Monday, November 25, 2024
Homeនយោបាយបក្សប្រឆាំងថា ច្បាប់ដើម្បីក្តាប់អំណាច បំបិទសិទ្ធិសេរីភាព មិនឱ្យទាក់ទងលោកសម រង្ស៊ី

បក្សប្រឆាំងថា ច្បាប់ដើម្បីក្តាប់អំណាច បំបិទសិទ្ធិសេរីភាព មិនឱ្យទាក់ទងលោកសម រង្ស៊ី

ភ្នំពេញ ៖ បក្សប្រឆាំង បានចាត់ទុកថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលស្នើដោយគណបក្សកាន់អំណាច ហើយដែលនឹងត្រូវរដ្ឋសភាអនុម័តក្នុងពេល ដ៏ឆាប់ខាងមុខនេះ ជាច្បាប់ដើម្បីក្តាប់អំណាច និងបំបិទសិទ្ធិសេរីភាព មិនឱ្យទាក់ទងលោក សម រង្ស៊ី។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ថា “ផុសរូបថតអនុស្សាវរីយ៍ជាមួយលោកប្រធាន សម រង្ស៊ី ឱ្យហើយ ទាន់មានសេរីភាព ព្រោះ បន្តិចទៀត (មួយឬពីរសប្តាហ៍ទៀត) ច្បាប់ដើម្បីក្តាប់អំណាច (Rule by law not rule of law) នឹងបិទសិទ្ធិសេរីភាពខ្ញុំ និងគណបក្សសង្គ្រោះជាតិ មិនឱ្យមានទំនាក់ទំនងដោយផ្ទាល់ ឬប្រយោលជាមួយលោកប្រធានសម រង្ស៊ី ទៀត ទេ”។

នៅថ្ងៃដដែលនោះ លោកអេង ឆៃអ៊ាង បានសរសេរបន្ថែមថា “លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បានបង្ហាញឱ្យឃើញថា ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋ ដែលរស់នៅច្រើន (មាន១១ អាសនៈក្រុម- ប្រឹក្សាឃុំ-សង្កាត់) ចំនួន១៩៤ ឃុំ-សង្កាត់ ក្នុង ចំណោម ១៦៤៦ឃុំ-សង្កាត់ ទូទាំងប្រទេស ៖

  • គណបក្សសង្គ្រោះជាតិ ឈ្នះតំណែង មេឃុំ ចៅសង្កាត់ ចំនួន១១២ ឃុំ-សង្កាត់
  • គណបក្សប្រជាជនកម្ពុជា ឈ្នះតំណែង មេឃុំ ចៅសង្កាត់ ចំនួន ៨២ឃុំ-សង្កាត់ ដែលកាលពីអាណត្តិទី៣ ឆ្នាំ២០១២ គ្រប់គ្រងទាំងអស់ លើកលែងតែឃុំដារ ស្រុកមេមត់ និងឃុំ ព្រះធាតុ ស្រុកអូររាំង”។

លទ្ធផលនេះ សបញ្ជាក់ឱ្យឃើញច្បាស់ថា ចរន្តនៃការផ្លាស់ប្តូរចេញពីតំបន់ប្រជុំជនទី ដែលមនុស្សទទួលបានព័ត៌មាន ពីបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយ ហើយចរន្តនេះ នឹងសាយភាយទៅដល់តំបន់ចុងកាត់មាត់ញក នៅទូទាំងប្រទេស នាឆ្នាំ២០១៨ នេះ”។

ដោយឡែក តាមរយៈហ្វេសប៊ុកដដែល កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ លោកអេង ឆៃអ៊ាង ក៏បានសរសេរដែរថា “បួនប្រាំថ្ងៃទៀត ក្រុមអ្នកខ្លាំងនៅកម្ពុជា នឹងកែច្បាប់ស្តីពីគណបក្សនយោបាយ បំបិទសិទ្ធិសេរីភាពពួក យើងមិនឱ្យមានទំនាក់ទំនងជាមួយលោកប្រធាន សម រង្ស៊ី ទៀតទេ តែពួកគេក៏មិនអាចផ្តាច់មនោសញ្ចោតនា មិនឱ្យពួកយើងគោរព ស្រលាញ់ និងគាំទ្រ លោកប្រធានសម រង្ស៊ី បានឡើយ”។

