បន្ទាប់ពីទទួលរងការរិះគន់បទ”ទាល់តែយូរទើបស៊ីអូនបាន”ហើយបានផ្ដាច់ខ្លួនពីផលិតកម្មBN ហាក់ស្ងប់ស្ងាត់បន្តិចនោះថ្មីៗកញ្ញាច័ន្ទ ម៉ាលីស បានសម្ពោធឡើងផ្ទះថ្មីតម្លៃជិត១០ម៉ឺនដុល្លារ ផ្អើលអ្នកខេត្តព្រៃវែង។
ពិធីឡើងគេហដ្ឋានថ្មីរបស់ច័ន្ទ ម៉ាលីស បានធ្វើនៅក្នុងភូមិព្រៃមាស ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែងដែលមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះកររួមទាំងមិត្តភក្ដិនៅក្នុងចង្កោមអ្នកសិល្បៈ និងក្រុមកំប្លែងរបស់កញ្ញាយេយេផងខណៈដែលមានការលើកសរសើរមិនដាច់ពីមាត់ដែលនាងមានជីវ ភាពកាន់តែហ៊ឺហាលេចធ្លោ។
កញ្ញាម៉ាលីស បានថ្លែងឲ្យដឹងថា ពិធីឡើងគេហដ្ឋានថ្មីរបស់នាងគឺនាងជាអ្នកចេញមុខអញ្ជើញភ្ញៀវ ដោយខ្លួនឯងចំនួនជាង៥០០នាក់ ទាំងបងប្អូនញាតិមិត្តក្នុងភូមិនិងមិត្តភក្ដិនៅក្នុងសិល្បៈ។នាងថាផ្ទះថ្មីរបស់នាងគឺសាងសង់ឡើងមួយជំហៀងម្នាក់នឹងភោជនីយដ្ឋានដែលប៉ាម៉ាក់នាងប្រគល់ ឲ្យគ្រប់គ្រង់នៅក្នុងពិធីខួបកំណើតនាពេលកន្លងទៅហើយផ្ទះនេះបានចំណាយអស់ជាង៩ម៉ឺនដុល្លារ គិតទាំងគ្រឿងសង្ហារិមប្រណិតៗដែលនាងទិញដាក់លំអរក្នុងផ្ទះផងដែរ។ម៉ាលីស បន្ថែមថា ផ្ទះនេះជាផ្ទះរួមតែ នាងមានសិទ្ធិគ្រប់គ្រងក្នុងនាមនាងជាកូនស្រីម្នាក់នៅក្នុងគ្រួសារ ទើបនាងចេញមុខអញ្ជើញភ្ញៀវដោយខ្លួនឯង។
តារាចម្រៀងដែលត្រូវបានគេស្គាល់តាមរយៈបទ”ទាល់តែយូរទើបស៊ីអូនបាន”រូបនេះបានឲ្យដឹងដែរថា នាងប្រហែលជាមិនសូវមានពេលឡើងចុះផ្ទះថ្មីនិងគ្រប់គ្រង់ភោជនីយដ្ឋាននៅឯស្រុកកំណើតទេដោយសារ តែថ្មីៗនេះនាងទើបបើកហាងសាឡនមួយនៅជិតហាងប៉ារ៉ាឌី ម្ដុំទូលទំពូង គឺនាងត្រូវគ្រប់គ្រងពង្រឹងហាង ឲ្យដំណើរការរលូនសិន។
ក្រោយពេលឈប់ពីផលិតកម្មBN ម៉ាលីស បានឲ្យដឹងថានាងមិនទាន់ចូលច្រៀងនៅផលិតកម្មថ្មី ណាមួយទេតែពុំបានន័យថា នាងបោះបង់អាជីពចម្រៀងនោះទេពោលគឺនាងនៅតែស្រលាញ់អាជីព លក់សំឡេងហើយនាងនិងធ្វើបទថ្មីៗផ្ទាល់ខ្លួនដើម្បីប្រជែងការគាំទ្រ៕