ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានបង្ហាញកត្តា៣ ដែលលោក ជឿជាក់ថា នឹងធ្វើឱ្យគណបក្សប្រឆាំង ឈ្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ ឆ្នាំ២០១៨ ខាងមុខ។
ថ្លែងនៅក្នុង “វេទិកាជួបជាមួយបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តព្រៃវែង” កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង លោកកឹម សុខា បានលើកឡើងថា លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ បានបង្ហាញពីកំណើនយ៉ាងសន្ធឹកសន្ធាប់នូវចំនួនមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ដែលនេះជាមូលដ្ឋានដ៏រឹងមាំ ដើម្បីឈានទៅរកជ័យជម្នះ ឆ្នាំ២០១៨។
លោកកឹម សុខា បានមានប្រសាសន៍ថា “បោះឆ្នោតឃុំ-សង្កាត់ កាលពី២០១២ យើងបក្សទាំង២នេះ សម រង្ស៊ី និងសិទ្ធិមនុស្សហ្នឹង បាន១លាន៨សែន គិតទៅបាន៣០,៧% អាហ្នឹង ២០១៣ ហើយមកដល់ពី២០១៧ នេះ យើង បាន៣លានលើសបន្តិចផង បើគិតភាគរយ ជិត ៤៤%។ អ៊ីចឹងយើងឡើងពី៣០,៧០% មក៤៤% អាហ្នឹងឡើងហើយចុះ? ថាឡើង១៤%ទៀត។ បោះឆ្នោតឃុំ-សង្កាត់ មួយអាណត្តិៗ ឡើងដល់ ១៤% បោះឆ្នោតតំណាងរាស្ត្រ មួយអាណត្តិ ទៅមួយអាណត្តិ ឡើង១៦%។ ឥឡូវយើងបាន ៤៤%ទៅហើយ បើឡើង១០%ទៀតជាង មិន ឡើង៥០%ជាងហើយ? បើ៥០%ជាង មានន័យថា តំណាងរាស្ត្រយើងច្រើនជាងក្នុងសភា ហើយបើច្រើនជាងក្នុងសភា ច្បាប់ថវិកា ច្បាប់ហិរញ្ញវត្ថុ ពេលយើងឈ្នះ២០១៨ ធ្វើច្បាប់ហិរញ្ញវត្ថុ ចុងឆ្នាំ២០១៨ សម្រាប់អនុវត្ត អាកន្លះលានហ្នឹងមិនធ្លាក់មកគ្រប់ឃុំហើយ?”។
លោកកឹម សុខា ក៏បានបញ្ជាក់ដែរថា ចំពោះជ័យជម្នះឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងកត្តា៣ គឺ ៖
១-ប្រជាពលរដ្ឋម្ចាស់ឆ្នោតភាគច្រើន ចង់ឱ្យមានការផ្លាស់ប្តូរគោលនយោបាយគណបក្សល្អ និងគណបក្សមានប្រជាប្រិយភាព។
២-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងអាជ្ញាធរ ទោះបីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅមានច្រើនមែន តែប្រសើរជាងមុនបន្តិចដែរ។
៣-គូប្រកួតរបស់គណបក្សសង្គ្រោះជាតិ ប្រជាប្រិយភាពបាននិងកំពុងធ្លាក់ចុះ។
ទោះបីកត្តាទាំង៣នេះ បានអំណោយផលសម្រាប់គណបក្សហើយក៏ដោយ ក៏លោកកឹម សុខា សូមឱ្យសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្តោតលើ “កត្តាខ្លួនយើងឱ្យកាន់តែហ្មត់ចត់ឡើង”។
ដោយឡែក ថ្លែងនៅក្នុង “វេទិកាថ្លែងអំណរគុណម្ចាស់ឆ្នោត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ លោកកឹម សុខា បានបញ្ជាក់ថា “លុបបំបាត់ភាព មិនប្រក្រតី ដើម្បីអ្នកឈ្នះដោយកិត្តិយស អ្នក ចាញ់ដោយអស់ចិត្ត។ ខ្ញុំយល់ឃើញថា នៅក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោតជ្រើសរើស អ្នកដឹកនាំដែលឆ្លុះបញ្ចាំងនូវឆន្ទៈពិតរបស់ប្រជាពលរដ្ឋ “ឈ្នះឬចាញ់ ជារឿងធម្មតា។ ប៉ុន្តែចំពោះបរិបទបោះឆ្នោតនៅកម្ពុជា ក្នុងប៉ុន្មានអាណត្តិ ចុងក្រោយនេះ សង្កេតឃើញថា នៅមានភាពមិនប្រក្រតីខ្លះ ដែលកើតឡើងដដែលៗ។ ជាក់ស្តែងដូចជាបរិយាកាសមុនថ្ងៃបោះឆ្នោត ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃស ថ្ងៃបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោតជាដើម។ ដូច្នេះ ខ្ញុំសូមអំពាវនាវឱ្យ គ.ជ.ប អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ សូមធ្វើការលុបបំបាត់នូវចំណុចមិនប្រក្រតីដដែលៗនេះ ដើម្បីការបោះឆ្នោតជាតិឆ្នាំក្រោយ ស្ថិតក្នុងបរិយាកាសស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែល ជាការឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។ បើធ្វើដូចនេះ បានខ្ញុំជឿថា អ្នកឈ្នះ អ្នកចាញ់ គ្មានហតុផលអ្វីត្រូវឈ្លោះគ្នាទៀតទេ ហើយអាចចាប់ដៃគ្នា សហការគ្នា ក្នុងនាមជាបក្សប្រឆាំង និងបក្សកាន់អំណាច ដើម្បីកសាងអនាគតកាលកម្ពុជាមួយដ៏ប្រសើរបាន”។