លោកអេង ឆៃអ៊ាង បានសរសេរទៀតថា “គោលដៅរបស់គណបក្សសង្គ្រោះជាតិ គឺការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ បច្ចុប្បន្ន និងពេលខាងមុខ ទោះបីផ្លូវដែលគណបក្សសង្គ្រោះជាតិ ត្រូវដើរកាន់តែរួមតូចក៏ដោយ ក៏ត្រូវតែនាំគ្នាបន្តដំណើរឆ្ពោះទៅគោលដៅរបស់យើង  កុំងាកចេញដាច់ខាត ព្រោះអាចចូលអន្ទាក់របស់គេ។ នៅឆ្នាំ២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋនឹងនាំគណបក្សសង្គ្រោះជាតិទៅដល់គោលដៅ យ៉ាងពិតប្រាកដ”។

គួរបញ្ជាក់ថា ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ គឺធ្វើឡើងក្រោយពេលដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីរម្លឹកខួបលើកទី៦៦ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ បានស្នើឱ្យរដ្ឋសភា ធ្វើវិសោធនកម្មសាជាថ្មី លើច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមខ្លឹមសារថា ទណ្ឌិតឬអ្នកទោស មិនអាចយកខ្លួនទៅភ្ជាប់ជាមួយគណបក្សនយោបាយ ដើម្បីធ្វើសកម្មភាពបានឡើយ។

ដោយឡែក កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានការចូលរួមពីសមាជិកទាំង២គណបក្ស បានបើកកិច្ចប្រជុំលើសំណើសុំឱ្យកែប្រែច្បាប់ ស្តីពីគណបក្សនយោបាយនេះ រួចក៏បានបញ្ជូនទៅគណៈកម្មការជំនាញរបស់រដ្ឋសភា គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ធ្វើការពិនិត្យ និងសិក្សា។ បន្ទាប់មកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយលោកប៉ែន បញ្ញា ជាប្រធានគណៈកម្មការបានបើកកិច្ចប្រជុំពិភាក្សា នៅរសៀលថ្ងៃដដែលនោះ ដោយបានសម្រេចឯកភាពលើសេចក្តីស្នើច្បាប់ ស្តីពីគណបក្សនយោបាយនោះ។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ នឹងត្រូវរដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា និងអនុម័ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

ទោះបីយ៉ាងណា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ មកពីគណបក្សសង្គ្រោះជាតិ អះអាងថា នឹងមិនចូលរួមប្រជុំអនុម័តសេចក្តី ស្នើច្បាប់នេះទេ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃនោះដែរថា ខ្លឹមសារ ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលសរសេរ ដោយតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សសង្គ្រោះជាតិ ត្រូវដករូប របស់លោកសម រង្ស៊ី ចេញ។ ប្រសិនបើមិនដករូបរបស់លោកសម រង្ស៊ី ចេញទេ គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមនឹងការរំលាយចោលតែម្តង។ បានន័យថា ខ្លឹមសារថ្មីដែលនឹងត្រូវបន្ថែមចូលទៅក្នុងច្បាប់ស្តីពីគណបក្ស នយោបាយ មិនអនុញ្ញាតឱ្យគណបក្សនយោបាយយករូបភាពរបស់បុគ្គលណាមួយ ដែលមានឈ្មោះជាអ្នកទោស ឬទណ្ឌិតទៅប្រើប្រាស់ឡើយ។ ដូច្នេះចង់មិនចង់គណបក្សសង្គ្រោះជាតិ នឹងត្រូវបង្ខំចិត្តដករូបរបស់លោកសម រង្ស៊ី ដែលឈរកាន់ដៃជាមួយលោកកឹម សុខា ក្រោយពីខ្លឹមសារថ្មី ត្រូវបានបញ្ជូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។

