ឈ្មោះថាគ្រូបង្រៀន គឺជាបុគ្គលត្រូវធ្វើគំរូល្អដល់សិស្ស ក្រៅពីការផ្តល់ចំណេះដឹងហើយ សូម្បីក្នុងគ្រួសារ បើប្តីធ្វើគ្រូបង្កហិង្សានោះ អន់ជាងអ្នករកស៊ីរើសអេតចាយទៅទៀត។ យ៉ាងណាមិញ ស្ត្រីម្នាក់នេះ បានចោទប្តីគ្រូបង្រៀនថា ធ្លាប់វ៉ៃប្រពន្ធបង្ខំរួមភេទ សូម្បីអាជ្ញាធរភូមិក៏អះអាងថា ប្តីគ្រូនោះ អាងចំណេះដឹង តែប្រព្រឹត្តបំពានលើសិទ្ធិភរិយា…។
អ្នកស្រីយាន ឈាង អាយុ៤០ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា អ្នកស្រីជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកម្តាយស្លាប់ចោលអស់ហើយ។ អ្នកស្រីបានរៀបការជាមួយប្តី ឈ្មោះស្រី សារី អាយុ៤៥ឆ្នាំ មុខរបរជាគ្រូបង្រៀនបឋមសិក្សា ដោយបង្កើតបានកូន៦នាក់ (ប្រុស៣ ស្រី៣)។ កាលនៅក្រមុំមិនខ្វះទេប្រុសកំលោះចូលចែចូវ ប៉ុន្តែអ្នកស្រីគិតថា កំលោះៗទាំងនេះចំណេះដឹងទាបមិនសមជាប្តីខ្លួនទេ ចាំបាច់ត្រូវតែយកប្តីមានចំណេះដឹងល្អជាង។ លុះប្តីគ្រូបង្រៀនចូលស្តីដណ្តឹង អ្នកស្រីក៏យល់ព្រមអត់ប្រកែក ដោយមិនចាំបាច់តាមដានពីអត្តចរិតអ្វីឡើយ ព្រោះធ្លាប់ដឹងថា មនុស្សធ្វើគ្រូ តែងមានគុណធម៌ស្អាតស្អំគោរពសិទ្ធិភរិយា។ បន្ទាប់ពីរៀបការរួចមក ទើបអ្នកស្រីភ្ញាក់ខ្លួនដឹងថា ប្តីគ្រូនោះគ្មានលក្ខណសម្បត្តិអ្វីល្អដូចកាលស្មាននោះទេ ធ្វើឱ្យសុភមង្គលគ្រួសារប្រេះស្រាំដូចរស់ក្នុងឋាននរក។ ប្តីនេះតែងគាបសង្កត់ធ្វើទុក្ខបុកម្នេញបំបិទសេរីភាពប្រពន្ធ ជួនកាលគេស្រវឹងធ្លាក់ភ្នែក ចូលមកដល់ផ្ទះ បង្កហិង្សាក្នុងគ្រួសារមិនដែលខាន។ តាំងពីកំណើតកូនទី១មក ប្តីគ្រូនេះបានបញ្ចោញចរិតអន់ជាងអ្នករកស៊ីកំប៉ិកកំប៉ុកទៅទៀត មិនស័ក្តិសមជាគ្រូបង្រៀនទាល់តែសោះ ពេលបើកប្រាក់ខែបាន មិនដែលឃើញគ្រប់ចំនួនទេ ព្រោះគេត្រូវចំណាយទៅលើការស៊ីផឹកស្រវឹងអួទីនួ ដូចមនុស្សដែលគ្មានការអប់រំ។ ពេលអ្នកស្រីសួរនាំពីរឿងលុយកាក់ទៅណាអស់? ស្រាប់តែប្តីបញ្ចេញឥរិយាបទដូចសត្វធាតុ ចេញក្បួនប្រចណ្ឌ និងវាយដំច្រំធាក់ប្រពន្ធគ្មានប្រណី។ សូម្បីតែពេលរួមរ័ក ក៏ប្តីនេះចាប់បង្ខំទាំងកំរោល គ្មានចេះបបោសអង្អែលលួងលោមអ្វីទេ គឺអន់ជាងសត្វធាតុទៅទៀត ដែលអ្នកភូមិនេះ នរណាក៏កោតចិត្តអ្នកស្រីដែរ ដែលចេះទ្រាំទ្រជាមួយប្តីអគតិរហូតបានកូន៦នាក់។
អ្នកស្រីយាន ឈាង បន្តថា មិនដឹងជាកម្មចង្រៃអ្វីផ្តល់ឱ្យទេ ទើបមិនព្រមប្រាសព្រាត់គ្នាសោះ គឺបើមិនពេញចិត្តហើយគួរតែលែងលះគ្នាទៅវាស្រួលជាង តែប្តីនេះមិនព្រមទៅណាឱ្យបាត់ទេ នៅតែបង្កជម្លោះរាល់ថ្ងៃ ក្លាយជាប្រពៃណីទៅហើយ។ ដោយមិនអាចទ្រាំតទៅទៀតបាន ទើបសព្វថ្ងៃ អ្នកស្រីរៀនតដៃវិញខ្លះៗហើយ ព្រោះប្តីគ្រូនេះបង្រៀនប្រពន្ធឱ្យចេះប្រើអំពើហិង្សា ដូច្នេះត្រូវតែអនុវត្តមេរៀននេះឱ្យចេះស្ទាត់។ បើដេកចាំតែប្តីទាត់ធាក់ ចាប់បង្ខំរួមភេទនោះ លែងកើតជាមនុស្សហើយ ចាំបាច់ត្រូវតែរើបម្រះឱ្យស្មើភាពគ្នាទើបបាន។
ដោយឡែក លោកគ្រូស្រី សារី អាយុ៤៥ឆ្នាំ ជាប្តី បានឱ្យដឹងថា ការទម្លាក់កំហុសមកលើរូបលោកតែម្នាក់ឯងបែបនេះ មិនត្រឹមត្រូវទេ ព្រោះមនុស្សមិនអាចទះដៃម្ខាងឮនោះទេ លុះត្រាតែទះដៃទាំងសងខាងផ្ទប់គ្នាទើបឮ។ យ៉ាងណាមិញ សម្តីប្រពន្ធលោកស្រែកឮដូចកូនក្អាត់ក្នុងក្អមអីចឹង ប្រពន្ធហ្នឹងគ្មានចំណេះដឹងអ្វីក្នុងខ្លួនទេ ទើបហ៊ានយករឿងផ្ទៃក្នុងគ្រួសារទម្លាយចេញទៅក្រៅឱ្យគេសើចចំអក។ បើជាប្រពន្ធល្អ គេមិនហ៊ានហែកកេរ្តិ៍ប្តីយ៉ាងនេះទេ ព្រោះទោះបីរូបលោកជាមនុស្សខូចមែនក៏ដោយ ក៏លោកជាប្តីនាងបានរៀបការក្រាបក្បាលដល់កន្ទេលដែរ។
លោកសារី បន្តទៀតថា ប្រពន្ធចោទលោកថា បានប្រើអំពើហិង្សាវាយដំច្រំធាក់បង្ខំរួមភេទ ចុះនាងដឹងខ្លួនទេ ហេតុអ្វីបានជាប្តីវាយ? កំហុសខ្លួនឯង នាងមិនដឹងផង តើបន្ទោសគេយ៉ាងម៉េច? ធម្មតាមិនដែលមនុស្សណាសុខៗទៅវាយគេនោះទេ លុះត្រាអ្នកនោះមានកំហុសដូចឪពុកវាយប្រដៅកូន លុះត្រាតែកូនចុះលេងទឹក ឬឡើងដើមឈើ ប្រដៅមិនស្តាប់ ក៏ទាញរំពាត់វាយខ្លះទៅ ឱ្យរាងចាល ដែលការវាយប្រដៅបែបនេះ មិនហៅថា អំពើហិង្សាទេ។ លោកមិនចេះប្រចណ្ឌប្រពន្ធខុសរឿងនោះទេ ប៉ុន្តែមារយាទប្រពន្ធមិនសមរម្យ ទើបលោកឧស្សាហ៍ស្តីប្រដៅ លុះនាងតមាត់ និយាយស្តាប់គ្នាមិនបាន ទាល់តែប្រើដៃជើងខ្លះ ទើបបញ្ចប់បញ្ហាបាន។ ម៉្យាងទៀតរឿងដែលនាងថា ពេលលោកផឹកស្រវឹងរករឿងបង្ខិតបង្ខំនាងរួមភេទនោះ មិនពិតទេ តែត្រង់នាងទាញកាំបិតកាប់លោកហូរ ឈាមសស្រាក់នោះយ៉ាងម៉េចដែរ?
