ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានការចាប់ផ្សឹក ឃាត់ខ្លួន និងឃុំខ្លួនអតីតព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម នៅខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការលេងកាំភ្លើងនៅក្នុងវត្តនោះមក ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានបិណ្ឌបាតឱ្យតុលាការដោះលែងអតីតសង្ឃអង្គនោះវិញ ហើយព្រះអង្គបានចាត់ទុកថា ការចាប់ផ្សឹក ឃាត់ខ្លួន និងឃុំខ្លួនអតីតសង្ឃដែលលេងកាំភ្លើងជ័រនោះ គឺពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាង។
សវនាការរបស់សាលាដំបូងខេត្តបាត់ដំបង លើព្រះអង្គ ហន សុផាន្នី គង់នៅវត្តដំរីស ដែលបានប្រើកាំភ្លើងជ័រ និងបង្ហោះឱ្យឃើញតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានធ្វើឡើងដោយ លោកលី សុខា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ត ហើយក៏បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។
គួរបញ្ជាក់ថា កម្លាំងនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានឃាត់ព្រះកាយ និងផ្សឹកព្រះសង្ឃ១អង្គ ព្រះនាមហន សុផាន្នី ព្រះជន្ម២៤ឆ្នាំ គង់នៅកុដិ លេខ១២ វត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តាមដីការបស់តុលាការបញ្ជាឱ្យចូលខ្លួន លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ពីបទធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុក អាវុធខុសច្បាប់។
អតីតព្រះសង្ឃអង្គរូបនេះ ត្រូវបានលោក គឺ បុណ្ណារ៉ា សម្រេចចោទប្រកាន់ចំនួន២បទល្មើស គឺកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឱ្យប្រពឹត្ត្របទឧក្រិដ្ឋជាអាទិ៍ ដែលយោងតាមក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសកាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ស្របតាមមាត្រា ៤៩០ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ។ ដោយឡែក បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ អាចនឹងត្រូវផ្តន្ទាទោសពី៦ខែ ទៅ២ឆ្នាំ ហើយបទល្មើសទាំងនេះ ក៏ត្រូវពិន័យជាប្រាក់ផងដែរ។
តាមទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជាក់ថា មួយរយៈកន្លងមកនេះ មានគណនីហ្វេសប៊ុកព្រះសង្ឃមួយ បានធ្វើការបង្ហោះនូវរូបភាព ដែលហាក់បីដូចជាមិនមែនខ្លួនជាព្រះសង្ឃ ដោយសារតែរូបភាពទី១ គឺរូបលោកផ្ទាល់ មានកាន់ដាវសាមូរ៉ៃ ដែលមើលទៅហាក់ដូចជា សង្ឃនៅវត្តសាវលីញ ប្រទេសចិន រីឯរូបដែលបង្ហោះនាពេលថ្មីៗនេះ គឺរូបលោកបានក្រាបកាន់កាំភ្លើងយន្ត ដែលមិនខុសអីពីរូបខ្មាន់កាំភ្លើង ISIS ឡើយ ដែលរូបទាំងនេះ បានបង្ហោះក្នុងអំឡុងថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា កន្លងទៅនេះ នៅក្នុងវត្តដំរីសផង និងក្នុងវត្តខ្នាចរមាស នៃស្រុកបវេល ផងដែរ។ ដោយសង្កេតឃើញថា រូបភាពទាំងនេះ អាចមានការពាក់ព័ន្ធ នឹងបទធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ទើបតុលាការ បានធ្វើការស្រាវជ្រាវ ព្រមទាំងបានរកឃើញ ទីតាំងដែលព្រះសង្ឃអង្គនេះគង់ នាពេលបច្ចុប្បន្ន ដោយបានចេញជាដីកាបញ្ជាឱ្យចូលខ្លួន លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយលោកគឺ ប៊ុណ្ណារ៉ា តំណាងអយ្យកាសាលាដំបូងខេត្ត។
ទោះបីយ៉ាងណា ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលបានតាមដានករណីនេះ តាំងពីថ្ងៃដែលប៉ូលិសឃាត់ព្រះកាយ និងចាប់ផ្សឹកព្រះតេជគុណហន សុផាន្នី រហូតដល់តុលាការ ចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ថា ការដាក់ទោសលើសមាជិក បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម នោះ មិនមែនដោយសាររឿងកាំភ្លើងជ័រនោះទេ តែជារឿងនយោបាយច្រើនជាង។
ព្រះតេជគុណប៊ុត ប៊ុនតិញ បានមានពុទ្ធដីកាថា “ចម្រើនពរ ! អាត្មាបានជជែកជាមួយ មន្ត្រីពាក់ព័ន្ធ ជាពិសេសស្នងការ ព្រះរាជអាជ្ញារង ហើយនិងមន្ត្រីធម្មការខេត្តបាត់ដំបង តាំងពីល្ងាចម្សិលមិញ ម៉ោង៧ ថា យើងជួបចរចាគ្នា ម៉ោង៩ព្រឹកនេះ ប៉ុន្តែម៉ោង៩ អាត្មាព្យាយាម ជួបមន្ត្រីដែលបានសន្យាគ្នាពីល្ងាច គ្មានអ្នកណាគេជួបអាត្មាទេ ហើយក្នុងការពិភាក្សាគ្នាហ្នឹងថា ទៅរកបទល្មើសវត្ថុតាងនៃការចោទប្រកាន់ហ្នឹងបាន គេនឹងសម្រាលទោសបានវិញហើយ ប៉ុន្តែម៉ោង៩ឡើងទៅ គេអត់ទៅជួប ហើយទាក់ទងទៅគេមិននិយាយជាមួយយើង រឿងទី១។ រឿងទី២ បានណាត់បន្តទៀតថា ជួបម៉ោងនេះ ដល់ម៉ោងគេអត់ជួប ចុងក្រោយ ជម្រើសរបស់អាត្មា គឺដើរដោយថ្មើរជើង ធម្មយាត្រាពីមុខសាលាដំបូងខេត្តបាត់ដំបង មក មន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង ហើយដល់ទៅគេថា អត់មានមន្ត្រីជំនាញគេនៅទេ ប្រធានក៏ចុះបេសកកម្ម មន្ត្រីជំនាញសាសនា ក៏ចុះបេសកកម្មអស់ ហើយអាត្មាជម្រើសបន្តទៀត គឺទៅជួបលេខាមេកុដិបាត់ដំបង ដែលជាអ្នករៀបចំផ្សឹកព្រះអង្គហន សុផាន្នី គឺព្រះសង្ឃគួន មុនី ហើយលោកក៏និយាយថា ដូចមិនមានរឿងអីធ្ងន់គួរកាត់ទោស គួរផ្សឹកអីទេ ព្រោះកំហុសឆ្គងហ្នឹងវាតិច។ ក៏ប៉ុន្តែមួយសន្ទុះក្រោយមក យើងបានទទួលព័ត៌មានថា ព្រះអង្គហន សុផាន្នី ត្រូវបានព្រះរាជអាជ្ញា ហើយនិងចៅក្រម គេសម្រេចផ្តន្ទាទោស ឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបងហើយ។ អាត្មាមើលទៅឃើញការចាប់ផ្សឹកយ៉ាងតក់ក្រហល់ ប្រព្រឹត្តខុសនឹងនីតិវិធី