ខេត្តតាកែវ ៖ ចេតិយលោកបណ្ឌិតកែម ឡី ដែលគណៈកម្មការគ្រោងសាងសង់នៅទីបញ្ចុះសពលោកកែម ឡី នៅទឹកដីកំណើំតនាភូមិអង្គ តាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នោះ គណៈកម្មការសាងសង់គ្រោងតាក់តែង លម្អក្បូរក្បាច់រចនា តាមរចនាបទបាពួន ដែលនៅទឹកដីខេត្តតាកែវ នោះ មានប្រាសាទភ្នំជីសូរ ក៏ស្ថិតក្នុងរចនាបទបាពួន ផងដែរ។
យោងតាមគណៈកម្មការសាងសង់ចេតិយ លោកកែម ឡី បានឱ្យដឹងថា គម្រោងសាងសង់ ចេតិយលោកបណ្ឌិតកែម ឡី ត្រូវបានសិក្សាតាម រចនាបទបាពួន ដែលចេតិយនេះគឺសាងសង់នៅចំណុចផ្នូរសពលោកបណ្ឌិតកែម ឡី ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នោះតែម្តង។ រចនាបទបាពួននេះ គឺដូចគ្នានឹងប្រាសាទភ្នំជីសូរប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញ មួយក្នុងប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងខេត្តតាកែវនោះ ផងដែរ។
ប្រភពដដែលបានឱ្យដឹងបន្តថា ចំពោះប្លង់នៃគម្រោងសំណង់ចេតិយនេះ ចែកចេញជា ៣ផ្នែក គឺខឿន តួចេតិយ និងកំពូល។ ក្នុងនោះ ខឿន មានបង្គោលសីមាព័ទ្ធជុំវិញ ដែលមានរចនាបទប្រាសាទព្រះវិហារផងដែរ ដោយមានរូបចម្លាក់សត្វតោ នៅឈរការពារទាំង៨ទិស ដែលចំណុចនេះ ត្រូវបានគណៈកម្មការសាងសង់ ពន្យល់ថា សត្វតោ ជាឆ្មាំយាមការពារប្រៀបបាននឹងលោកបណ្ឌិតកែម ឡី ដែលកាលនៅរស់ជាអ្នកវិភាគ និងឃ្លាំមើលដំណើរការនៃការអភិវឌ្ឍសង្គម និងនយោបាយនៅប្រទេសកម្ពុជា។ រីឯតួប្រាង្គចេតិយ ត្រូវបានបែងចែកជា៥ថ្នាក់ ហើយប្រាង្គផ្គុំគ្នា ក្លាយជាតួចេតិយមួយ ដែលនៅកំពូលប្រាង្គចេតិយ មានរូបព្រហ្មមុខបួនតំណាង ឱ្យព្រហ្មវិហារធម៌ទាំង៤ ឬអាចហៅកាត់ថា មុខ៤ ដែលមានន័យថា បើកភ្នែកមើលទិសទាំង៤។
លោកបណ្ឌិតយ៉ង សាំងកុមារ ទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលធ្លាប់រួមការងារជាមួយលោកបណ្ឌិតកែម ឡី ស្ថាបនិកមួយរូបនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអំពាវនាវដល់មហាជនចូលរួមចំណែកឧបត្ថម ក្នុងការសាងសង់ចេតិយលោកបណ្ឌិតកែម ឡី ដោយលោកបញ្ជាក់ថា សម្រាប់លោកអ្នកដែល មានបំណងចូលរួមចំណែកឧបត្ថមដល់ការសាងសង់ចេតិយលោកបណ្ឌិតកែម ឡី សូមធ្វើទំនាក់ទំនងផ្ទាល់មកគណៈកម្មការសាងសង់។
ដោយឡែក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដែលជាថ្ងៃខួប១ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិតកែម ឡី លោកបណ្ឌិតយ៉ង សាំងកុមារ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ លោកថា “ក្នុងរយៈពេលមួយឆ្នាំនេះ យើងបានធ្វើកិច្ចការសម្រេចបានច្រើនក្នុងការឈានទៅរកយុត្តិធម៌សង្គម ដែលបណ្ឌិតកែម ឡី ចង់បាន ដូចជា ៖
- ប្រជាពលរដ្ឋគ្រប់ៗគ្នាមានឱកាសដូចៗ គ្នាក្នុងការចូលរួមដឹកនាំប្រទេស តាមរយៈយន្តការ ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ជាពិសេសប្រជាពលរដ្ឋជាសមាជិកគាំទ្រគណបក្សមានសិទ្ធិ បោះឆ្នោតជ្រើសរើសបេក្ខជនឈរឈ្មោះក្រុម ប្រឹក្សាឃុំ-សង្កាត់ និងបេក្ខជនតំណាងរាស្ត្រ ដើម្បី ទប់ស្កាត់និន្នាការផ្តាច់ការនិងបក្ខពួកនិយម។
- តស៊ូមតិលើគោលនយោបាយ ដែលធានាឱ្យប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់ទីកន្លែងទទួល បានគ្រូពេទ្យល្អ និងសេវាសុខាភិបាលល្អដូចៗគ្នា និងកូនចៅប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់ទីកន្លែង ទទួលបានការអប់រំល្អដូចៗគ្នា៘ យើងអត់ចាំពេលឈ្នះឆ្នោតទេ”។
ចំណែកលោកសាម អ៊ីន អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះថា “១០ កក្កដា ២០១៦ – ១០ កក្កដា ២០១៧ យុត្តិធម៌
សម្រាប់បណ្ឌិតកែម ឡី មាន ពីរចំណុចសំខាន់ ៖
១-ស្វែងរកការពិតចំពោះឃាតកម្មមកលើរូបលោក។
២-ស្វែងរកយុត្តិធម៌សង្គម សម្រាប់ប្រជាពលរដ្ឋខ្មែរ កសាងប្រព័ន្ធអភិបាលកិច្ចល្អ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ ដោយចាប់ផ្តើមកសាង ឬកែទម្រង់គណបក្សឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុងស្វែងរកមនុស្សល្អៗយ៉ាងតិច៦៣នាក់ ឱ្យក្លាយជាតំណាងរាស្ត្រល្អ ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។
ស្វែងរកយុត្តិធម៌សម្រាប់អ្នកស្លាប់ គឺជាកាតព្វកិច្ចរបស់អ្នកនៅរស់”។
គួរបញ្ជាក់ថា លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តារម៉ាតនៃស្ថានីយប្រេងកាល់តិចបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ សពរបស់លោកត្រូវបានហែទៅតម្កល់ធ្វើបុណ្យ នៅវត្តពោធិយារាម ហៅវត្តចាស់ រាជធានីភ្នំពេញ មុននឹងដង្ហែទៅបញ្ចុះនៅឯស្រុកកំណើតរបស់លោក ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕
ខៀវទុំ