លោកអេង ឆៃអ៊ាង បានមានប្រសាសន៍នៅពេលនោះថា “ច្បាប់ចែង ! ខ្ញុំនិយាយឱ្យស្តាប់ ឧទាហរណ៍ថា គេមិនឱ្យប្រើឈ្មោះ រូបឯកឧត្តម សម រង្ស៊ី យើងធ្វើទៅ ! យើងទៅខ្វល់អី យើង សរុបគោលដៅរបស់យើងតើ! វាអត់មានស្អីទេ ព្រោះរឿងអស់ហ្នឹងយើងអាចកែកុនបាន។ ពេល យើងឈ្នះឆ្នោត យើងមានសំឡេងគ្រប់គ្រាន់ យើងឈ្នះឆ្នោត លុបចោលវិញទៅ ចប់ហើយ ផ្តល់សេរីភាពឱ្យពេញលេញទៅតាមរដ្ឋធម្មនុញ្ញ ទៅស្របតាមកតិកាសញ្ញាសិទ្ធិមនុស្ស សិទ្ធពលរដ្ឋទៅវាចប់ហើយ អាហ្នឹងសង្គមយើងសម្បូរសប្បាយ យើងមិនត្រូវចាត់ទុកខ្មែណាជាសត្រូវ…។ បើយើងប្រើទៀត យើងបរាជ័យ យើងអត់ដល់គោលដៅ ព្រោះយើងប្រើអាហ្នឹង  គេរំលាយគណបក្សយើង ដូច្នេះគោលដៅយើង មិនបរាជ័យ? អ៊ីចឹងយើងអត់ទៅខ្វល់ទេ យើងត្រូវដើរឆ្ពោះរកគោលដៅរបស់យើងដើរ ខ្ញុំគ្រាន់តែបញ្ជាក់ជូន វារួម ផ្លូវដែលយើងដើរពីដើមវាធំ ។ កាលពី២០១៣ ផ្លូវយើងដើរវាធំ មកដល់២០១៧ គេបង្រួមមួយចំនួន ហើយឥឡូវនេះ សម្រាប់២០១៨ វារួមទៀត។ អ៊ីចឹង ទោះជារួមក៏ដោយ យើងត្រូវតែដើរឱ្យដល់គោលដៅ”។

ទោះយ៉ាងណា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនោះដែរ អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកឈាង វុន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ដែលនឹងដាក់ឱ្យសភាអនុម័ត នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនោះ នឹងរារាំងមិនឱ្យដាក់តាំងរូបលោកសម រង្ស៊ី នៅទីសាធារណៈដូចមុនៗទៀតទេ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិត។ លើសពីនេះ ច្បាប់នោះក៏នឹងទប់ស្កាត់មិនឱ្យមហាអំណាចណាមួយ ប្រើឥទ្ធិពលនាំលោកសម រង្ស៊ី ចូលកម្ពុជាវិញផង ដែរ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នឹងមិនប្រើប្រាស់ច្បាប់ថ្មីនេះ ទៅរំលាយគណបក្សសង្គ្រោះជាតិ ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនទេ បើមេដឹកនាំគណបក្សនោះមិនបំពានច្បាប់ ហើយបក្សកាន់អំណាច ក៏ត្រូវការ ពង្រឹងយន្តការប្រជាធិបតេយ្យ តាមរយៈមានដៃគូប្រកួត ដែលមានកម្លាំងប្រហាក់ប្រហែលគ្នាដែរ។

លោកឈាង វុន បានមានប្រសាសន៍ថា  “នៅលើពិភពលោកយើងនេះ ប្រទេសមហាអំណាច តែងតែចង់បានប្រទេសតូចៗធ្វើជារណបរបស់ខ្លួន អាហ្នឹងធំណាស់ នៅក្នុងទស្សនៈរបស់យើង ហើយអ្នកនៅខាងក្រៅ (សម រង្ស៊ី) នេះ គាត់គិតថាគាត់នឹងវិលមកវិញ នៅថ្ងៃណាមួយ តាមរយៈមហាអំណាចជួយគាត់មក។ បើកាលណាជួយគាត់ មក វាអាចធ្វើឱ្យប៉ះពាល់សង្គមជាតិរបស់កម្ពុជា ធ្វើឱ្យបែកបាក់សង្គមជាតិរបស់យើង។ មិនមែនតែប៉ុណ្ណឹងទេ គណបក្សប្រជាជនកម្ពុជា ការពារច្បាប់អនុវត្តនីតិរដ្ឋ យើងម៉េចបណ្តោយឱ្យទណ្ឌិតមួយមកបានកើត។ ដឹងអ៊ីចឹងទៅមានការប្រឈមគ្នាៗ មានការបែកបាក់ជាតិ ការពុះជាតិជា២ ជា៣ ជា៤ ដែលអាចធ្វើឱ្យយើងមានគ្រោះថ្នាក់ថ្ងៃក្រោយ។ នៅក្នុងចំណុចហ្នឹង ដែលខ្ញុំចង់និយាយប្រាប់ ដើម្បីកុំឱ្យមហាអំណាចលូកដៃចូលក្នុងប្រទេសយើងបាន”។

