Sunday, November 24, 2024
Homeនយោបាយអភិបាលខេត្តស្រីទី១ ចូលកាន់តំណែងជាផ្លូវការ

អភិបាលខេត្តស្រីទី១ ចូលកាន់តំណែងជាផ្លូវការ

 ខេត្តកោះកុង ៖ លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុងថ្មី និងជាអភិបាលខេត្តស្ត្រីទី១ បានចូលកាន់តំណែងជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដែលពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកស្រីមិថុនា ភូថង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកប៊ុន លើត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នោះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណ៣០០នាក់។ ក្នុងនោះដែរ ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ចុះកម្លាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងអភិបាលរាជធានី-ខេត្ត ចំនួន៤ រួមមាន ៖

១-លោកឃួង ស្រេង ឋានន្តរស័ក្តិឧត្តម មន្ត្រីថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជំនួសលោកប៉ា សុជាតិវង្ស ដែលត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈ ស្មើរដ្ឋមន្ត្រី។

២-លោកស្រីមិថុនា ភូថង ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកប៊ុន លើត ដែលត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី។

៣-លោកគួច ចំរើន ឋានន្តរស័ក្តិឧត្តម មន្ត្រីថ្នាក់លេខ៥ ជាអភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ជំនួសលោកលន់ លឹមថៃ ដែលត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី។

៤-លោកលី ឡេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោកប្រាជ្ញ ច័ន្ទ ដែលត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី។

តាមប្រភពព័ត៌មានឱ្យដឹងថា លោកគួច ចំរើន នឹងឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ចាមថ្មី ជាផ្លូវការ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលលោកលី ឡេង នឹងឡើងកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នោះដែរ ៕

RELATED ARTICLES