Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិក្រសួង​ទេស​ចរណ៍​បាន​ដាក់​ឲ្យ​អនុ​វត្ត​ស្តង់​ដារ​ផ្ទះ​សំណាក់

ក្រសួង​ទេស​ចរណ៍​បាន​ដាក់​ឲ្យ​អនុ​វត្ត​ស្តង់​ដារ​ផ្ទះ​សំណាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បានដាក់ចេញជាផ្លូវកានូវស្តង់ដាផ្ទះស្នាក់កម្ពុជាជាផ្លូវការ ជាអ្វីដែលក្រសួងចាត់ទុកថា ជាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាស្តង់ដារផ្ទះស្នាក់កម្ពុជាមានវិសាលភាពគ្របដណ្តប់លើប្រភេទផ្ទះស្នាក់បីប្រភេទគឺផ្ទះស្នាក់សហគមន៍ដែលបម្រើសកម្មភាពទេសចរណ៍សហគមន៍និងអេកូទេសចរណ៍ផ្ទះស្នាក់ជនបទដែលបម្រើសកម្មភាពទេសចរណ៍ជនបទពិសេសកសិទេសចរណ៍ និងផ្ទះស្នាក់ទីក្រុងបម្រើទេសចរណ៍ស្ម័គ្រចិត្តនិងទេសចរណ៍ទីក្រុង។ការពង្រឹងសេវាកម្មផ្ទះស្នាក់នេះគឺដើម្បីផ្តល់សេវាគុណភាពខ្ពស់និងភាពកក់ក្តៅដល់ទេសចរជាតិ និងអន្តរជាតិ។

89

សេចក្តីជូនដដែលបានបន្តថា “ទស្សនទានផ្ទះស្នាក់ត្រូវបានចាត់ទុកជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជនបទតាមប្រទេសជាសមាជិកអាស៊ាន។កម្មវិធីផ្ទះស្នាក់រួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋសហគមន៍តាមរយៈការបង្កើតចំណូលផ្ទាល់”។

ដើម្បីជំរុញការអនុវត្តស្តង់ដារផ្ទះស្នាក់កម្ពុជាក្រសួងទេសចរណ៍បានដាក់ចេញយុទ្ធនាការផ្ទះខ្មែរដើម្បីជួយរៀបចំសេវាផ្ទះស្នាក់ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។រហូតមកដល់ពេលនេះក្រសួងបានជួយរៀបចំនិងផ្តល់ស្លាកផ្ទះស្នាក់ទីក្រុងបាន៧នៅទីក្រុងភ្នំពេញនិងកំពុងចុះរៀបចំផ្ទះស្នាក់សហគមន៍និងជនបទតាមគោលដៅទេសចរណ៍សំខាន់ៗ។

8

លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋសមាគមទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា ទេសចរណ៍សហគមន៍បានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ ដែលពេលនោះធ្វើឡើងតាមរយៈពីការជ្រោមជ្រែងរបស់អង្គការជាតិ និងអន្តរជាតិ ដើម្បីផ្តល់ផលប្រយោ ជន៍ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅសហគមន៍ និងការបង្កើតសេវាផ្ទះស្នាក់ដើម្បីផ្តល់សេវាកម្មស្នាក់នៅជូនដល់ភ្ញៀវទេសចរណ៍ ដែលក្រៅពីទស្សនាកំសាន្តនៅតាមសហគមន៍ ពួកគេអាចស្នាក់នៅជាមួយប្រជាពលរដ្ឋ និងអាចស្វែងយល់ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោកបន្តថា “ការបង្កើតស្តង់ដាផ្ទះស្នាក់របស់ក្រសួង ជាការល្អណាស់ ព្រោះវាបង្កើតឲ្យមានខ្នាតគំរូមួយសម្រាប់អនុវត្តន៍រួម នៅតាមសហគមន៍ដែលមានផ្ទះស្នាក់ជាង៣០កន្លែងនៅទូទាំងប្រទេស”។លោកបន្តថា “ការបង្កើតឲ្យមានទេសចរណ៍ និងផ្ទះស្នាក់នៅតាមសហគមន៍ ទេសចរណ៍គឺពិតជាល្អប្រសើរណាស់ ព្រោះវារួមចំនែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន”៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES