Monday, November 25, 2024
Homeនយោបាយចុះទៅដី...ខ្ញក !

ចុះទៅដី…ខ្ញក !

ពាក្យបណ្តៅខ្មែរ ១ឃ្លាថា “ចុះទៅដី…ខ្ញក!” ត្រូវបានក្មេងៗមិនសូវមានប្រាជ្ញាឆ្លើយថា “មាន់” ខ្លះទៀតថា “មួលកមាន់” តែតាមពិត គឺជាពាក្យគន្លាស់ថា “ចុះទៅដកខ្ញី”។ បើយកពាក្យបណ្តៅនេះ មកប្រៀបធៀបនឹងឆាកនយោបាយ ខណៈដែលបក្សប្រឆាំងខ្លាចរលាយគណបក្សដោយសារច្បាប់ថ្មី ក៏រៀបចំដករូបថតលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ចេញពីស្លាកគណបក្ស ក៏ដូចជាបក្សកាន់អំណាច ខ្លាចមានចន្លោះប្រហោងក្នុងការគ្រប់គ្រង ក៏ដកតួនាទី ឬផ្លាស់ប្តូរតំណែងអភិបាល រាជធានី-ខេត្ត និងស្នងការនគរបាលមួយចំនួន។ ករណីនេះអាចនឹងមានការយល់ច្រឡំដូច “ចុះទៅដី…ខ្ញក!”“ចុះទៅដកខ្ញី” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ចុះទៅដី…ខ្ញក!” ជាពាក្យបណ្តៅ ផ្តើមចេញពីរឿងស្រីផិតប្តីម្នាក់ បានលួចចុះពីលើផ្ទះ ទៅជួបសហាយនៅក្បែរគុម្ពខ្ញី។ នាងនោះក៏ប្រះខ្លួនដេកនឹងដី រួមរ័កជាមួយប្រុសសហាយឆ្អែតស្កប់ស្កល់ ក៏ឡើងទៅជួបប្តីវិញ ប្តីក៏សួរថា “ហេតុអ្វីខ្នងអូនឯង ប្រឡាក់ដី” ស្រីផិតនោះ ក៏ឆ្លើយថា “អូនចុះទៅដកខ្ញី ដកដួលទាំងខ្លួន ទើបវាប្រឡាក់ដី” ឯប្តីនោះចេះតែជឿ ក៏យកប្រពន្ធផិតនោះរហូត។ រឿងនេះត្រូវបានអ្នកចេះដឹងជំនាន់មុន កាឡៃទៅជាពាក្យបណ្តៅថា “ចុះទៅដី…ខ្ញក!” គឺមានន័យថា ស្រីផិតនោះ ចុះទៅដេកនឹងដី បើកសំពត់ឱ្យសហាយ រួចក៏ “ខ្ញក!” ឬថ្ងូរស្ទើរដាច់ខ្យល់ដូចមាន់់ដែលម្ចាស់ចាប់មួលកស្ងោរស៊ី។ លុះមានគេ បន្ទោសពីរឿងបណ្តៅបែបអាសអាភាស អ្នកលើកបណ្តៅនោះក៏ឆ្លើយយ៉ាងធូរថា “ចុះទៅដកខ្ញី” រួចពីការបន្ទោសនោះទៅ។

យ៉ាងណាមិញ វិសោធនកម្មច្បាប់ថ្មី ស្តីពីគណបក្សនយោបាយ ដែលរុញលោកសម រង្ស៊ី ឱ្យខ្ទប់ជញ្ជាំង ឃ្លាតឆ្ងាយពី គណបក្សសង្គ្រោះជាតិនោះ បើបក្សប្រឆាំងខ្លាចមានការរំលាយគណបក្ស ស្រាប់តែនាំគ្នាដករូបថតលោកសម រង្ស៊ី ក៏ដូចជា អនុស្សាវរីយ៍អតីតកាលរវាងមេនិងកូនៗ ចោលខ្ទេចនោះ ច្បាស់ជា “ចុះទៅដី…ខ្ញក!” មិនខាន។ មិនទាន់ទាំងដករូបថត លោកសម រង្ស៊ី ចេញផងក៏មានហ្វេសប៊ុកអ្នកគាំទ្របក្សកាន់អំណាចខ្លះ សរសេរថា “…ពេលនោះ ឈ្មោះសម រង្ស៊ី នឹង រសាត់បាត់ឥទ្ធិពល សម រង្ស៊ី ក៏នឹងសាប ក្រោមកណ្តាប់ដៃកឹម សុខា ហើយសូម្បីតែរូបភាពសម រង្ស៊ី ក៏គេមិនហ៊ាននឹងតាំង ផង។ ជាក់ស្តែងអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០១៧ បានប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងដករូបថតសម រង្ស៊ី ចេញពីស្លាកគណបក្សរបស់ខ្លួន បន្ទាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចូលជាធរមាន។ មិនទាន់បានអីផង គេចាប់ផ្តើមដាក់សម រង្ស៊ី នៅឆ្ងាយបាត់ទៅហើយ…”។ សំណេរនេះបង្ហាញថា “បក្សប្រឆាំង ធ្វើក៏ខុស មិនធ្វើក៏ខុស” ឬថា បើមិនដករូបថតលោកសម រង្ស៊ី ចេញពីស្លាកគណបក្ស នឹងប្រឈមជាមួយ ច្បាប់ថ្មីនោះហើយ តែបើនាំគ្នាដករូបថតចេញ អាចមានការចោទប្រកាន់ថា ជា “បក្សប្រហារ”