នៃដំណើរការចាប់ហើយនិងផ្សឹកហ្នឹង វាខុសត្រង់នីតិវិធីច្បាប់រដ្ឋ ហើយខុសត្រង់ច្បាប់ពុទ្ធសាសនា តែហេតុអីបានគេប្រព្រឹត្តល្មើសទៅរួច? ដោយសារគេផ្សារភ្ជាប់បញ្ហានេះ ទៅជាមួយបញ្ហានយោបាយ ពីព្រោះព្រះអង្គហន សុផាន្នី គឺជាសកម្មសង្ឃមួយអង្គ ដែលស្វាហាប់កិច្ចការសង្គម ហើយហ៊ានតវ៉ា ហ៊ាននិយាយតាមបណ្តាញសង្គមច្រើនរឿងណាស់ ហើយអ្វីដែលកត់សម្គាល់ខ្លាំងហ្នឹង គឺព្រះអង្គ ហន សុផាន្នី ក្នុងនាមជាមេកុដិលេខ១២ វត្តដំរីស ក្នុងសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបងហ្នឹង ហ៊ានផ្តិតរូបធំ គឺរូបលោកបណ្ឌិតកែម ឡី ផ្ទាំងធំ យកទៅបិទលើជញ្ជាំងកុដិ ហើយដាក់សុភាសិត ទាំង១០ចំណុចហ្នឹងនៅនឹងជញ្ជាំងកុដិ ហើយខាងមន្ត្រីមានសមត្ថកិច្ចខេត្តបាត់ដំបងហ្នឹង គេបានប្រឹងប្រែងគំរាមលោក ឱ្យលោកដករូប កែម ឡី ហ្នឹង ចេញពីកុដិហ្នឹងច្រើនដងណាស់ ប៉ុន្តែលោកមិនដក។ ចុងក្រោយ ប្រហែលជា ២សប្តាហ៍មុននេះ គេគំរាមលោកឱ្យដកហើយ លោកឆ្លងយោបល់អាត្មា ហើយអាត្មាក៏ថាឱ្យដកចុះ ហើយយើងដករួចហ្នឹង បានគេគិតគូររក មធ្យោបាយចាប់ហ្នឹង។ ហើយរឿងទី៣ទៀត ដែលមើលឃើញថា គេចាត់ទុកព្រះអង្គហន សុផាន្នី ជាផ្ទាំងស៊ីប ក្នុងការធ្វើការចាប់ខ្លួនហ្នឹង គឺដោយសារព្រះអង្គហន សុផាន្នី ហ្នឹងចូលរួមធ្វើជាអ្នកសម្របសម្រួលសង្កេតការណ៍ការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ០៤ មិថុនា នេះ លោកជាអ្នកសម្របសម្រួលនៅសង្កាត់ អូរចារ ក្រុងបាត់ដំបង ហើយកន្លែងដែល លោកសម្របសម្រួលនោះ គឺទទួលបានសន្លឹកឆ្នោតច្រើន ហើយក្រុមអ្នកសង្កេតការណ៍ ដែលនៅក្រោមការសម្របសម្រួលរបស់ព្រះអង្គ ហន សុផាន្នី នេះ គឺស្វាហាប់ ហើយតាមដានសន្លឹកឆ្នោតយ៉ាងយកចិត្តទុក ដាក់។ ដូច្នេះហើយ បានវាធ្វើឱ្យគេមើលមកព្រះអង្គហន សុផាន្នី នេះ គឺជាមេចលនានៅក្នុងតំបន់ហ្នឹងខ្លាំង បានគេចាប់ផ្តើមភ្ជាប់ទៅជាមួយនឹងកាំភ្លើងជ័រហ្នឹង។ ប៉ុន្តែអាត្មាថា គួរឱ្យអស់សំណើចណាស់ ដែលអាជ្ញាធររបស់រដ្ឋ មើលងាយប្រជាពលរដ្ឋរបស់ខ្លួន ឆាឆៅសូម្បីតែព្រះសង្ឃគង់នៅក្នុងវត្ត ក៏គង់មិនបានដែរ ធ្វើបាបរុកកួន រកតែយើងរស់ហើយនិងរៀនៗមិនកើត។ ដូច្នេះ យើងជាប្រជាពលរដ្ឋ គួរពិចារណាចំណុចនេះចុះ ពីព្រោះយើងរស់មិនបានទេ ចង់រស់ ចង់រៀន ហើយចង់និយាយអ្វីដែលយើងរៀនចេះ និយាយអត់បាន ហើយនិយាយប៉ុណ្ណឹងអត់បាន រស់យ៉ាងម៉េច? ហើយការដែលតុលាការកាត់ទោសនេះ ចំណុចដែលអាត្មាមើលឃើញខុសខ្លាំងជាងគេ ទី១ មកចាប់ដោយអត់មានភ័ស្តុតាង ទី២ មកចាប់ដោយអត់មានការស៊ើបអង្កេត ទី៣ មកចាប់ដោយមិនទាន់ដល់កំណត់ដីកាចាប់ ព្រោះដីកាហ្នឹងមិនមែនជាដីកាចាប់ខ្លួនទេ ជាដីកានិមន្តឱ្យចូលទៅបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង ថ្ងៃ០៥ ខែកក្កដា ប៉ុន្តែហេតុអីបានមកចាប់មុន ហើយរឿងមួយទៀត ដែលគេមកចាប់មុនហ្នឹង គឺកាលពី២ថ្ងៃមុននេះ ព្រះអង្គហន សុផាន្នី បានបង្ហោះហ្វេសប៊ុក ទិតៀនបញ្ហាសង្គមហ្នឹងច្រើនរឿងណាស់។ ដូច្នេះរឿងនេះ រឿងលេងកាំភ្លើងជ័រ បង្ហោះកាំភ្លើងជ័រ គ្រាន់តែជារឿងខាងក្រៅ ហើយតុលាការចោទពី២ករណីហ្នឹង កាន់កាប់និងលាក់អាវុធខុសច្បាប់ហ្នឹង វាខុស វាអាក្រក់ពេក ព្រោះអាវុធនេះកាំភ្លើងជ័រ ក៏ប៉ុន្តែគេយកពាក្យហ្នឹងមក ចោទ ដើម្បីឱ្យមានទម្ងន់ ដើម្បីឱ្យបិទបាំងអាកម្លាំងនយោបាយ ហ្នឹងនៅខាងក្រោយ រឿងហ្នឹងវាអ៊ីចេះទេ”។
ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកាបន្តថា “រឿងត្រឹមត្រូវ ទោសកំហុសស្រាល ក្នុងពុទ្ធសាសនា គេហៅថា ទោសលហុ។ ទោសលហុហ្នឹង ក៏ជាទោសស្រាលមួយដែរ ហើយក្នុងច្បាប់រដ្ឋ ទោសមជ្ឈិមប៉ុណ្ណោះ វាមិនទាន់ធ្ងន់ ហើយបើទោសមធ្យម គេគ្រាន់តែធ្វើការអប់រំ ផាកពិន័យអីបន្តិចបន្តួច អត់មានត្រូវឃុំឃាំងទេ។ ប៉ុន្តែអាត្មាសុំទុកករណីរឿងផ្លូវច្បាប់មួយអន្លើ ទុកឱ្យអ្នកច្បាប់គេបកស្រាយ។ អាត្មាសុំបកស្រាយតាមតែពុទ្ធវិន័យ ហើយមើលតាម ពុទ្ធវិន័យ ទោសកំហុសប៉ុណ្ណោះ អាបត្តិទុក្កដ បើព្រះអង្គធ្វើខុស និមន្តមកឱ្យសម្តែងឆ្លងព្រះវិហារ ហើយព្រះមហាថេរ ធ្វើការអប់រំ ឱ្យលោកហ្នឹង ប្រព្រឹត្តបដិបត្តិត្រឹមត្រូវតាមធម៌តាមវិន័យមក រួចហើយបួសបានប្រក្រតីធម្មតា ហើយទោសកំហុសដែលចាត់ទុកថា ទោសគរុ ឬក៏ថា ទោសធ្ងន់ហ្នឹង គឺទាល់តែទោសបារាជិក ៤យ៉ាង មានលួចទ្រព្យគេ ក្លែងខ្លួន សម្លាប់មនុស្សអី អាហ្នឹងបានជាទោសធ្ងន់ ត្រូវផ្សឹក ចេញពីភាវៈជាអ្នកបួស។ អានេះវាអត់អ៊ីចឹង ត្រូវផ្សឹក យកគេទៅដាក់គុកអ៊ីចឹង អាត្មាមើលឃើញថា អាជ្ញាធររបស់រដ្ឋសព្វថ្ងៃ ប្រមាថប្រជាពលរដ្ឋរបស់ខ្លួន ដូចសំរាមអ៊ីចឹង។ ឥឡូវនេះ ជម្រើសមានតែមួយទេ គឺយើងចាប់ផ្តើមរក មេធាវីការពារក្តី ប្រគេនលោក ហើយព្យាយាម ដោះស្រាយតាមនីតិវិធី ពីព្រោះពេលវេលាបើយើងចំណាយពេលមកគិតគូររឿងគេចាប់មនុស្សដាក់គុកម្នាក់ វាបាត់បង់ឱកាសចូលរួម ចលនាបោះឆ្នោតឆ្នាំ២០១៨ សំខាន់ជាង។ ដូច្នេះ អាត្មាមិនមានសំណូមពរអីទេ មានតែសំណូមពរឱ្យ ញាតិញោមចូលរួមបោះឆ្នោតឆ្នាំ២០១៨ បានគ្រប់គ្នា ហើយបោះរកមនុស្សដែលមានសេចក្តីថ្លៃថ្នូរ បោះរកមនុស្សដែលដឹកនាំប្រទេសប្រកបទៅដោយការច្នៃប្រឌិតប្រាកដប្រជា ហើយស្រលាញ់ប្រជាពលរដ្ឋរបស់ខ្លួន យកប្រទេសជាតិហ្នឹង ជាទីពឹងប្រជាពលរដ្ឋ ជាអ្នកជួយជ្រោមជ្រែងការពារប្រទេស”។
ទោះយ៉ាងណា ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ពីមន្ត្រីសាលាដំបូងខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ៕
កុលបុត្រ