Thursday, September 19, 2024
Homeព័ត៌មានជាតិអាសូរទឹកចិត្តម្តាយក្មេក!!! កូនប្រសាអត់លុយ សុខចិត្តខ្ចីបុលគេ រៀបការកូន

អាសូរទឹកចិត្តម្តាយក្មេក!!! កូនប្រសាអត់លុយ សុខចិត្តខ្ចីបុលគេ រៀបការកូន

សុភាសិតខ្មែរ ១ឃ្លាថា “ក្រៗចុះ កុំតែក្រ” មានន័យថា ទោះជាជីវភាពក្រីក្រយ៉ាងណា ក៏ចិត្តមិនក្រទេ ឬពេលឃើញកូនប្រសាក្រពេក ម៉ែក្មេកសុខចិត្តជំពាក់បំណុលគេជំនួសកូនប្រសា។ ជាក់ស្តែង យុវជនម្នាក់នេះគ្មានលុយថ្លៃបណ្ណាការជូនខាងស្រីទេ លុះជិតដល់ថ្ងៃរៀបការ ម៉ែក្មេករត់ខ្វែងជើងខ្វែងដៃខ្ចីលុយគេ និងជឿបណ្តាក់ទំនិញគេ ធ្វើយ៉ាងណាឱ្យតែបានរៀបការកូនតាមប្រពៃណី ទោះក្លាយជាខ្ញុំគេ ក៏ម៉ែក្មេកសុខចិត្តទទួល…។

លោកលី សុខម៉េង អាយុ២៤ឆ្នាំ សព្វថ្ងៃមករស់នៅស្រុកកំណើតខាងប្រពន្ធ នាភូមិសូប៉េង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បានរៀបរាប់ថា លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះឡេង ចន្ធី អាយុ៥៤ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង។ លោកចូលរៀនបានត្រឹមថ្នាក់ទី១១ ក៏ឈប់ទៅ ដោយងាកទៅរៀនមុខជំនាញជួសជុលទូរស័ព្ទវិញ និងបានចេញទៅរកស៊ីនៅភ្នំពេញ។ ថ្ងៃមួយ លោកកំពុងជួសជុលទូរស័ព្ទ នៅក្នុងផ្សារពោធិ៍ចិនតុង ស្រាប់តែមាននារីម្នាក់ឈ្មោះភេន ហាក់ អាយុ២១ឆ្នាំ បានយកទូរស័ព្ទរបស់នាងទៅជួសជុល។ ពេលនោះ លោកក៏បានសាកសួរពីប្រវត្តិរបស់នាង និងបានដឹងថា នាងជាកម្មការិនីធ្វើការឱ្យក្រុមហ៊ុនអ៊ិនធើរណេតមួយ នៅតាមផ្លូវកោសដូង មិនឆ្ងាយពីបន្ទប់ជួលរបស់លោក។ គ្រាន់តែបានជួបភក្ត្រ័ជំពាក់ចិត្តភ្លាម ទើបតាំងពីពេលនោះមក លោកនិងនាងក៏មានទំនាក់ទំនងគ្នាមក តាមទូរស័ព្ទពី១ថ្ងៃទៅ១ថ្ងៃ រហូតស្គាល់ចិត្តថ្លើមគ្នាច្បាស់។

លោកលី សុខម៉េង និងនាងភេន ហាក់ (ក្នុងថ្ងៃរៀបការ)

លោកលី សុខម៉េង បន្តទៀតថា ឱ្យតែមានពេលទំនេរម្តងៗ លោកតែងទៅសួរសុខទុក្ខនាងដល់ផ្ទះជួល ជួនកាលក៏ដឹកគ្នាដើរកម្សាន្តតាមមាត់ទន្លេ ឡើងផ្សារទំនើប បង្កអនុស្សាវរីយ៍ជាមួយគ្នា មិនអាចបំភ្លចបាន ប៉ុន្តែលោកគោរពប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន មិនហ៊ានបំពានរាងកាយសង្សារនោះទេ។ បន្ទាប់មក លោកក៏ពឹងចាស់ទុំឱ្យចូលស្តីដណ្តឹងនាងតាមទំនៀមទំលាប់ ដោយមេបាខាងស្រី បង្គាប់យកថ្លៃផ្ទះចំនួន១៥០០ដុល្លារ និងត្រៀមរៀបការនៅពេលរកលុយបាន។ ដោយហេតុថា គ្រួសារខាងស្រីក្រពេក ទើបបងប្អូនសាច់ញាតិរបស់លោក ក៏ដូចម្តាយមិនចង់ឱ្យយកប្រពន្ធក្រនោះទេ តែពួកគាត់ក៏មិនបំបែកអ្វីដែរ គ្រាន់តែសម្តែងការមិនពេញចិត្តប៉ុណ្ណោះ។ លុះថ្ងៃរៀបការជិតចូលមកដល់ លោករកលុយ១៥០០ដុល្លារ មិនបានទេ សង្ឃឹមម្តាយក៏គ្មាន ​​បងប្អូនក៏អត់ ចំណែកមុខរបរជួសជុលទូរស័ព្ទ គ្រាន់តែរស់មួយថ្ងៃៗប៉ុណ្ណោះ។ លុះសង្សារទូរស័ព្ទហៅឱ្យមករៀបការ ទើបលោកចេញដំណើរមកទាំងក្រៀមក្រំ ដោយគ្មានបងប្អូន ឬអ្នកម្តាយមកជាមួយទេ ព្រោះពួកគាត់មិនចង់ឱ្យរៀបការ។ លោកមានតែ៣០០ដុល្លារប៉ុណ្ណោះ ក៏លុតជង្គង់លើកជូនម៉ែក្មេក ដោយសំពះគាត់ថា មានតែប៉ុណ្ណឹង មិនដឹងទៅរកឯណាបានទៀតទេ បើម៉ែរៀបការឱ្យ ក៏រៀបទៅ តែបើមិនព្រម មានតែបែកគ្នា។ ពេលនោះ ម៉ែក្មេកក៏ព្រមទទួលទាំងទឹកភ្នែក និងចាត់ចែងរៀបការតាមប្រពៃណី លុះផ្សំដំណេកបាន១០ថ្ងៃ ប្រពន្ធក៏សុំចេញទៅធ្វើការវិញ ដើម្បីរកលុយសងគេ ឯរូបលោកនឹងចេញទៅតាមក្រោយ ដោយនៅជម្រះបញ្ជីជាមួយម្ចាស់បំណុលសិន។

ផ្ទះរបស់អ្នកស្រីជិន ហឺយ និងលោកង៉ែត ធូ

អ្នកស្រីជិន ហឺយ អាយុ៤១ឆ្នាំ ជាម្តាយក្មេក បានឱ្យដឹងថា គាត់បង្គាប់ថ្លៃបណ្ណាការថោកណាស់ ត្រឹម១៥០០ដុល្លារប៉ុណ្ណោះ តែកូនប្រសារកមិនបាន ព្រោះអ្នកដន្លងនិងបងប្អូនខាងប្រុសមិនពេញចិត្តកូនស្រីគាត់។ ទោះយ៉ាងណាក៏សេចក្តីស្នេហាពួកគេស្មោះត្រង់នឹងគ្នាណាស់ គាត់សម្រេចចិត្តរៀបការឱ្យទាល់តែបាន ដោយគាត់និងប្តីបានទៅខ្ចីលុយគេខ្លះ ហើយសូម្បីទិញមាន់ទា ចុងភៅ ភ្លេងភ្លាត់ ផ្នួង ធុងបាស់ សុទ្ធតែជឿបណ្តាក់គេទាំងអស់ ដោយសង្ឃឹមលុយ១៥០០ដុល្លារ និងចំណងដៃអាចយកទៅសងគេបាន។