ត្រង់ហ្នឹងហើយជាខ្លឹមសារ “ចុះទៅដី…ខ្ញក!” នេះឯង ពោលគឺបក្សប្រឆាំង “ចុះទៅដកខ្ញី” សោះ ក៏រងការចោទប្រកាន់ ថា “ចុះទៅមូលកមាន់”“មួលកសម រង្ស៊ី” ដែលជាករណីសម្រាប់មន្ត្រីបក្សប្រឆាំងពិចារណា។

ដូចគ្នានេះដែរ ករណីក្រសួងមហាផ្ទៃ ផ្លាស់ប្តូរអភិបាលរាជធានី-ខេត្ត ក៏ដូចស្នងការប៉ូលិសមួយចំនួននោះ គឺគ្មានបំណងអ្វីក្រៅពី “ដូរជើងគ្នាធ្វើការឱ្យប្រសិទ្ធភាព” ប៉ុន្តែ ត្រូវបានអ្នកគាំទ្របក្សប្រឆាំង បានលើកឡើងថា មកពីអភិបាលរាជធានី-ខេត្ត ដែលត្រូវផ្លាស់នោះ ស្ពឹកស្រពន់ឱ្យបក្សប្រឆាំងដណ្តើមឈ្នះកៅអីមេឃុំ-ចៅសង្កាត់ នៅតំបន់រដ្ឋបាលរបស់ខ្លួន ក៏មានការដកចេញ។ រីឯស្នងការនគរបាលដែលត្រូវផ្លាស់ប្តូរនោះក៏អ៊ីចឹងដែរ សុទ្ធតែរងការចោទប្រកាន់ ជាក់ស្តែងលោកស្នងការខេត្តសៀមរាប ក៏មានហ្វេសប៊ុកខ្លះសរសេរថា ស្នងការខេត្តសៀមរាប ដែលទើបឡើងកាន់តំណែងបានជាង២ខែនោះ បានបញ្ចោញស្នាដៃបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន បងធំតូច ប៉ះចំខ្សែអ្នកធំ នាំឱ្យមានការថ្នាំងថ្នាក់ប៉ះពាល់ដល់ផលប្រយោជន៍បុគ្គល ទើបឈានដល់ការផ្លាស់ប្តូរតំណែង។ ចំណែកស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលត្រូវផ្លាស់ដែរនោះ ក៏មានការលើកឡើងថា មកពីលោកស៊ើបអង្កេតករណីឈ្មួញជួញឈើប្រណីត ប៉ះពាល់ដល់អ្នកមានអំណាចដែលនៅពីក្រោយឈ្មួញ ទើបមានការដកតំណែងមេប៉ូលិស…។

ការលើកឡើងដោយត្រួសៗខាងលើនេះ មានន័យថា “ធ្វើក៏ខុស មិនធ្វើក៏ខុស” គឺបើបក្សប្រឆាំង មិនដករូបថតលោក សម រង្ស៊ី ចេញពីស្លាកគណបក្ស ច្បាស់ជាត្រូវប្រឈមនឹងច្បាប់ស្តីពី “គណបក្សនយោបាយ” ដែលហាមទណ្ឌិត ឬឧក្រិដ្ឋជន ទាក់ទងជាមួយគណបក្សណាមួយដោយចំហក្តី ដោយសម្ងាត់ក្តី។ ប៉ុន្តែបើបក្សប្រឆាំង ដករូបថតនោះចេញ អាចមានការចោទ ប្រកាន់ថា “លោកកឹម សុខា ធ្វើបក្សប្រហារទម្លាក់លោកសម រង្ស៊ី” ដូចអ្វីដែលហ្វេសប៊ុកមួយនោះបានសរសេរ។ ដូចគ្នានេះដែរ បើរដ្ឋាភិបាល ឬបក្សកាន់អំណាច មិនផ្លាស់ប្តូរតំណែងអភិបាលរាជធានី-ខេត្ត និងស្នងការនគរបាលខេត្ត ធ្វើឱ្យការងាររដ្ឋបាលមិនសូវមានប្រសិទ្ធភាព ប៉ុន្តែ បើរដ្ឋាភិបាលដកចេញ នឹងមានការលាបពណ៌ថា មកពីមន្ត្រីថ្នាក់កណ្តាលនោះធ្វើការល្អ មិនយោគយល់ខ្សែអ្នកធំ ឬថា “វ៉ៃឆ្កែមិនមើលម្ចាស់” បានជាអ៊ីចឹង។

