Thursday, September 19, 2024
Homeតារាខ្មែរសុគន្ធ និសា សង្សារលែងរំអុករៀបការ ព្រោះជាប់ដៃធ្វើជំនួញ

សុគន្ធ និសា សង្សារលែងរំអុករៀបការ ព្រោះជាប់ដៃធ្វើជំនួញ

សុគន្ធ និសា ត្រូវផលិតកម្មរស្មីហង្សមាស លួងចិត្ត តាមរយៈការផ្តល់តំណែងជាតួឯកក្នុងរឿងភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស បន្ថែមពីលើតំណែងជាគណៈកម្មការ “The Voice Kids Cambodia” ដើម្បីចងចិត្តស្រីស្អាតរូបនេះ កុំឱ្យវិលត្រឡប់ទៅថោន វិញ ក្រោយពីអាជីពច្រៀងនាងហាក់នៅទ្រឹងនោះ។

សុគន្ធ និសា ដែលបាត់បង់ប្រាក់ចំណូលធំពីការថតស្ពតរបស់ Samsung ព្រោះត្រូវជំនួសដោយតារាថៃ នោះ ត្រូវសង្សារថ្មីនាង លោកសាំបា រំអុកសុំរៀបការជាច្រើនលើក តែត្រូវនិសា ប្រកែក​ជាបន្តបន្ទាប់ ហើយស្រាប់តែពេលនេះ ប្រុសអាមេរិករូបនោះ លែងចង់ក្រាបផ្ទឹមទៀតហើយ ព្រោះជាប់ដៃសម្រុកធ្វើជំនួញវិញម្តង…។

លោកសាំបា (អង្គុយកណ្តាល)

ជាដំណឹងល្អមួយសម្រាប់លោកធំផ្កាយ២ ដែលធ្លាប់តែឆ្លេឆ្លាដូចមាន់រកពង ក្រោយពេលដែលដឹងថា សុគន្ធ និសា ត្រូវសង្សារថ្មីរំអុកឱ្យចូលរោងការ ដើម្បីកុំឱ្យមន្ត្រីធំនោះតាមស្នេហ៍ទៀតនោះ ស្រាប់តែពេលនេះ លោកសាំបា លែងហ៊ានបង្ខំស្រីស្អាតនិសា ក្រាបផ្ទឹមទៀតហើយ ព្រោះតែលោកគិតថា បើរៀបការទៅ និសា នឹងធ្លាក់ចុះលែងសូវល្បី ម៉្យាងទៀតពេលនេះ លោកកំពុងតែជាប់ដៃងាកមកធ្វើជំនួញវិញម្តង។

តាមរយៈកម្មវិធីសិក្ខាសាលាថ្មីៗ ស្តីអំពីការធ្វើមុខជំនួញ គេឃើញសង្សារថ្មីសុគន្ធ និសា គឺលោកសាំបា បានទៅចូលរួមជាបន្តបន្ទាប់ ព្រោះតែអាណិកជនខ្មែរ នៅអាមេរិករូបនេះ កំពុងតែផ្តោតធ្វើជំនួញនៅស្រុកខ្មែរវិញម្តង ដើម្បីមានឱកាសបាននៅក្បែរកាយានិសា ដោយគ្មានគម្រោងវិលត្រឡប់ទៅរស់នៅអាមេរិក វិញឡើយ។

ប្រភពបានឱ្យដឹងថា សង្សារថ្មីសុគន្ធ និសា ស្គាល់អ្នកជំនួញបរទេសច្រើន ដូចនេះ ប្រុសខ្មែរ-អាមេរិកនោះ អាចនឹងបោះទុនធ្វើជំនួញធំនាពេលខាងមុខនេះ ហើយច្បាស់ណាស់ថា លោកសាំបា អាចនឹងមានទឹកប្រាក់លានដុល្លារ ទើបអាចចូលភាគហ៊ុនរកស៊ីធំបាន ហើយសកម្មភាពរបស់លោកនៅពេលនេះ ត្រូវបានសុគន្ធ និសា ពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងតែម្តង ដោយសារនាងចង់ឱ្យសង្សារមានមុខរបរថ្មីមួយឱ្យពិតប្រាកដសិន ទើបរៀបការជាក្រោយ ខណៈដែលពេលនេះ គូស្នេហ៍ក៏ព្រមសម្របខ្លួនតាមនាងដែរ គឺមិនអន្ទះសាគិតតែពីរំអុករឿងរៀបការដូចមុនទៀតឡើយ។

