥឡូវកំពុងមានការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ រវាងសម រង្ស៊ី ជាមួយនឹងឯកឧត្តមកឹម សុខា ហ្នឹងឯង ទោះបីសម រង្ស៊ី បានអស់ជីវិតនយោបាយ នៅក្នុងគណបក្សក៏ដោយ ក៏ប៉ុន្តែគាត់នៅមានមហិច្ឆតាដើម្បីដណ្តើមយកតួនាទីជាបេក្ខជន នាយករដ្ឋមន្ត្រីរបស់គណបក្សប្រឆាំង។ សរុបទៅ ការមិនអាចផ្ទេអំណាចឱ្យបក្សប្រឆាំងបាន មានបញ្ហាខ្លី សាមញ្ញ ងាយយល់ គឺថា ប្រជាពលរដ្ឋ នៅតែមានសន្ទុះគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ខ្លាំងក្លាដដែល។ អ៊ីចឹងទេ នេះជាលទ្ធភាពឱ្យគណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះឆ្នោត ទៅតាមតួលេខដែលឆ្លុះបញ្ចាំងពីការបោះឆ្នោតឆ្នាំ២០១៧ នេះ ឃើញថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាហ្នឹង គឺឡើង កើនលើសពី៦៨អាសនៈ ហើយដោយឡែកគណបក្សប្រឆាំង ទោះបីមានសំឡេងកើនឡើងក៏ពិតមែន ក៏ប៉ុន្តែសន្ទុះនៃការកើនឡើងនេះ គឺនៅទាបជាងគណបក្សប្រជាជនកម្ពុជាទេ។ សន្លឹកឆ្នោត បើប្រៀបធៀបឆ្នាំ២០១៣ គាត់កើនតែ៩ម៉ឹនសន្លឹកឆ្នោតតែប៉ុណ្ណោះ តែដោយឡែក សន្ទុះនៃការកើនឡើងនៃសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ឡើងរហូតដល់៣០ម៉ឺន។ ៩ម៉ឺន និង៣០ម៉ឺន គឺវាខុសគ្នាឆ្ងាយណាស់។ នេះជាចំណុចបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនអាចមានលទ្ធភាពដណ្តើម យកឈ្នះឆ្នោតលើ គណបក្សប្រជាជនកម្ពុជាទេ។
គួរបញ្ជាក់ថា មុននេះទាំងលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តែងអះអាងថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត បានដឹកនាំប្រទេសនៅឆ្នាំ២០១៨ ហើយនឹងមានការផ្ទេរអំណាចនៅវិមានសន្តិភាព។ ប៉ុន្តែ យ៉ាងណាគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) តែងអះអាងថា គណបក្សនេះ នឹងនៅតែបន្តឈ្នះឆ្នោត បានដឹកនាំប្រទេស នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដូច្នេះ បក្សប្រឆាំង បានត្រឹមតែស្រមៃថា នឹងបានដឹកនាំប្រទេសតែប៉ុណ្ណោះ មិនអាចក្លាយជាការពិតបានទេ៕
កុលបុត្រ