Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី ច្បាប់បក្សនយោបាយ រុញឆ្ងាយពីបក្សប្រឆាំង

លោកសម រង្ស៊ី ច្បាប់បក្សនយោបាយ រុញឆ្ងាយពីបក្សប្រឆាំង

ភ្នំពេញ ៖ ស្របពេលដែលវិសោធនកម្ម ច្បាប់ស្តីគណបក្សនយោបាយជាលើកទី២ ដែលស្នើដោយសមាជិកសភាគណបក្សកាន់អំណាច តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវរដ្ឋសភា អនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) បានប្រកាសដករូបលោកសម រង្ស៊ី ចាប់ដៃលោក កឹម សុខា ចេញពីស្លាកគណបក្ស ព្រមទាំងលែងហ៊ានទាក់ទងជាមួយអតីតមេបក្សរូបនេះ ដូចមុនៗទៀតនោះ មានមជ្ឈដ្ឋានតាមដាននយោបាយមួយចំនួន យល់ថា ប្រៀបដូចរុញលោក សម រង្ស៊ី ឱ្យចេញឆ្ងាយពីបក្សប្រឆាំង។

ទំព័រហ្វេសប៊ុកមូយ បានលើកឡើងថា លោកសម រង្ស៊ី ចូលចិត្តយកទុក្ខដាក់ខ្លួន ដោយសារមាត់ឥតគម្របដូចត្រីកំភ្លាញ ដែលរងគ្រោះដោយសារតែមាត់ ហើយនៅពេលនេះ លោក សម រង្ស៊ី អតីតគណបក្សសង្គ្រោះជាតិ កំពុង ប្រឈមនឹងរសាត់បាត់ឈ្មោះ និងសាបឥទ្ធិពល ក្រោមកណ្តាប់ដៃកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន ខណៈដែលគណបក្សសង្គ្រោះជាតិ បានប្រកាសថានឹងដករូបលោកសម រង្ស៊ី ចេញពីស្លាកគណបក្សនៅពេលច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចូលជាធរមាន។

ទំព័រហ្វេសប៊ុក “ចៅចាក់ស្មុគឦ” បានសរសេរនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ថា “សម រង្ស៊ី គួរបញ្ចប់ជីវិតនយោបាយ ហើយរកកន្លែងសមគួរសម្រាប់ជីវិតចុងក្រោយរបស់ខ្លួន។ ហេតុអ្វីទណ្ឌិត សម រង្ស៊ី ចូលចិត្តយកទុក្ខដាក់ខ្លួនម៉្លេះ? ឬនេះគឺជាចរិតធម្មជាតិរបស់បុគ្គលនេះ ដែលមានមាត់ឥតគម្រប មាត់ត្រី កំភ្លាញ ត្រីចង្វាដែលស្លាប់ដោយសារតែមាត់? នៅសុខៗ ទណ្ឌិតដែលកំពុងតែស្ពាយទោសជាប់ខ្លួនរត់ចោលស្រុករូបនេះ បានប្រកាសដោយខ្លួនឯងថា ខ្លួនស្ថិតនៅលេខរៀងទី១ នៅក្នុងបញ្ជីខ្មៅ ក្នុងចំណោមមនុស្ស ១០០ទៅ ២០០ នាក់ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីដើមខែមិថុនា ថា ក្នុងករណីចាំបាច់ ដើម្បីភាពសុខសាន្តរបស់ប្រជាជនរាប់លាននាក់ រួមនិងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍផង សុខចិត្តកម្ចាត់ចោលមនុស្ស ១០០ ទៅ២០០ នាក់។ បើសម រង្ស៊ី ប្រកាសខ្លួនថា ស្ថិតក្នុងបញ្ជីមនុស្សទាំងនេះ មានន័យថា រាល់ទង្វើដែល សម រង្ស៊ី បាននិងកំពុងធ្វើ គឺពិតជាសកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ការអភិវឌ្ឍ និងការរស់នៅប្រកបដោយក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាហើយ។ ដោយសារតែជា មនុស្សគ្រោះថ្នាក់សម្រាប់សង្គមជាតិ បានជាកម្ពុជា ចាំបាច់ត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងការពារការសាងគ្រោះរបស់ទណ្ឌិតដែលជាកូនរបស់ជនក្បត់ជាតិ សម សារី កុំឱ្យបង្កបញ្ហាសព្វបែបយ៉ាង ដល់ប្រទេសជាតិទៀត។ ប្រទេសជាតិ មានសន្តិភាព និងធ្វើដំណើរ ឆ្ពោះទៅមុខរហូតក្នុងកិច្ចអភិវឌ្ឍដូចពេលនេះ  គ្មានស្នាដៃរបស់បក្សប្រឆាំង ឬទណ្ឌិតសម រង្ស៊ី នៅក្នុងនេះទេ គឺពួកគេមានតែបង្កជម្លោះ ញុះញង់ មួលបង្កាច់ និងបញ្ឆោះកំហឹងវណ្ណៈសង្គម តែប៉ុណ្ណោះ។