ទាក់ទងនឹងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នេះដែរ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះទេ និងបានអំពាវនាវដល់ គ.ជ.ប និង អាជ្ញាធរមានសមត្ថកិច្ចធ្វើការកែលម្អ ដើម្បីឱ្យការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នោះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងមកនេះ មិនទាន់បានបំពេញលក្ខខណ្ឌ ពេញលេញតាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ទោះបីការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ មានលក្ខណៈល្អប្រសើរ និងជាវិជ្ជមាន តែហេតុការណ៍សំខាន់ៗមួយចំនួនទៀតនេះ បានធ្វើឱ្យប៉ះពាល់ ដល់ការបោះឆ្នោត ៖
ក. បរិយាកាសនយោបាយមុនការបោះឆ្នោត
១.មានការគាបសង្កត់គណបក្សសង្គ្រោះជាតិ និងការរារាំងអតីតប្រធានគណបក្សសង្គ្រោះជាតិ មិនអាចវិលមកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោត។
២.ការវាយដំតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ និងឃុំខ្លួនតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភាមន្ត្រី គ.ជ.ប មន្ត្រីសិទ្ធិមនុស្ស អ្នកវីភាគបញ្ហាសង្គម និងនយោបាយ សកម្មជនដីធ្លី និងសកម្មជនគណបក្សសង្គ្រោះជាតិ ហើយនិងឃាតកម្មនយោបាយលើអ្នកវិភាគបញ្ហាសង្គម និងនយោបាយ។
៣.ការប្រើប្រាស់វោហាសាស្ត្រ បំភិតបំភ័យរបស់អ្នកនយោបាយមួយចំនួន។
ខ.បរិយាកាសពេលឃោសនាបោះឆ្នោត
១.មានការរើសអើងទីតាំង សម្រាប់ឃោសនា ផ្លូវហែក្បួនឃោសនា ទីកន្លែងបិទស្លាកឃោសនា ដែល គ.ជ.ប មិនមានវិធានការ ដោះស្រាយឡើយ។
២.ប្រព័ន្ធផ្សព្វផ្សាយភាគច្រើន មានការលម្អៀង មិនឯករាជ្យ និងមានការរើសអើង ដូចជានៅថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយ ទូរទស្សន៍ឯកជនទាំងអស់ បានផ្សាយបន្តផ្ទាល់អំពីយុទ្ធនាការឃោសនាបោះឆ្នោត ឱ្យគណបក្សប្រជាជនកម្ពុជា តែមិនផ្សាយពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សដទៃ។ អំពើល្មើសច្បាប់ ល្មើសក្រមសីលធម៌របស់ប្រព័ន្ធផ្សព្វផ្សាយ គ.ជ.ប មិនបានចាត់វិធានការភ្លាមៗ ដោយការផ្អាកការផ្សាយ ឬធ្វើការដាក់ពិន័យឡើយ។ ផ្ទុយទៅវិញ គ.ជ.ប ទុកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សាយតាមអំពើចិត្ត រហូតដល់ចប់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
៣.មានការតម្រូវឱ្យមន្ត្រីរាជការ អាជ្ញាធរ មន្ត្រីតុលាការ ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ហើយនិងមានការប្រើប្រាស់ធនធានរដ្ឋ ដូចជា រថយន្តរដ្ឋ ដោយការដោះស្លាកលេខ ដើម្បីបម្រើការឃោសនាឱ្យគណបក្សកាន់អំណាច។
៤.មានការគំរាមកំហែង ការបំភិតបំភ័យប្រជាពលរដ្ឋ ការលួងលោមទិញទឹកចិត្តប្រជាពលរដ្ឋ តាមរយៈការចែកអំណោយស្ងាត់ៗ ការជប់លៀងស៊ីផឹកផ្សេងៗ។
គ.ថ្ងៃបោះឆ្នោត
១.ប្រជាពលរដ្ឋជាងមួយលាននាក់ ដែលធ្វើការនៅក្រៅប្រទេស បាត់បង់សិទ្ធិបោះឆ្នោត ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច មិនរៀបចំយន្តការ ក្នុងការធានាសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋ។