ដូច្នេះតើបក្សកាន់អំណាច និងបក្សប្រឆាំង ត្រូវធ្វើរបៀបណា ដើម្បីកុំឱ្យគេថា “ចុះទៅដី…ខ្ញក!”“ខ្លួនចុះទៅដកខ្ញី មកឆាកង្កែប” សោះ បែរជាមានការចោទប្រកាន់ថា “ចុះទៅមួលកមាន់”?។ ចំណុចនេះ “នគរធំ” សូមផ្តល់យោបល់ថា ដើម្បីបញ្ចៀសពាក្យថា “លោកកឹម សុខា ធ្វើបក្សប្រហារ” ត្រូវលោកសម រង្ស៊ី ដែលកំពុងរស់នៅនិរទេសនោះ ប្រាប់អតីតកូនចៅឱ្យលុបរូបថតចេញពីស្លាកគណបក្ស និងប្រាប់ឱ្យឈប់ទាក់ទងជាមួយគាត់តទៅទៀតទើបបាន។ កាលលោកលាឈប់ពីតំណែងប្រធានបក្សនោះ ក៏ឆ្លងរួចពីពាក្យ “បក្សប្រហារ” ដោយសារគាត់លាឈប់ខ្លួនឯង តែបើសិនជាលោកកឹម សុខា សុំ ឱ្យលោកសម រង្ស៊ី លាឈប់ដើម្បីបញ្ចៀសការរំលាយគណបក្ស ច្បាស់ជារងពាក្យ “បក្សប្រហារ” មិនខានឡើយ។ ដូចគ្នា នេះដែរ អភិបាលរាជធានី-ខេត្ត ដែលត្រូវផ្លាស់ប្តួរតំណែងតួនាទីនោះ ត្រូវបកស្រាយបំភ្លឺមហាជនថា “ការផ្លាស់ប្តូរនេះជា រឿងធម្មតានៅក្នុងប្រទេសប្រជាធិបតេយ្យ” ចំណែកមន្ត្រីដែលឡើងទៅជំនួសនោះ ក៏ត្រូវប្តេជ្ញាថា នឹង “បង្ក្រាបឱ្យអស់ ឈ្មួញគ្រឿងញៀន ល្បែងស៊ីសង ទោះជាអ្នកមានបុណ្យស័ក្តិប៉ុនជញ្ជាំងវិហារនៅពីក្រោយ ក៏បង្ក្រាបដែរ” បើអាចធ្វើយ៉ាងនេះបាន នឹងគ្មានពាក្យ “ចុះទៅដី…ខ្ញក!” ទៀតទេ ប៉ុន្តែ នៅសល់តែពាក្យ “ចុះទៅដកខ្ញី”

គួរកុំភ្លេចថា ប្រជាពលរដ្ឋខ្មែរ សម័យនេះ ចេះវិភាគរឿងនយោបាយច្បាស់លាស់ណាស់ មុននឹងជឿអ្វី គាត់ចេះពិចារណា ល្អិតល្អន់ មិនធ្លោយតាមសំណេរក្នុងហ្វេសប៊ុកនោះទេ។ សព្វថ្ងៃ ដោយហេតុថា មនុស្សមាននិន្នាការធំ២ គឺ “ប្រឆាំងនិងមិនប្រឆាំង” ម៉្លោះហើយ បើអ្នកនយោបាយស៊កគន្លឹះអ្វីមួយ ក៏មានអ្នកគាំទ្រនយោបាយនាំគ្នាបន្ទរតាម។ អ៊ីចឹង បើសិនជាបក្សប្រឆាំង ធ្វើមិនស្រួល អាចនឹងមានពាក្យ “បក្សប្រហារ” ដូចអ្វីដែលយើងលើកឡើងខាងលើ។ ចំណែកបក្សកាន់អំណាច បើធ្វើមិនស្រួល អាចនឹងមានពាក្យ “វ៉ៃឆ្កែមិនមើលម្ចាស់”

សរុបទៅ “ចុះទៅដី…ខ្ញក!” មានន័យទូលំទូលាយ បរិយាយមិនអស់សេចក្តីទេ តែជាចំណុចសំខាន់ត្រង់បក្សប្រឆាំង “ចុះទៅដកខ្ញី” សោះ គេថាចុះទៅ “មួលកមាន់សម រង្ស៊ី”។ អ៊ីចឹងបញ្ហាដករូបថតលោកសម រង្ស៊ី ចេញពីស្លាកគណបក្សនោះ លុះត្រាតែលោកសម រង្ស៊ី ឱ្យដកទើបបាន។ ចំណែកមន្ត្រីថ្នាក់កណ្តាលដែលផ្លាស់ប្តូរតំណែងគ្នានោះ គួរប្រញាប់ស្រាយបំភ្លឺឱ្យទាន់សភាពការណ៍ ដើម្បីបញ្ចៀសការចោទប្រកាន់ថា អ៊ីចេះអ៊ីចុះ ខណៈដែលរាជរដ្ឋាភិបាល “ចុះទៅដកខ្ញី” សោះ គេថា “ចុះទៅមួលកមាន់”…៕

RELATED ARTICLES