ភ្នំពេញ ៖ ជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ខឹងជនរងគ្រោះស្រែកឆោឡោបានធាក់ម៉ូតូកង់បីក្រឡាប់ បណ្តាលឲ្យអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកជនរងគ្រោះរងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខមជ្ឍមណ្ឌលកែសម្ផស្សឌែរម៉ូគ្លីនិក តាមបណ្តោយផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ លីហ្សា ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅម្តុំសាលាបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា មានស្រុកកំណើតនៅខេត្តកណ្តាល ។
តាមសម្តីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនាងនិងមិត្តភក្កិស្រីម្នាក់ទៀត បានជិះម៉ូតូកង់បីមួយគ្រឿង ម៉ាកបារចារ ពណ៌ស អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ចេញមកពីកន្លែងលក់ដូរ នៅម្តុំផ្សារធីខេ ទួលគោក គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំសាលាបាក់ទូក និងធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ដោយរូបនាងបានដកទូរស័ព្ទដៃម៉ាក iPhone5 របស់នាងយកមកចុចលេង លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ រួមជាមួយបក្ខពួកចំនួនបីម៉ូតូទៀត មិនចាំម៉ាក បានជិះមកពីក្រោយ ដោយជនសង្ស័យដែលជិះម៉ូតូហុងដាឌ្រីម បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នាង តែមិនបានសម្រេចភ្លាមនោះរូបនាងបានស្រែកឆោឡោ ក៏ត្រូវជនសង្ស័យធាក់ម៉ូតូកង់បី បណ្តាលឲ្យចាក់កួរក្រឡាប់ផ្ងារជើង បង្កឲ្យបុរសដែលជានាក់បើកបរម៉ូតូកង់បីរងរបួសរយះជើងខាងឆ្វេង រងរបួសធ្ងន់ រីឯរូបនាងនិងនារីម្នាក់ទៀតរងរបួសស្រាល ចំណែកឯជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងកើតហេតុ បានចេញមកជួលលើកម៉ូតូកង់បី និងបានទាក់ទងហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន សម្ភពរស្មី ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ហើយបានប្រគល់
ម៉ូតូកង់បីឲ្យទៅសាច់ញាតិជនរងគ្រោះយកទៅផ្ទះវិញ ៕