ដោយឡែក អង្គការ សមាគម សង្គមស៊ីវិល អ្នកវិភាគនយោបាយ និងមជ្ឈដ្ឋានតាមដានសង្គមបានលើកឡើថា ការព្យាយាមធ្វើ ច្បាប់បែបនេះ អាចជាយុទ្ធសាស្ត្រយកប្រៀបលើដៃគូប្រកួត ដូចដែលគណបក្សកាន់អំណាចធ្លាប់ យកប្រៀបលើគណបក្សហ៊្វុនស៊ិនប៉ិច ដោយធ្វើច្បាប់ឯកពន្ធភាព ប្រឆាំងនឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែមជ្ឈដ្ឋានទាំងនោះ យល់ថា ល្បែងនយោបាយ ដែលអ្នកនយោបាយកំពុងលេងនេះ មិនបានផ្តល់ប្រយោជន៍ដល់ប្រទេសជាតិទេ។

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជា (CPP) ដើម្បីបិទផ្លូវលោកប្រធាន សម រង្ស៊ី នឹងគ្មានន័យ បើគណបក្សសង្គ្រោះជាតិ (CNRP) ត្រៀមបេក្ខភាពនាយករដ្ឋមន្ត្រី ៣ជម្រើស គឺទី១ លោកស្រី ជូឡុង សូមួរ៉ា ទី២ លោកគង់ គាំ និងទី៣ លោកយឹម សុវណ្ណ ។

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ថា “វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបិទផ្លូវឯកឧត្តមប្រធានសម រង្ស៊ី នឹងគ្មានន័យ បើ CNRP ត្រៀមបេក្ខភាព នាយករដ្ឋមន្ត្រី ៣ជម្រើស

  • ទី១-លោកជំទាវ ជូឡុង សូមួរ៉ា
  • ទី២-ឯកឧត្តមគង់ គាំ
  • និងទី៣- ឯកឧត្តមយឹម សុវណ្ណ

ទើបអាចទប់ទល់សភាពការណ៍មុនការបោះឆ្នោតបាន ខណៈបំណងជនឱកាសនិយមមួយក្តាប់តូច ដែលបានស៊ីសំណែនទេវតាចោរ ចង់ធ្វើបក្សប្រហារ ដើម្បីបំពេញបំណងទេវតាចោរ មិនអាចទៅរួចឡើយ ទោះបីបារមីទេវតា ចោរ ឬឪទេវតាចោរ ចង់ជួយក៏ជួយមិនបានដែរ ព្រោះជាបំណងរាស្ត្រ។ យ៉ាងណាក៏ដោយ បើជនឱកាសនិយមទាំងនោះ ចេះកែខ្លួន ទុកផ្លូវរស់ឱ្យក៏មិនខាតបង់ដែរ។ សម្រាប់វត្តមានឯកឧត្តមប្រធាន ក្នុងពេលបោះឆ្នោត ២០១៨ ពិតជាមានសារសំខាន់ បើមធ្យោបាយផ្លូវទូតជាមួយសហគមន៍អន្តរជាតិ មានប្រសិទ្ធភាព ហើយបើកផ្លូវបានចូលស្រុក មុនការបោះឆ្នោតជាតិ គឺជារឿងល្អ ប៉ុន្តែបើសភាពការណ៍តានតឹងខ្លាំង ចាំបោះឆ្នោតហើយ ក៏មិនទាន់ហួសពេលដែរ រឿងឈូសបញ្ជី មិនពិបាកទេ។

