ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៧ នេះ អាជ្ញាធរជាតិអប្សរាបានបើកសន្និសីទកាសែតនៅ ឯសាលប្រជុំរបស់ខ្លួន បញ្ជាក់ពីបញ្ហាការសាងសង់ និងការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ធ្វើឡើងដើម្បីអនុវត្តការងារ ចំពោះសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរិះរកមធ្យោបាយអនុវត្តការងារឲ្យមានប្រសិទ្ធភាពនាពេលខាងមុខនេះ។ ដោយមានការអញ្ជើញពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាតំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីពាក់ព័ន្ធ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាខេត្តសៀមរាបថា ការធ្វើសន្និសីទកាសែត នាពេលព្រឹកនេះបានឯកភាពគ្នាលើការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ក្នុងន័យការពារឲ្យបាននូវបេតិកភណ្ឌអង្គរ។ ជាពិសេស ការរៀបចំមធ្យោបាយ សម្ភារៈ និងត្រៀមកម្លាំងដើម្បីទប់ស្កាត់បាតុភាពណាមួយដែលអាចនឹងកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារ។ ដើម្បីជាសារដាស់តឿនដល់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ក្នុងតំបន់អង្គរ និងសាធារណជនទាំងអស់អោយបានដឹង។ សន្និសីទសារព័ត៌មាននេះនឹងជួយជំរុញឲ្យម្ចាស់សំណង់និងសាធារណជនយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃសំណង់ចំពោះបេតិកភណ្ឌអង្គរ និងចូលរួមអភិរក្សឲ្យបានគង់វង្ស។ ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាតំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបាន គូសបញ្ជាក់ថា ជាការកត់សម្គាល់ក្នុងរយ:កាលកន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅតាមបរិវេណរមណីយ ដ្ឋានអង្គរ បានសម្រុកសាងសង់លំនៅដ្ឋានរបស់ខ្លួន រំលោភបំពានទៅនឹងបំរាមរបស់អាជ្ញាធរជាតិ អប្សរា និងលក្ខខន្តិកៈរបស់អង្គការយូណេស្កូ។ សំណង់ទាំងនោះ ភាគច្រើននៅជិតៗប្រាសាទ ហើយខ្លះទៀតនៅឆ្ងាយពីប្រាសាទ ដែលបង្កឪ្យមានផលប៉ះពាល់ដល់បុរាណដ្ឋានប្រវត្តិសាស្រ្ត។ បន្ទាប់ពីប្រាសាទអង្គរត្រូវ បានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ អង្គការយូណេស្កូ បានដាក់លក្ខខណ្ឌឲ្យកម្ពុជាជាម្ចាស់ប្រាសាទ ថែរក្សាឲ្យបានល្អប្រសើរ។
ក្នុងករណី កម្ពុជាមិនអាចធ្វើបានទេនោះ កម្ពុជានឹងមិនអាចស្នើដាក់ប្រាសាទដទៃទៅក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោកនោះទេ។ បន្ថែមលើនេះ កម្ពុជាអាចប្រឈមការដកប្រាសាទអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕
ដោយ ច័ន្ទ សុភាព