សុគន្ធ និសា បានបាត់បង់ឱកាសកើបលុយពីស្ពតពាណិជ្ជកម្មធំរបស់ ផលិតផល Samsung ដែលត្រូវជំនួសដោយតារាល្បីថៃ ទើបធ្វើឱ្យតារារូបនេះបាត់ប្រាក់ចំណូលអស់១ដុំ។ តែយ៉ាងណា សុគន្ធ និសា មិនមែនផ្តោតលើប្រាក់ចំណូលពីអាជីពសិល្បៈទាំងស្រុងឡើយ ព្រោះនាងមានហាងគុយទាវខ្ចប់ ហើយនឹងត្រៀមពង្រីកអាជីវកម្មថ្មីៗទៀត ជាមួយគូស្នេហ៍ នាពេលឆាប់ៗនេះហើយ ក្រោយពេលដែលលោកសាំបា បានស្វែងយល់ពីទីផ្សារនៃការវិនិយោគនៅស្រុកខ្មែរ ច្បាស់លាស់នោះ។

អ្វីដែលធ្វើឱ្យនិសា មានសង្ឃឹមជាថ្មីឡើងវិញ នាពេលនេះ គឺបើទោះជាអាជីពចម្រៀងនាងហាក់នៅនឹងថ្កល់ ដោយមិនអាចលេចធ្លោខ្លាំងនៅទ្រនំធំនេះក្តី តែនាងត្រូវបានហង្សមាស ថ្នមចិត្តឡើងវិញ ដើម្បីជាការចងជើងស្រីស្អាតរូបនេះ កុំឱ្យវិលត្រឡប់ទៅថោន វិញ នោះគឺការផ្តល់តំណែងជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” និងប្រគល់តំណែងជាតួឯកក្នុងរឿងភាគរបស់ប៉ុស្តិ៍ហង្សមាស ទៀតផង ដែលធ្វើឱ្យស្រីស្រស់រូបនេះ មានទឹកមាត់លេបឡើងវិញ ហើយមានការរំពឹងថា នាងនឹងមិនធ្លាក់កូដឡើយ នៅពេលដែលហើរចេញពីថោន ត្រឡប់មកហង្សមាស សាជាថ្មីនេះ ព្រោះហង្សមាស មិនបានព្រងើយកន្តើយមិនអើពើចំពោះរូបនាងទេ ថ្វីត្បិតតែទ្រនំនេះ មានសមាជិកកាន់តែច្រើន ឡើងជាន់ជើងគ្នាក៏ដោយ។

សុគន្ធ និសា ឬប៊ុន សុគន្ធា អាយុ៣៤ឆ្នាំ ធ្លាប់លេចឮថា នាងបានកែសម្រស់ ធ្វើស្លឹកត្រចៀក តចង្កា ធ្វើច្រមុះ ជាដើម នៅប្រទេសថៃ ហើយកន្លងមកលេចឮថា និសា មានបញ្ហាចង្កាហើម ធ្វើទុក្ខ បណ្តាលឱ្យនាងទៅព្យាបាលជាបន្ទាន់ទៀតផង។

ប្រភពបានឱ្យដឹងថា តាំងពីនិសា ភ្ជាប់ស្នេហ៍ថ្មីជាមួយលោកសាំបា មក ប្រុសខ្មែរ-អាមេរិកនេះ បានសំណូមពរមិនឱ្យនិសា កែសម្រស់ទៀតឡើយ ព្រោះតែយល់ថា និសា ស្អាតទៅហើយទៅចាំបាច់អីរឿងកែសម្រស់ ម៉្យាងទៀតលោកស្រលាញ់សម្រស់និសា ពីធម្មជាតិច្រើនជាង ទើបធ្វើឱ្យនិសា លែងចង់កែកុនទៀត។ ប៉ុន្តែថ្មីៗនេះ ធ្លាយរូបសុគន្ធ និសា កែសម្រស់ថែមទៀត នៅហាងឌែរម៉ូគ្លីនិក ដែលធ្វើឱ្យអ្នកគាំទ្រនិសា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលសង្សារថ្មីរបស់នាង លោកសាំបា ស្រឡាំងកាំងតែម្តង ដោយគ្មានហ៊ានបន្ទោសស្រីស្អាតនិសា ឡើយ។

សុគន្ធ និសា ពេលនេះលេចឮថា កំពុងរួមរស់ជាមួយគូស្នេហ៍ថ្មីនៅផ្ទះល្វែង១ជុង នៅបុរីមួយ ក្នុងខណ្ឌប្ញស្សីកែវ ដូចមាស សុខសោភា ដែរ គឺពួកគេមិនព្រមចូលរោងការដូចគ្នា។ ការពន្យារពេលការក្រាបផ្ទឹមដោយគ្មានពេលកំណត់ នេះ ធ្វើឱ្យនិសា ត្រូវលោកធំផ្កាយ២ម្នាក់ ដែលតាមស្នេហ៍នាងនោះ នៅតែមានឱកាសតាមស្នេហ៍តារាស្រីរូបស្រស់នេះដដែល តែលោកផ្កាយ២នោះ ប្រហែលជាគ្មានឱកាសសាសងស្នេហ៍ ច្រៀងឆ្លងឆ្លើយគ្នានៅខារ៉ាអូខេដូចមុនទៀតឡើយ ព្រោះលោកសាំបា មិនអនុញ្ញាតជាដាច់ខាត៕

RELATED ARTICLES