ភ្នំពេញ៖ បុរសម្នាក់ក្លាយជាជនជាប់ចោទ បន្ទាប់ពីខ្ចីលុយអ្នកស្គាល់គ្នាមិនបានបែកគំនិតលួចទូរស័ព្ទយកទៅលក់បាន២ថ្ងៃប្រទះឃើញមុខ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន ឆែករកឃើញកាំភ្លើងជ័រ លាក់នៅចង្កេះ១ដើម កើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី ២០ ខែកក្កដា ស្ថិតនៅបន្ទប់ផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនជាប់ចោទមានឈ្មោះ សេង សចិន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល២កន្លែង មួយនៅភូមិចោមចៅ និងមួយកន្លែងទៀត នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណកឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពករុន ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះ សុខ មាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កសត់ចោមចៅ មានស្តុកកំណើត ភូមិឃុំជាមួយគ្នា ។ ចំណែកទូរស័ព្ទដែលជនសង្ស័យលួចយកទៅលក់បាត់ម៉ាក Iphone5 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ជនសង្ស័យមករកខ្ចីលុយ២០ម៉ឺនរៀល ពីក្មួយស្នាក់នៅជាមួយ តែមិនឲ្យខ្ចី ដោយសារមិនដែលសង ពេលជនសង្ស័យដើរចាកចេញទៅបាត់ មិនបានចាប់អារម្មណ៍ ភ្លេចខ្លួនជនសង្ស័យ មកចូលផ្ទះសារជាថ្មីម្តងទៀត រួចដើរចាកចេញទៅបាត់ម្តងទៀត ទើបដឹងថាបាត់ទូរស័ព្ទ ។ ក្រោយពីលួចទូរស័ព្ទបានហើយជនសង្ស័យព្យាយាមគេចខ្លួន រហូតដល់ល្ងាចថ្ងៃទី២០ ខែកក្កដា នេះទើបប្រទះឃើញមុខ សួរនាំរឿងទូរស័ព្ទ ជនសង្ស័យឆ្លើយថា រូបគេលួចយកពិតមែន ចង់ធ្វើ ឬចាប់អីគេកើត ។ ជនរងគ្រោះ ក្រោយពីដឹងថា ជនសង្ស័យលួចទូរស័ព្ទខ្លួនហើយ ឌឺដងដាក់ខ្លួនទៀត ទើបប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ឃាត់ខ្លួនតែម្តង យកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ កន្លងមក ខឹងព្រោះខ្ចីលុយ២០ម៉ឺនរៀល មិនបាន ដាច់លុយ បែកគំនិត លួចយកទូរស័ព្ទ ទៅលក់បានលុយចំនួន៨០ដុល្លា មកផឹក ស៊ីចាយ និងជក់ថ្នាំ ។
ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