គូស្វាមីភរិយានេះបានប្រាប់ទាំងសើចសប្បាយថា ព្រោះតែប្រពន្ធកាលនៅក្រមុំយកភាសាថៃ មកប្រើថា “ខគីនដួយ” ធ្វើឱ្យប្តីកាលនៅកំលោះស្តាប់ច្រឡំ ជាភាសាខ្មែរ ស្មានថា នាងបើកដៃ លុះយប់ឡើងក៏ហ៊ានស្ទាបរបស់នាង។ លុះនាងក្រមុំស្រែក ធ្វើឱ្យកំលោះភ័យខ្លួនរត់រកគ្រូភ្លេងឱ្យជួយសម្របសម្រួល បានរៀបការជាមួយគ្នាទៅ ហើយផ្តើមចេញពីភាសាថៃ នេះ ពួកគេបង្កើតបានកូនស្រីម្នាក់ ចេះច្រៀងពីរោះគ្រលួច…។
លោកអាន សុខឡេង អាយុ៣៨ឆ្នាំ រស់នៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ថា លោកបានជួបភប់ប្រសព្វជាមួយភរិយាសព្វថ្ងៃ ឈ្មោះម៉ី ស្រីមុំ ដោយសារតែនាងនិយាយភាសាថៃ ១ឃ្លាថា “ខគីនដួយ” ដែលប្រែជាភាសាខ្មែរថា “សុំញ៉ាំជាមួយផង” តែលោកស្តាប់ច្រឡំស្មានថា នាងបើកដៃឱ្យស្ទាបកន្លែងសំខាន់ ក៏ហ៊ានស្ទាប ស្រាប់តែនាងស្រែកឆោឡោចង់ប្តឹងផ្តល់ ធ្វើឱ្យលោកភ័យខ្លួនរត់រកគ្រូភ្លេង ឈ្មោះសួង ពុទ្រា ឱ្យជួយសម្របសម្រួល ក៏បានរៀបការជាមួយគ្នាទៅ។ លោកកើតក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះខៀវ អេម ម្តាយឈ្មោះ អៀម ពៅ និងមានបងប្អូនបង្កើត៦នាក់។ កាលលោកមានវ័យ២៤ឆ្នាំ ឪពុកម្តាយបានបង្ខំឱ្យលោករៀបការប្រពន្ធដែរ តែលោកបដិសេធ ដោយកាលនោះមិនទាន់ចេះស្រលាញ់ស្រី ឬថាមិនទាន់មាននិស្ស័យជាមួយនារីណាម្នាក់។ លោកថែមទាំងមានអារម្មណ៍ខ្លាចស្រីៗទៀតផង ក៏ចេញពីផ្ទះទៅរកការងារធ្វើនៅភ្នំពេញ ជាចៃដន្យក៏បានមិត្តភក្តិអូសទាញឱ្យចូលរៀនខាងតូរ្យតន្ត្រី នៅក្នុងក្លឹបប្រជានុភាព ជាមួយលោកគ្រូសួង ពុទ្រា។ រយៈពេលតែ១ឆ្នាំប៉ុណ្ណោះ លោកក៏ចេះកាន់ឧបករណ៍ភ្លេងគ្រប់ប្រភេទ អាចប្រគំជាលក្ខណៈវង់ភ្លេង ឬលេងទោលតែឯងក៏បាន។ មិនយូរប៉ុន្មាន លោកគ្រូសួង ពុទ្រា ក៏បានឱ្យលោកចូលលេងភ្លេងសម័យនៅស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ រហូតមក។