សូមឯកឧត្តមប្រធានសម រង្ស៊ី មេត្តា ជ្រាប។

ដោយក្តីគោរពពីខ្ញុំ រស់ សារ៉ុម សមាជិក គណបក្ស សម រង្ស៊ី ជិត២០ឆ្នាំហើយ”។

លោករស់ សារ៉ុម បានសរសេរបន្ថែមនៅ ថ្ងៃដដែលនោះថា “ច្បាប់ស្តីពីគណបក្សនយោបាយថ្មី ហាមតែគណបក្សនយោបាយ កុំឱ្យយកឈ្មោះ និងសកម្មភាពទណ្ឌិត មកប្រើប្រាស់ដើម្បី បម្រើសកម្មភាពនយោបាយ ប៉ុន្តែក្នុងច្បាប់មិនបានហាមឃាត់ប្រជាពលរដ្ឋខ្មែរឯណា ក្នុងន័យនេះ ពលរដ្ឋខ្មែរនៅតែអាចប្រើប្រាស់ ស្តាប់ និងធ្វើសកម្មភាពមានទំនាក់ទំនងជាមួយឯកឧត្តម សម រង្ស៊ី ដដែល។ ដូច្នេះច្បាប់ស្តីពីគណបក្សនយោបាយថ្មី ដែល CPP ប្រឹងប្រែងធ្វើតាមអារម្មណ៍សម្តេចតេជោ ដើម្បីបិទខ្ទប់ឯកឧត្តម សម រង្ស៊ី ជាមួយ CNRP គ្មានប្រយោជន៍ឡើយ សម្រាប់ CPP ព្រោះច្បាប់នេះ មិនបានចូលរួមបម្រើផលប្រយោជន៍សាធារណៈ ហើយច្បាប់នេះ ក៏មិនអាចកាត់ផ្តាច់ទំនាក់ទំនងឯកឧត្តមសម រង្ស៊ី និងប្រជាពលរដ្ឋខ្មែរបានឡើយ។ CNRP គ្រាន់តែជាឧបករណ៍បម្រើឱ្យការផ្លាស់ប្តូរ ប៉ុន្តែអ្នកធ្វើការផ្លាស់ប្តូរពិតប្រាកដ គឺពលរដ្ឋខ្មែរឯណោះទៅវិញទេ បើពលរដ្ឋខ្មែរបោះឆ្នោតផ្លាស់ប្តូរ ហើយកុំថាឡើយទេវតា សូម្បីព្រះឥន្ទ ក៏ជួយមិនបានដែរ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កុំបារម្ភ ករណីច្បាប់ថ្មីនេះ ជាមេរៀនចាស់របស់ឯកឧត្តមសម រង្ស៊ី ទេ លោកគង់ មុន្នី ធ្លាប់ធ្វើម្តងរួចហើយ (គណបក្សជាតិខ្មែរ)”។

គួរបញ្ជាក់ថា មុននេះ មានព័ត៌មានចចាមអារ៉ាមចុះផ្សាយដែរថា ក្នុងដំណើរបំពេញបេសកកម្មនៅក្រៅប្រទេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង ដែលបានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា កាលពី យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកា ក្រេន ម៉ុងតាណា (CRANS MONTANA) នៅទីក្រុងបារសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នោះ អាចនឹងជួបជាមួយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី នៅក្រៅប្រទេសនោះ។ ប៉ុន្តែក្នុងលិខិតចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបដិសេធដាច់អហង្ការចំពោះព័ត៌មាននេះ ដោយបានចាត់ទុកថា ជាការមួលបង្កាច់ការពិតក្នុងន័យបំភ័ន្ត សាធារណមតិញុះញង់ បំបែកបំបាក់ សាមគ្គីជាតិ ហើយមានចេតនាទុច្ចរិត ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ក្រុម និងបក្ខពួករបស់ខ្លួន៕

កុលបុត្រ

RELATED ARTICLES