ភ្នំពេញ៖ នគរបាលអន្តោប្រវេសន៍ចុះប្រមូលជនជាតិវៀតណាម ដែលមករស់នៅតាមបន្ទប់ជួល និងធ្វើការងារខុសច្បាប់នៅកម្ពុជា បានចំនួន៥១នាក់ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែកក្ដដា នៅចំណុចបន្ទប់ជួលតាមផ្លូវបេតុង ក្រុម៥ ស្ថិតនៅភូមិកណ្ដាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
លោក អ៊ុក សីឡា ប្រធាននាយកដ្ឋានសើបអង្កេតនិងអនុវត្ត នីតិវិធី បានប្រាប់ថាព្រឹកនេះ កម្លាំងប្រតិបត្តិការដោយមានការសំរបសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះប្រមូលជនជាតិវៀតណាមរស់នៅនិងធ្វើការងារខុសច្បាប់ដែលស្នាក់នៅបន្ទប់ជួលបានចំនួន៥១នាក់ ក្នុងនោះស្រី១៦នាក់ ក្មេងប្រុស២ម្នាក់ និងប្រទះឃើញជនសង្ស័យបានបោះកាំភ្លើងចោលនិងមានគ្រាប់ចំនួន២០គ្រាប់ ថ្នាំញៀន៥១កញ្ចប់ក្នុងនោះមាន២កញ្ចប់ធំ និងឆែកឆេរបន្ទប់ជួលជាន់ទី១ លេខ៩ ដែលសង្ស័យបោះចេញពីបន្ទប់នោះ ដោយវាយបំបែកសោបន្ទប់រួចចូលឆែកឆេររកឃើញថង់សំរាប់ច្រកថ្នាំញៀនជាច្រើន មានដាវសាំម៉ារ៉ៃចំនួន៥ស្លាកលេខម៉ូតូចំនួន២បន្ទះ គឺ តាកែវ ១K ៨៤៦៨ និង ខេមរភូមិន្ទ០១ ១.៧១៦០ ស្លាកលេខរថយន្ត ភ្នំពេញ២H ៤២៦០ ជញ្ជើងសំរាប់ថ្លឹងថ្នាំញ្ញៀនចំនួន១ ឧបករណ៍ជក់១កំប្លេ អាវុធខ្លីម៉ាកK54ចំនួន១ដើម ព្រមទាំងមានម៉ូតូ២គ្រឿងនិងរថយន្តមួយគ្រឿងចតនៅមុខបន្ទប់ជួលត្រូវសមត្ថកិច្ចដកហូតយកទៅរក្សាទុកម៉ាក ឌុក ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FV ៦៩០៣ និងម៉ូតូម៉ាកហុងដាSL ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ១BA ៤៤៤០ និងរថយន្ត១គ្រឿងម៉ាកCELIA ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AF ១៧៥៤ ។
លោកប្រធាននាយកដ្ឋានបន្តទៀតថា កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ជនជាតិវៀតណាម៥១នាក់ ក្នុងនោះស្រី១៦នាក់ និងក្មេងប្រុស២នាក់ យកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរនិងសួរនាំរកឯកសាររស់នៅ និងធ្វើបើមិនមានគ្រប់គ្រាន់ទេ និងបញ្ជូនទៅប្រទេសដើមវិញ ។
យុទ្ធនាការចុះប្រមូលជនជាតិវៀតណាមធ្វើឡើងដូចភ្លៀងរលឹម ប៉ុន្តែនៅតែឃើញមានជន ជាតិវៀតណាមរស់នៅនិងប្រកបរបរនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមផ្សារនៅតែ ឃើញមានដដែល ៕
គួន ចំរើន