ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ឆ្លើយសំណួរ៤ បញ្ជាក់ពីជំហររឹងមាំរបស់គណបក្ស ដែលមានមេដឹកនាំហ៊ានលះបង់គ្រប់យ៉ាងសូម្បីអាយុជីវិតខ្លួន មិនរត់ចោលប្រជាពលរដ្ឋ ទៅសំងំយកស្រួលម្នាក់ឯង នៅក្រៅប្រទេស តស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងផ្តល់កំណើតទី២ ដល់ប្រជាពលរដ្ឋខ្មែរ នាំមកនូវសន្តិភាពពេញលេញ កសាងប្រទេសពីគំនរផេះផង់ រហូតដល់កម្ពុជាបានរីកចម្រើនមកទល់សព្វថ្ងៃ។ ចំណុចលេចធ្លោទាំងនេះហើយដែលគណបក្សកាន់អំណាចនេះ ជឿជាក់ថា ប្រជាពលរដ្ឋបានដឹង និងបានឃើញ ច្បាស់ ហើយនឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះ បន្តដឹកនាំប្រទេសនៅឆ្នាំ២០១៨ ខាងមុខនេះទៀត។
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរថា “៤សំណួរ ដែលបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជារឹងមាំ និងបន្តឈ្នះឆ្នោតនៅ ឆ្នាំ២០១៨ !
១-តើគណបក្សណាមួយ ដែលហ៊ានលះបង់គ្រប់យ៉ាងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងផ្តល់កំណើតទី២ ដល់ប្រជាពលរដ្ឋខ្មែរ?
-គឺ គណបក្សប្រជាជនកម្ពុជា !
២-តើគណបក្សណាមួយ ដែលបាននាំមក នូវសន្តិភាពពេញលេញដល់កម្ពុជា?
-គឺ គណបក្សប្រជាជនកម្ពុជា !
៣-តើគណបក្សណាមួយ ដែលបានកសាងប្រទេសពីគំនរផេះផង់ រហូតដល់កម្ពុជា បានរីកចម្រើនមកទល់សព្វថ្ងៃនេះ ?
-គឺ គណបក្សប្រជាជនកម្ពុជា !
៤-តើមេដឹកនាំគណបក្សណាមួយ ដែលហ៊ានលះបង់សូម្បីអាយុជីវិតខ្លួនមិនស្តាយ មិនរត់ចោលប្រជាពលរដ្ឋទៅសំងំយកស្រួលម្នាក់ឯងនៅក្រៅប្រទេស ហើយនៅតែតស៊ូរួមសុខរួមទុក្ខជាមួយពលរដ្ឋ តាំងពីប្រទេសធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមរហូតមកទល់សព្វថ្ងៃនេះ?
-គឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋសព្វថ្ងៃនេះ គឺបានដឹង និងបានឃើញច្បាស់នូវការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាសន្តិភាព ដើម្បីយើងមានឱកាសកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ហេតុដូច្នេះហើយ បានជាក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅនេះ គឺគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់ជាមួយនឹងសំឡេងគាំទ្រច្រើនលើសលប់ ដែល បញ្ជាក់កាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺនឹងបន្តឈ្នះឆ្នោតទៀត នៅឆ្នាំ២០១៨ ខាងមុខនេះ”។
នៅថ្ងៃដដែលនោះ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរបន្ថែមថា “សូមអរគុណ និងអបអរសាទរដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រៅ ប្រទេសទាំងអស់ រួមទាំងនៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានប្រារឰខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កន្លងទៅថ្មីៗនេះ។
កំណើននៃកម្លាំងគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស គឺបាននិងកំពុងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីបងប្អូនបានឃើញនិងដឹងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។ ការឃោសនារបស់ក្រុមបុគ្គលមួយចំនួន ដែលបំផ្លើសការពិតជំនាញ និយាយអាក្រក់ពីប្រទេសជាតិរបស់ខ្លួនឯង គឺប្រជាពលរដ្ឋអស់ជំនឿ លែងគាំទ្រហើយ។
សូមជូនពរបងប្អូនសមាជិក-សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”។
ដោយឡែក កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា “នៅក្រោមការគ្រប់គ្រង និងដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឱ្យកម្ពុជា វិវឌ្ឍន៍ ទៅរកការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបានធានា ដែលធ្វើឱ្យកំណើនទេសចរជាតិ និងអន្តរជាតិ មានសន្ទុះ កើនឡើងជាលំដាប់។ សព្វថ្ងៃនេះ កម្ពុជាជា ទិសដៅទេសចរណ៍ និងវិនិយោគដ៏សំខាន់នៅក្នុងតំបន់។
ការរីកចម្រើនទាំងអស់នេះ គឺយើងទាំងអស់គ្នា បានឃើញច្បាស់ផ្ទាល់នឹងភ្នែក។ ប៉ុន្តែ ចំពោះបងប្អូន ដែលកំពុងរស់នៅបរទេសមួយចំនួនដែលមិនបានមកលេងស្រុកកំណើត គឺបានស្តាប់ឮនូវការឃោសនាអកុសលមួយចំនួន ថា កម្ពុជាអស្ថិរភាព គ្មានការរីកចម្រើន… នោះ គឺជាការឃោសនាបោកប្រាស់ទាំងស្រុង ដែលមានចេតនាអាក្រក់ចំពោះប្រទេសជាតិខ្លួនឯង។ ព្រោះតែការឃោសនាមិនពិតនោះ ហើយទើបប្រជាពលរដ្ឋគ្មានជំនឿទុកចិត្ត។
សូមអរគុណបងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ដែលបានគាំទ្រ និងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពពិតប្រាកដ”៕
ខៀវទុំ