ហេតុដូច្នេះហើយបានជាមានភាពចាំបាច់ ដែលកម្ពុជាត្រូវធ្វើវិសោធនកម្មបន្ថែមទៀត លើច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីទប់ស្កាត់ការធ្វើនយោបាយបញ្ឆោះកំហឹងរើសអើង ប្រកាន់ពូជសាសន៍ និងធ្វើនយោបាយសងសឹក បង្កឡើងដោយទណ្ឌិត ដែលងាយទាញកម្ពុជា ចូលទៅក្នុងជម្លោះ និងសង្គ្រាមស៊ីវិលឡើងវិញ ខណៈប្រទេសដែលបានហែលឆ្លងកាត់សោកនាកដកម្មសង្គ្រាមស៊ីវិល ជិតបីទសវត្សរ៍នេះ ទើបនឹងស្គាល់ពន្លឺនៃសុខសន្តិភាព ការបង្រួបបង្រួម និងផ្សះផ្សាជាតិ និងការអភិវឌ្ឍ ទើបនឹងបានរយៈពេល២០ឆ្នាំប៉ុណ្ណោះ ក្រោយពីការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះ ដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងនាំយកសន្តិភាពពេញលេញជូនកម្ពុជា នៅចុងឆ្នាំ១៩៩៨។ ប្រសិនបើបណ្តែតបណ្តោយ ឱ្យទណ្ឌិតសម រង្ស៊ី ធ្វើសកម្មភាពស្រេចតែនឹងអំពើចិត្តនោះ វាសនាជាតិ ពិតជាប្រឈមនឹងភាពក្តៅក្រហាយ ហើយរាស្ត្រនឹងមិនមានចិត្ត ស្ងប់ក្នុងការប្រកបរបរចិញ្ចឹមជីវិតឡើយ ព្រោះថា រាល់ពេលដែលសម រង្ស៊ី មានវត្តមាននៅ ក្នុងស្រុក ជននេះបានដើរបង្កចលាចល និងបង្កភាពវឹកវរទៅតាមអារម្មណ៍ និងគំនុំសងសឹកគ្រួសាររបស់ខ្លួន។ មនុស្សដូចសម រង្ស៊ី គ្មាន ផលប្រយោជន៍អ្វីសម្រាប់កម្ពុជាទេ ហើយបើអត់សម រង្ស៊ី ម្នាក់ ក៏មាន់នៅតែរងាវដែរ។ លើសពីនេះទៅទៀត បើសម រង្ស៊ី អះអាងថា ខ្លួនស្ថិតនៅលេខរៀងទី១ ជាមនុស្សដែលត្រូវកម្ចាត់ទៅហើយ ទោះបីជាចូលមកស្រុកខ្មែរវិញ ក៏នឹងមិនទុកឱ្យខ្មែរសុខសាន្តដែរ និងព្យាយាមក្នុងការធ្វើខ្លួនជាមនុស្សរំខានដល់ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ព្រោះទណ្ឌិតរូបនេះជាអ្នកនយោបាយអង្ករកំប៉ុង និងដើរតែបង្កបញ្ហា។

ប៉ុន្តែជាមួយការធ្វើវិសោធនកម្មបន្ថែមលើច្បាប់ស្តីពីគណបក្សនយោបាយ សម រង្ស៊ី នឹងក្លាយជាជនឯកោនៅក្រៅប្រទេស ហើយសម្តីរបស់សម រង្ស៊ី នឹងក្លាយជាគ្មានន័យ ព្រោះគ្មាននរណាហ៊ានយកខ្លួនមកបៀតទៀតទេ ព្រោះ ប្រៀបបាននឹងដុំភ្លើងដែលងាយបង្កបញ្ហា ហើយស្រួលមិនស្រួល នាំឱ្យរលាយបក្ស និងត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយទៀត ក៏ព្រោះ តែសេពគប់ទណ្ឌិត និងសមគំនិតជាមួយទណ្ឌិត”។

ទំព័រហ្វេសប៊ុកដដែល បានសរសេរបន្តថា “យោងតាមខ្លឹមសារខ្លះៗ នៃសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលគ្រោងនឹងដាក់ពិភាក្សាអនុម័តក្នុងរដ្ឋសភា ខាងមុខនេះ បានលើកឡើងថា “គ្រប់គណបក្សនយោបាយ មិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតដែលជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដើម្បីជាប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ គណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហ ឬដោយ តុណ្ហីភាព (ភាពស្ងៀមស្ងាត់) ឬឃុបឃិតជាមួយទណ្ឌិត ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ បើគណបក្សណាបានប្រព្រឹត្តនូវទង្វើទាំងនេះ តុលាការអាចរំលាយគណបក្សនោះ”។ ជាមួយវិសោធនកម្មថ្មីនេះ ក្តីស្រមៃរបស់សម រង្ស៊ី ក្នុងការវិល ត្រឡប់មកស្រុកវិញ រួមនិងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី និងវិលមកគ្រប់គ្រងបក្សសង្គ្រោះជាតិឡើងវិញ បានក្លាយ ជាការយល់សប្តិលើយល់សប្តិ។ ទីបំផុត សម រង្ស៊ី បានចាញ់នៅគ្រប់សមរភូមិទាំងអស់។

ពេលនោះ ឈ្មោះសម រង្ស៊ី នឹងរសាត់បាត់ឥទ្ធិពលសម រង្ស៊ី ក៏នឹងសាបក្រោមកណ្តាប់ដៃ កឹម សុខា ហើយសូម្បីតែរូបភាពសម រង្ស៊ី ក៏គេមិនហ៊ាននឹងតាំងផង។ ជាក់ស្តែង អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ បានប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងដករូបសម រង្ស៊ី ចេញពីស្លាកគណបក្សរបស់ខ្លួន បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។ មិនទាន់បានអីផង គេចាប់ផ្តើមដាក់ សម រង្ស៊ី នៅឆ្ងាយបាត់ទៅហើយ។ តើក្តីសង្ឃឹមរបស់សម រង្ស៊ី ពីមុនមកមាននៅសល់អ្វីទៀត?”។

លោកសម រង្ស៊ី និងភរិយា ជាមួយក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

ទំព័រហ្វេសប៊ុកដដែល បានសរសេរបន្តទៀតថា “បើខ្លួនគិតថាជាមនុស្សដែលបង្កបញ្ហា និងបង្កការក្តៅក្រហាយឱ្យគេ ដោយសារតែទង្វើនិងសម្តីឥតគម្របរបស់ខ្លួន ដូច្នេះទណ្ឌិត សម រង្ស៊ី គួរបញ្ឈប់មហិច្ឆតាអំណាចរបស់ខ្លួនទៅ ព្រោះមានតែនាំគ្រោះឱ្យខ្លួន និងអ្នកដទៃ តែប៉ុណ្ណោះ ហើយគួរសម្រាកឱ្យបានស្រួលនៅស្រុកបារាំង។ ចៅចាក់ស្មុគ ក៏សូមផ្តល់យោបល់ ដល់អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី ថា ប្រសិនបើសម រង្ស៊ី ពិតជាចង់ជួយបម្រើជាតិពិតប្រាកដមែននោះ សម្រាប់ដង្ហើមចុងក្រោយនៃជីវិតរបស់ខ្លួនមែន គួរលះបង់គំនិតទុច្ចរិតរបស់ខ្លួន និងដកខ្លួនចេញពីឆាកនយោបាយកម្ពុជា ហើយអាចរកកន្លែងគួរសមណាមួយ អាចជាទីប្រឹក្សាក៏បាន។ ចៅចាក់ស្មុគ បានត្រឹមតែផ្តល់យោបល់ ត្រង់ថាស្តាប់ឬមិនស្តាប់ មានតែសម រង្ស៊ី និងបរិវាររបស់ខ្លួនទេ ជាអ្នកសម្រេច។ បើចង់បន្តការតស៊ូក្នុងនយោបាយ ខណៈខ្លួនកំពុងរួតរឹតដោយសំណុំរឿងនៅតុលាការទៀត លោតកាន់តែខ្លាំង ប្រហែលក៏ត្រូវព្រនង់ កាន់តែខ្លាំងដែរ!”។

ទោះជាយ៉ាងណា ជុំវិញការលើកឡើង ខាងលើនេះ មិនទាន់មានប្រតិកម្ម ឬការឆ្លើយ តបពីលោកសម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ នៅឡើយទេ គិតត្រឹមថ្ងៃម្សិលមិញ៕

ខៀវទុំ

RELATED ARTICLES