លោកអាន សុខឡេង បន្តថា រហូតដល់ឆ្នាំ២០០៥ លោកគ្រូសួង ពុទ្រា បានដករូបលោកឱ្យមកធ្វើជាគ្រូបង្ហាត់ភ្លេងដល់សិស្សថ្មី ក្នុងក្លឹបប្រជានុភាព វិញ (មានទីតាំងជាប់នឹងលូទឹកស្អុយបូកគោ)។ ពេលនោះ លោកក៏បានជួបនាងក្រមុំម្នាក់ ឈ្មោះម៉ី ស្រីមុំ ដែលកាលនោះ នាងទើបមានអាយុជាង២០ឆ្នាំ ទើបនឹងមកពីប្រទេសថៃ ហើយរូបនាងត្រូវជាប្អូនរបស់លោកហៀង សាខន ជានាយកសាលាភ្លេង។ ថ្ងៃមួយ លោកកាន់នំប៉័ងសាច់១ដើមមកហូបនៅក្បែរទ្វារបន្ទប់រៀន ស្រាប់តែស្រីមុំ ដើរមកជិត រួចនិយាយទាំងសើចញឹមៗថា “ខគីនដួយ”។ កាលនោះ លោកមិនចាប់អារម្មណ៍ថា នាងនិយាយភាសាថៃ ដែលមានន័យថា “សុំញ៉ាំជាមួយផង” នោះទេ តែបែរជាច្រឡំផ្តេសផ្តាសបែបអាសអាភាសទៅវិញ។ លោកគិតថា ប្រហែលជានាងចង់ឱ្យអាស្អីគេនោះមកលោកហើយមើលទៅ ទន្ទឹមនោះ លោកមើលឃើញនាងកាន់តែស្អាតទៅៗ ផុសសេចក្តីស្នេហាពេញបេះដូងមួយរំពេច។
លោកអាន សុខឡេង បន្តទៀតថា លុះយប់ស្ងាត់ នាងក៏ចេញពីបន្ទប់ស្នាក់នៅប្រុងអង្គុយយោលទោងលេង លោកក៏ស្ទុះទៅចាប់ឱបនាងបន្លំលូកស្ទាបខ្លះៗទៅ ស្រាប់តែនាងស្រែកឆោឡោផ្អើលគេឯង។ លោកភ័យណាស់ខ្លាចមានការប្តឹងផ្តល់ ក៏ទៅជម្រាបលោកគ្រូសួង ពុទ្រា ឱ្យជួយសម្របសម្រួល ដោយអះអាងថា មកពីលោកមិនចេះភាសាថៃ លុះឮនាងនិយាយថា “ខគីនដួយ” ស្មានថា នាងចង់ឱ្យរបស់ហ្នឹង ក៏លូកស្ទាបខ្លះទៅ។ ទីបំផុត លោកសួង ពុទ្រា ក៏បានហៅរូបលោកទៅជួបនាយកសាលាភ្លេង ដែលត្រូវជាបងប្រុសកញ្ញាស្រីមុំ ក៏សម្របសម្រួលឱ្យត្រូវរ៉ូវគ្នាទៅ រហូតបានចូលរោងការតាមប្រពៃណី។ លោកនិងភរិយាក៏បានរួមរស់ប្រកបដោយសុភមង្គល បង្កើតបានកូនស្រីម្នាក់ឈ្មោះឡេង ស្រីលីន សព្វថ្ងៃ អាយុ១១ឆ្នាំ ចេះច្រៀងពីរោះណាស់។ លោកនិងភរិយាក៏មិនភ្លេចគុណលោកគ្រូសួង ពុទ្រា នោះដែរ ទោះបីជាលោកគ្រូបានទទួលមរណភាព៧ឆ្នាំទៅហើយក្តី ក៏លោកមិនភ្លេចគុណបំណាច់នេះទេ។
