Sunday, January 19, 2025
Homeវិជ្ជាមេផ្ទះតិចនិកសម្អាតផ្ទះឱ្យមើលទៅស្រឡះស្អាត

តិចនិកសម្អាតផ្ទះឱ្យមើលទៅស្រឡះស្អាត

១-ស្រោមបារកម្ចាត់ល្អងធូលី ៖ ការសម្អាតផ្ទះ ត្រូវចាប់ផ្តើមពីការបោសសម្អាតធូលីជាមុនសិន។ ដោយយកស្រោមបារមករុំចុងអំបោស ឬដែកព្យួរអាវក៏បាន ហើយយកទៅបោសតាមកន្លៀតផ្សេងៗឱ្យស្អាត នឹងជួយមិនឱ្យល្អងធូលីរាលដាលទៅកន្លែងផ្សេង។

២-ខាត់កម្រាលដោយទឹកដោះគោផុតកំណត់ ៖ ប្រសិនទឹកដោះគោសល់ ឬផុតកំណត់ កុំប្រញាប់បោះចោល គ្រាន់តែយកក្រណាត់ទៅជ្រលក់ចូលក្នុងទឹកដោះគោរួចហើយ យកទៅដុសខាត់កម្រាលផ្សេងៗដូចជា កម្រាលឈើ និងថ្មម៉ាប រួមទាំងគ្រឿងសង្ហារឹម ដែលធ្វើពីវត្ថុទាំងនោះបានដូចគ្នា។ បន្ទាប់មក ប្រើក្រណាត់ជ្រលក់ទឹក ជូតម្តងទៀតជាការស្រេច។

៣-ទឹកក្រូចកំប៉ុងសម្អាតចានបង្គន់ ៖ ចាក់ទឹកក្រូចកំប៉ុង (ទឹកខ្មៅប ចូលទៅក្នុងចានបង្គន់ ទុកចោល១យប់នោះ អាស៊ីដក្នុងទឹកក្រូចកំប៉ុង នឹងកាត់ខ្លាញ់ និងស្នាមកខ្វក់ចេញ លុះព្រឹកឡើងសម្អាតតាមធម្មតាជាការស្រេច។

៤-សូដ្យូមប៊ីកាបូណាត សម្អាតគ្រប់ជ្រុងជ្រោយ ៖ សូដ្យូមប៊ីកាបូណាត អាចចូលទៅសម្អាតវត្ថុកខ្វក់បានច្រើនប្រភេទ ថែមទាំងរហ័សទាន់ចិត្ត ដូចជា រោយសូដ្យូមប៊ីកាបូណាតឱ្យសព្វលើព្រំ ហើយប្រើម៉ាស៊ីនស្រូបធូលីសម្អាតម្តងទៀតជាការស្រេច ពុំចាំបាច់បោកសម្អាតនាំតែលំបាក។

៥-ដំឡូងបារាំងខាត់ឧបករណ៍ប្រើប្រាស់ផ្សេងៗ ៖ យកដំឡូងបារាំងពុះពាក់កណ្តាលមកដុសឧបករណ៍អគ្គិសនីហើយជូតចេញ ក៏ធ្វើឱ្យវាភ្លឺរលោងសាជាថ្មីបានដែរ ថែមទាំងអាចយកដំឡូងបារាំងជ្រលក់អំបិលមកដុសខាត់ឆ្នាំង ខ្ទះ ចង្ក្រាន ឬសម្ភារៈ ក្នុងផ្ទះបាយ ផ្សេងៗបានផងដែរ។

៦-សម្បកក្រូចកម្ចាត់ស្នាមខ្លាញ់ ៖ យកសម្បកក្រូចទៅដាក់ក្នុងចង្ក្រានម៉ៃក្រូវេវ បើកកម្តៅទាប ទុកចោលប្រមាណ៦០វិនាទី ហើយដុសសម្អាតវានៅផ្នែកខាងក្នុងចង្ក្រានម៉ៃក្រូវេវម្តងទៀតជាការស្រេច។

៧-ឧបករណ៍ផ្លុំសក់ កម្ចាត់ស្នាមខ្លាញ់ ៖ គ្រាន់តែយកផលិតផលសម្អាត មកលាបពីលើស្នាមប្រឡាក់ខ្លាញ់ក្នុងផ្ទះបាយ រួចប្រើប្លាស្ទិករុំគ្រប ហើយយកឧបករណ៍ផ្លុំសក់កម្តៅខ្ពស់ ផ្លុំប្រមាណ២នាទី នោះស្នាមប្រឡាក់ខ្លាញ់នឹងជ្រះ ចេញពីកម្រាល បន្ទាប់មក សឹមជូតស្នាមសំណល់ដោយអេប៉ុង។

៨-ថ្នាំដុសធ្មេញ បន្ថយស្នាមប្រឡាក់វាំងនន ៖ គ្រាន់តែយកថ្នាំដុសធ្មេញ ទឹកក្រូចឆ្មារ និងអំបិល មកលាបលើស្នាមប្រឡាក់ដែលមើលឃើញច្បាស់ បន្ទាប់មក ជូត និងលាងចេញ នោះវាំងនននឹងស្អាតដោយពុំចាំបាច់ដោះចេញ។