អ្នកស្រីជិន ហឺយ

អ្នកស្រីជាម្តាយ បន្តទាំងក្តុកក្តួលថា ពេលរៀបការត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ តែនៅល្ងាចថ្ងៃចូលរោង ទើបឃើញកូនប្រសាមកតែម្នាក់ឯងគត់ ហើយយកលុយ៣០០ដុល្លារ ជូនគាត់ ដោយសំពះអង្វរថា គេរកបានតែប៉ុណ្ណឹងទេ ដែលលុយនេះ គេខ្ចីពីបងប្អូន និងលុយខ្លួនឯងខ្លះ។ ពេលកូនប្រសាអង្វរបែបនេះ គាត់ស្រក់ទឹកភ្នែកតក់ៗ ហើយក៏យល់ព្រមទទួលលុយនោះទៅ។ ទោះយ៉ាងណា ក៏គាត់និងប្តីបានជំរុញពិធីរៀបមង្គលការ រហូតចប់ចុងចប់ដើម និងទទួលស្គាល់ថា កូនទាំងពីរស្រលាញ់គ្នាណាស់ ទាស់ត្រង់ក្ររកលុយរៀបការមិនបាន ទុកឱ្យគាត់ជំពាក់គេវ័ណ្ឌក។

លោកង៉ែត ធូលោកង៉ែត ធូ អាយុ៤៥ឆ្នាំ ជាឪពុកក្មេក បានឱ្យដឹងថា ប្តីប្រពន្ធគាត់បានដើរខ្ចីបុលគេយកមកគិតគូររៀបការកូន ដោយសារតែគោរពប្រពៃណីខ្មែរ។ ថ្ងៃរៀបការនោះ អ្នកស្រុកដែលដឹងការពិតបានចងដៃ ច្រើនជាងរោងឯទៀត ធ្វើឱ្យពួកគាត់ប្រមូលបានចំណងដៃ ទូទាត់សងគេជិតរួចហើយ។ ដោយនៅសល់បំណុលខ្លះ កូនស្រីក៏លាប្តីទៅមុន ដើម្បីចូលធ្វើការនៅកន្លែងដដែល ឯកូនប្រសានឹងទៅតាមក្រោយ បន្ទាប់ពីជួយចុះកិច្ចសន្យាសងបំណុលគេរួចមក។

អ្នកស្រីសៅ សុខុម

 

អ្នកស្រីសៅ សុខុម អាយុ៥៤ឆ្នាំ អ្នកស្រីកង សារិន អាយុ៥៣ឆ្នាំ ជាអ្នកភូមិ បានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិតអាសូរក្មេងៗទាំងពីរនេះណាស់ ដែលស្រលាញ់គ្នាស្មោះ តែជួបភាពក្រីក្រ។ មានអ្នកខ្លះ កាលបើជួបឧបសគ្គរកលុយរៀបការមិនបាន ក៏យកគ្នាអត់ខាន់ស្លា ឃើញថាអន់ជាងគូស្វាមីភរិយាថ្មីនេះឆ្ងាយណាស់។

អ្នកស្រីកង សារិន

គួរបញ្ជាក់ថា រឿងជីវិតខាងលើនេះ ចាត់ទុកជាគំរូដ៏ល្អបំផុត សម្រាប់យុវវ័យទាំងឡាយ មើលឃើញ និងយកតម្រាប់តាម។ ទោះជាក្រយ៉ាងណា ក៏ត្រូវតែកុំបំភ្លេចប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយដឹកដៃគ្នាចូលរោងការឱ្យខាងតែបាន។ ចំណែកឪពុកម្តាយខាងស្រី ក៏មានសកម្មភាពល្អគួរយកជាគំរូដែរ ដោយពួកគាត់សុខចិត្តជំពាក់បំណុលគេ តែមិនលះបង់ប្រពៃណីខ្មែរ។ ផ្ទុយទៅវិញ សាច់ញាតិខាងប្រុស ដែលមិនបានមកចូលរួមមង្គលការនេះ ឬថាមើលឃើញតែប្រាក់នោះ គួរពិចារណាឡើងវិញ ព្រោះសេចក្តីស្នេហាមិនរើសគម្លាតអាយុ វណ្ណៈ ឬពណ៌សម្បុរ ជាតិសាសន៍អ្វីទេ។ ហេតុនេះគួរតែគូស្វាមីភរិយាថ្មោងថ្មីខំរកលុយសងគេឱ្យរួច កុំឱ្យរងទុក្ខដល់ឪពុកម្តាយ និងរក្សាភក្តីស្នេហ៍ឱ្យនៅគង់វង្ស នឹងទទួលបានភ័ព្វសំណាងល្អនាអនាគតមិនខានឡើយ៕

RELATED ARTICLES