លោកតាស្រី ញឿន អាយុ៦៧ឆ្នាំ និងលោកយាយព្រំ វួន អាយុ៦០ឆ្នាំ ជាមាមីងខាងលោកសារី បានឱ្យដឹងស្របគ្នាថា សព្វថ្ងៃ ពូជពង្សពួកគាត់ត្រូវគេសើចចំអក ដោយសារក្មួយប្រុសម្នាក់នេះ មានឋានៈជាគ្រូបង្រៀន បានតែប្រព្រឹត្តអំពើមិនគប្បី។ ធម្មតាគ្រូត្រូវតាំងខ្លួនជាកញ្ចក់សម្រាប់គេឆ្លុះ ចុះបើកញ្ចក់ហ្នឹងស្រអាប់ ឬប្រេះស្រាំយ៉ាងនេះ ឱ្យគេឆ្លុះយ៉ាងម៉េចកើត? ពួកគាត់មិនកាន់ជើងក្មួយឯងនោះទេ តែធ្លាប់អប់រំក្មួយហ្នឹងដែរ តែគេមិនស្តាប់ ហើយគេអួតថា គេធ្វើគ្រូចេះជាងពួកគាត់ដែលមិនចេះអក្សរ មិនបាច់ប្រដៅគេទេ។
អ្នកស្រីវ៉ាន់ រ៉េត អនុភូមិស្លែង បានឱ្យដឹងថា គ្រួសារលោកគ្រូសារី មានចំណុចអន់ជាងគេ ព្រោះមេគ្រួសារជាអ្នកចេះដឹង តែកាន់ចរិតអន់ជាងអ្នករកស៊ីបោចវល្លិទៅទៀត។ គ្រូនេះមិនដែលទទួលយកការអប់រំពីអាជ្ញាធរភូមិនោះឡើយ ព្រោះគេថា មេភូមិចេះមិនដល់គេ ដូច្នេះអ្វីៗមានតែទុកឱ្យនៅតាមដំណើរទៅ។
គួរបញ្ជាក់ថា ជួនកាលគ្រូបង្រៀន គ្រូពេទ្យ ប៉ូលិស ទាហាន ក៏មានអត្តចរិតលើកកម្ពស់អួតអាង មិនស្តាប់ការណែនាំពីចាស់ទុំ ឬព្រឹទ្ធាចារ្យនោះឡើយ ព្រោះគេអាងចំណេះជំនាញ ឬការតស៊ូរបស់គេ។ ដល់អីចឹងទៅ ផលវិបាកក៏ធ្លាក់ទៅលើប្រពន្ធកូនគេឯណោះ ដែលត្រូវរស់រងវេទនា ក្រោមគំនាបប្តីអាងចំណេះ តែផឹកស្រវឹងធ្លាក់ភ្នែក ប្រាក់ខែមិនដឹងទៅឯណា។ ចង់កាច់មនុស្ស “ពុទ្ធិចរិត” ជារឿងពិបាកបំផុត ប៉ុន្តែមនុស្សប្រភេទនេះចាស់ៗថា លុះត្រាតែឃើញក្តារមឈូស ទើបស្រក់ទឹកភ្នែក៕