៩-ច្រាសដុសធ្មេញ ខាត់លោហៈ ៖ គ្រឿងលោហៈក្នុងផ្ទះដូចជា ទុយោទឹក ដែកហាលអាវ ក្បាលរ៉ូប៊ីណេទឹក និងសម្ភារៈផ្សេងៗទៀត គ្រាន់តែយកច្រាស ដុសធ្មេញ មកដុសខាត់ដោយប្រើទឹក តែប្រសិនស្នាមប្រឡាក់ទាំងនោះមិនទាន់ ជ្រះស្អាត ត្រូវលាបថ្នាំដុសធ្មេញផង ទើបអាចកម្ចាត់ស្នាមកខ្វក់បាន។

១០-ស៊ុតស ស្តារភាពភ្លឺរលោងឱ្យសម្ភារៈស្បែក ៖ ស៊ុតសរបស់ពងមាន់ អាចយកមកដុសខាត់សម្ភារៈស្បែក ដូចជា គ្រឿងសង្ហារិមស្បែក និងវត្ថុផ្សេងៗ ដែលធ្វើពីស្បែកឱ្យភ្លឺរលោងដូចថ្មីបានផងដែរ ដោយពុំចាំបាច់ប្រើផលិតផល ដែលមានធាតុផ្សំនៃសារធាតុគីមី នាំឱ្យប្រឈមក្នុងការបំផ្លាញសម្ភារៈស្បែកនោះទេ។

១១-ទឹកខ្មេះលាងសម្អាតម៉ាស៊ីនបោកសម្លៀកបំពាក់ ៖ ព្រោះខាងក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់សម្បូរដោយវត្ថុកខ្វក់ជាច្រើន ទាំងមេរោគផ្សិត និងរោគផ្សេងៗជាច្រើនទៀតតោងជាប់សម្លៀកបំពាក់។ ដូច្នេះ ចាក់ទឹក និងទឹកខ្មេះមួយចំនួនចូលក្នុងប្រអប់ម្សៅសាប៊ូ ហើយបើកម៉ាស៊ីនឱ្យធ្វើការ១០-២០នាទី ដើម្បីកម្ចាត់វត្ថុកខ្វក់ និងក្លិនផ្តុសចេញឱ្យអស់។

១២-ទឹកតែ សម្អាតកម្រាលឈើ និងគ្រឿងសង្ហារិម ៖ យកកន្សែងពោះគោ ជ្រលក់ទឹកតែហើយពូតឱ្យស្ងួត សឹមយកទៅសម្អាតកម្រាលឈើ និងគ្រឿងសង្ហារិមឈើ នឹងជួយឱ្យវាត្រឡប់មកភ្លឺរលោង ថែមទាំងជួយបន្ថយក្លិនមិនល្អផងដែរ។

១៣-ទឹកក្រអូប បង្ការធូលី ៖ គ្រាន់តែបន្តក់ទឹកក្រអូប ចូលក្នុងទឹកប្រមាណ ២-៣តំណក់ ហើយយកមកដុសគ្រឿងសង្ហារិម ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីលាបផ្ទៃបង្ការមិនឱ្យធូលីមកតោងជាប់បាន។

១៤-ក្រដាសជូតមាត់ ជ្រលក់សារធាតុធ្វើឱ្យស ៖ កន្លៀតជ្រុងផ្សេងៗក្នុង បន្ទប់ទឹក ជាប្រភពនៃមេរោគ និងរោគផ្សិត។ គ្រាន់តែយកក្រដាសជូតមាត់ ក្រាស់ៗជ្រលក់ក្នុងសារធាតុធ្វើឱ្យស ហើយដាក់ចេលលើស្នាមមេរោគផ្សិត និង តាមចន្លោះកម្រាល ទុកចោលប្រមាណ២ម៉ោង សឹមប្រើច្រាសដុសខាត់ នោះស្នាមខ្មៅនឹងអស់បានយ៉ាងងាយ ពុំចាំបាច់ត្រូវប្រើកម្លាំងខាត់ឱ្យហត់។

១៥-ខ្ទឹមបារាំង ជូតបង្អួច ៖ ទោះបីខ្ទឹមបារាំងមានក្លិនឆួល រហូតដល់ធ្វើឱ្យក្រហាយភ្នែក។ តែវាក៏ជួយសម្អាតកញ្ចក់បង្អួចបានយ៉ាងល្អ ដោយគ្រាន់តែហាន់ខ្ទឹមបារាំងពាក់កណ្តាលហើយយកមកដុសលើកញ្ចក់បង្អួច ជាពិសេស កន្លែងដែលមានស្នាមប្រឡាក់ខ្លាំង រួចប្រើក្រណាត់ ឬក្រដាសកាសែតជូតចេញម្តងទៀត ជាការស្រេច៕

RELATED ARTICLES