ដោយឡែក នាងម៉ី ស្រីមុំ អាយុ៣៦ឆ្នាំ ជាភរិយា បានឱ្យដឹងថា នាងមានឪពុកឈ្មោះម៉ី សារី (ជាគ្រូលោកព្រហ្ម ម៉ាញ) ម្តាយឈ្មោះប៊ុន យ៉ាន នាងជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់។ នាងបានទៅរស់នៅប្រទេសថៃ ជាមួយម្តាយ តាំងពីអាយុ៦ឆ្នាំ ក៏ចេះភាសាថៃ យ៉ាងស្ទាត់ លុះអាយុជាង២០ឆ្នាំ ម្តាយបានឱ្យនាងមករស់នៅជាមួយបងប្រុសឈ្មោះហៀង សាខន ធ្វើការនៅទូរទស្សន៍អប្សរា និងជាប្រធានក្លឹបប្រជានុភាព។ នាងបានទៅស្នាក់នៅក្នុងសាលាភ្លេង ជាចៃដន្យ ក៏បានជួបលោកសុខឡេង ដែលបងប្រុសហៅមកបង្ហាត់ភ្លេងដល់សិស្សក្មេងៗ។ ពេលឃើញគាត់ញ៉ាំនំប៉័ង នាងក៏ដើរទៅជិតនិយាយលេងសើចថា “ខគីនដួយ” ដោយស្មានថា គាត់ចេះស្តាប់ភាសាថៃ ដឹងអី! គាត់ច្រឡំផ្តេសផ្តាសស្មានថា នាងឱ្យស្ទាប លុះយប់ឡើងក៏ស្ទុះមកស្ទាបមែន ធ្វើឱ្យនាងខឹងសម្បាមិនតិចទេ។ ដោយមានការសម្របសម្រួលពីលោកគ្រូសួង ពុទ្រា និងបងប្រុស ផ្សំនឹងកំណួចចិត្តស្នេហ៍ផងនោះ នាងក៏យល់ព្រមរៀបការជាមួយគាត់ទៅ។ នាងយល់ថា បើមិនបានប្រើពាក្យ “ខគីនដួយ” នេះទេ ប្រហែលជាពួកនាងមិនបានជួបគ្នាទេ គឺអ្វីៗវាកើតឡើងដោយចៃដន្យ។ ចំណងស្នេហ៍ប្តីប្រពន្ធនាងក៏បានផ្តល់កំណើតដល់កូនស្រីឡេង ដាលីន ទើបមានអាយុ១១ឆ្នាំសោះ តែនាងតូចច្រៀងពីរោះណាស់ ធ្លាប់តាមឪពុកទៅច្រៀងតាមហាងនានា ដោយចេះសម្តែងកាយវិការជាបទញាក់ក៏បាន កម្សត់ក៏បានទាំងអស់។
អ្នកស្រីសំរឹទ្ធ ឌឿន អាយុ៥១ឆ្នាំ និងយុវជន ញាណ វិទូ អាយុ២០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ប្រវត្តិស្នេហ៍រវាងលោកគ្រូភ្លេង អាន សុខឡេង និងបងស្រីម៉ី ស្រីមុំ គួរឱ្យអស់សំណើចណាស់ ព្រោះពួកគាត់មិនលាក់លៀមអ្នកស្រុកណាទេ។ ចំណែកកុមារីដាលីន ពិតជាមានទឹកដមសំឡេងក្រអួនក្រអៅមែន ដែលអាចក្លាយជាទំពាំងស្នងប្ញស្សី បន្តវេនពីតារាចម្រៀងស្រីល្បីៗ ទៅអនាគតបាន។ លោកគ្រូសុខឡេង និងភរិយានេះ មានកូន៥នាក់ឯណោះ ដោយបានកុមារីដាលីន ស្នងសិល្បៈ។
គួរបញ្ជាក់ថា បើឪខ្លា កូនខ្លា ឬថា បើឪពុកជាអ្នកសិល្បៈ កូនក៏សិល្បៈដែរ ហេតុនេះហើយទើបលោកអាន សុខឡេង បង្កើតបានកូនស្រីស្នងមរតកសិល្បៈពីឪពុក ព្រោះចម្រៀង និងតន្ត្រី គឺជាសិល្បៈក្នុងវង់តែមួយ៕