២.ប្រជាពលរដ្ឋមួយចំនួន បាត់សិទ្ធិបោះឆ្នោត ដោយសារមិនមានឯកសារសម្រាប់ប្រើ ប្រាប់ក្នុងការបោះឆ្នោត (អត់អត្តសញ្ញាណប័ណ្ណ អត់មានលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់បម្រើឱ្យការបោះឆ្នោត) ដែលបណ្តាល មកពីការផ្តល់ព័ត៌មាន អំពីឯកសារដែលត្រូវយកទៅបោះឆ្នោតជំនួសអត្តសញ្ញាណប័ណ្ណមិនបានទូលំទូលាយ ហើយនីតិវិធីនៃការចេញលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណសម្រាប់បម្រើឱ្យការបោះឆ្នោតមានភាពស្មុគស្មាញ។ គ.ជ.ប បានធ្វើការសម្រួលនីតិវិធី នៃការចេញលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឱ្យការបោះឆ្នោតនេះ មានភាពយឺតពេល (គឺបីថ្ងៃ មុនថ្ងៃ បោះឆ្នោត)។
៣.ការមិនផ្តល់ឱកាស ឈប់សម្រាក ដល់បុគ្គលិក កម្មករ នយោជិត ដើម្បីបានទៅបោះឆ្នោត ជាហេតុធ្វើបុគ្គលិក កម្មករ និយោជិតជាច្រើន មិនអាចទៅបោះឆ្នោតនៅទីកន្លែង ដែលខ្លួនបានទៅចុះឈ្មោះ។
ឃ.ការរាប់សន្លឹកឆ្នោត
១.មុនចាប់ផ្តើមរាប់សន្លឹកឆ្នោត មានការិយាល័យជាច្រើនបានបិទទ្វារបង្អួច ហើយនិងមានគំរាមកំហែង ភ្នាក់ងារសង្កេតការណ៍គណបក្ស នៅពេលរាប់សន្លឹកឆ្នោត (ខេត្តបាត់ដំបង រាជធានីភ្នំពេញ ពោធិ៍សាត់… ៘)។
២.ប្រជាពលរដ្ឋដែលចង់ឃ្លាំមើលដំណើរការរាប់សន្លឹកឆ្នោត ត្រូវបានហាមឃាត់មិនឱ្យទៅជិតការិយាល័យរាប់សន្លឹកឆ្នោត និងមានការិយាល័យជាច្រើន មិនត្រូវបានអនុញ្ញាតឱ្យភ្នាក់ងារសង្កេតការណ៍ ថតលទ្ធផលនៃការរាប់សន្លឹកឆ្នោត បើទោះបីជានីតិវិធី ត្រូវបានអនុញ្ញាតក៏ដោយ។
៣.មានវត្តមាន នៃកងកម្លាំងប្រដាប់អាវុធ នៅការិយាល័យបោះឆ្នោតមួយចំនួន ជាពិសេសពេលរាប់សន្លឹកឆ្នោត ក្នុងពេលដែលខ្លួនមិនមានភារកិច្ច និងមិនត្រូវបានអនុញ្ញាត ដោយច្បាប់។
៤.ប្រធានការិយាល័យរាប់សន្លឹកឆ្នោត មួយចំនួន រាប់សន្លឹកឆ្នោតលឿន ហើយផ្តល់សុពលភាពលើគំនូសគាំទ្រគណបក្សនយោបាយ មានភាពលម្អៀង។
៥.ប្រធានការិយាល័យ រាប់សន្លឹកឆ្នោត មួយចំនួន ពន្យារពេលមិនចង់ផ្តល់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់ ១១០២ មកឱ្យភ្នាក់ងារគណបក្ស នៅពេលបញ្ចប់នៃការរាប់សន្លឹកឆ្នោត។
ង. ការដោះស្រាយបណ្តឹង
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ នៅឃុំ-សង្កាត់ដែលមានសំឡេងឆ្នោតលម្អៀងគ្នាយ៉ាងច្រើន ០.៥% រវាងបញ្ជីបេក្ខជនពីរ ឬច្រើន ដែលមានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់។ តែការអនុវត្តជាក់ស្តែង គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ក៏ដូចជា គ.ជ.ប បានបដិសេធពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្តឹងសុំឱ្យពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅ ឃុំ-សង្កាត់ ដែលមានសំឡេងឆ្នោតលម្អៀង គ្នាតិចជាង០.៥% ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដោយយកលេសមិនសមហេតុផល។
គណបក្សសង្គ្រោះជាតិ សុំអំពាវនាវដល់ គ.ជ.ប ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធទាំងឡាយ សុំធ្វើការកែលម្អ នូវភាពមិនប្រក្រតី ដែលមាននៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នេះ ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឆ្លុះបញ្ចាំងពីឆន្ទៈ ពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ…៕