Tuesday, November 26, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី បើកហាងលក់កាបូប ក្រោយពេលបាត់មុខពីសិល្បៈ

កែវ ពេជ្រពិសី បើកហាងលក់កាបូប ក្រោយពេលបាត់មុខពីសិល្បៈ

ស្របពេលដែលបណ្តាប៉ុស្តិ៍ទូរទស្សន៍ជាច្រើន សម្រុកធ្វើរឿងភាគគ្រប់គ្នានោះ តារាជើងចាស់ដែលបានបាត់មុខមួយចំនួន ក៏បានវិលត្រឡប់មករកអាជីពចាស់ឡើងវិញ ព្រោះការថតភាពយន្ត សម្រាប់តារាល្បីបានតម្លៃខ្លួន ៣០០ទៅ៥០០ដុល្លារឯណោះ ក្នុង១ថ្ងៃ។ ប៉ុន្តែ តារាសិល្បៈរួមអាជីព និងមហាជនជាច្រើនបានឆ្ងល់ថា ហេតុអីបានជាពេលនេះ គេមិនឃើញកែវ ពេជ្រពិសី ដែលធ្លាប់ល្បីឡើងដល់ចំណុចកំពូល កាលពីឆ្នាំ២០០៧ និង២០១០នោះ ទៅណា? ហេតុអីក៏នាងលែងអើពើការថតសម្តែងភាពយន្តបែបនេះ?

តារាខ្លះទៀតបាននាំគ្នាខ្សឹបខ្សៀវថា ពេជ្រ ពិសី អាចរងគំនាបពីគូស្នេហ៍ថ្មី ដែលគេល្បីថា ជាលោកផ្កាយ៣នោះហើយមើលទៅ បានជាបាត់ខ្លួនឈឹងតាមគ្រប់កម្មវិធីសិល្បៈទាំងស្រុងបែបនេះ…។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កែវ ពេជ្រពិសី បានឱ្យដឹងថា នាងមិនទៅណាទេ គឺនៅក្នុងស្រុកខ្មែរ នៅឡើយ តែមូលហេតុដែលនាងមិនដែលចេញមុខតាមកម្មវិធីសិល្បៈដូចមុន ព្រោះតែជាប់រវល់នឹងមុខជំនួញថ្មី ដែលហៀបនឹងដំណើរការក្នុងពេលឆាប់ៗនេះហើយ។

ពេជ្រពិសី ថ្លែងថា “ខ្ញុំជាប់រកស៊ីបង មានទៅណា មកពីរវល់ពេក បានជាមិនដែលបានដើរកម្មវិធីសិល្បៈដូចមុនហ្នឹង។ ខ្ញុំបើកមុខរបរថ្មី បើកហាងលក់កាបូប ដែលទីតាំងហាង នឹងបើកនៅតាមផ្លូវជាតិលេខ៦ (ព្រែកលៀប) តែឥឡូវខ្ញុំមិនទាន់រៀបចំហើយរួចរាល់ទេ កំពុងតែរៀបចំអីវ៉ាន់បណ្តើរៗហើយ។ ហាងថ្មីខ្ញុំនេះ គ្មានគម្រោងធ្វើពិធីសម្ពោធទេ ព្រោះអីជាហាងធម្មតាហ្នឹងបង!”។

ការឈានទៅបើកហាងលក់កាបូប របស់កែវ ពេជ្រពិសី នៅពេលនេះ គឺស្របពេលដែលហាងសម្អាងការរបស់នាង ដែលដំណើរការជាង៧ឆ្នាំនោះ ហាក់មានភាពរអាក់រអួលួខ្លះៗ នៅចុងក្រោយនេះ ដោយសារតែហាងសម្អាងការមានច្រើនពេក តម្រូវឱ្យមានការប្រកួតប្រជែងខ្លាំង ទើបពិសី ពិបាករកប្រាក់ចំណូល បង្ខំចិត្តឱ្យនាងងាកទៅបន្ថែមអាជីពថ្មីជាហាងលក់កាបូប វិញម្តង។ ប៉ុន្តែការបាត់មុខរបស់កែវ ពេជ្រពិសី នៅគ្រប់កម្មវិធីអ្នកសិល្បៈរបស់នាងនៅពេលនេះ គឺស្របពេលដែលតំណែងជាពិធីការិនីរបស់ពិសី នៅប៉ុស្តិ៍បាយ័ន ក៏មិនឃើញនាងកាន់ដូចមុនទៀតដែរ ទើបមានការខ្សឹបខ្សៀវកាន់តែច្រើនពីអ្នកសិល្បៈថា អ្នកមេម៉ាយពេជ្រពិសី អាចនឹងផ្តាច់ខ្លួនទាំងស្រុងពីអាជីពចាស់តែម្តង ដើម្បីផ្គាប់ចិត្តម្ចាស់ចិត្តស្នេហ៍ថ្លើមថ្លៃថ្មីតែម្នាក់គត់ កុំឱ្យទើសចិត្តរឿងសិល្បៈទៀត។

កែវ ពេជ្រពិសី បញ្ជាក់ថា “ខ្ញុំគ្មានរឿងអីផ្ទាល់ខ្លួនទេបង! ខ្ញុំបាត់មុខនេះ គឺដោយសារតែខ្ញុំជាប់រវល់រឿងរកស៊ីហ្នឹងតែម្តង។ ចំពោះការងារខ្ញុំនៅប៉ុស្តិ៍បាយ័ន បាត់មុខខ្ញុំមួយរយៈនេះ គឺដោយសារតែកម្មវិធីដែលខ្ញុំធ្វើត្រូវផ្អាកមួយរយៈសិន ខ្ញុំមិនដឹងថា ពេលណាដំណើរការវិញឡើយ”។

កែវ ពេជ្រពិសី មិនមានគម្រោងក្នុងការវិលត្រឡប់មករកអាជីពចាស់ ថតសម្តែងភាពយន្តរឿងថ្មីវិញឡើយ បើទោះជាផលិតកម្មមួយចំនួននៅតែព្យាយាមចង់ហៅនាងថតដូចដើមវិញក្តី តែពិសី ដែលតស៊ូក្នុងអាជីពសិល្បៈជាង១០ឆ្នាំមកនេះ ហាក់ដូចជាធុញទ្រាន់នឹងការថតសម្តែងទៅវិញ ដោយមុននេះនាងអះអាងថា ចង់ផ្តល់ឱកាសដល់តារាសម្តែងថ្មីៗ ឱ្យបានបញ្ចោញសមត្ថភាពវិញម្តង ព្រោះអាយុនាងកាន់តែច្រើនហើយ មិនអាចទៅប្រជែងជាមួយតារាថ្មីៗបានទេ ទើបនាងសម្រេចចិត្តថា ត្រូវតែដកខ្លួនចេញ ហើយងាកមករកស៊ីវិញ ដែលនេះជាការសម្រេចចិត្តរបស់នាង គឺក្នុងចំណោមផ្លូវ២ ដែលមាន គឺការថតកុន និងការរកស៊ី ត្រូវតែជ្រើសផ្លូវ១តែប៉ុណ្ណោះ គឺការមានមុខរបរផ្ទាល់ខ្លួនល្អជាងការបន្តអាជីពចាស់៕

RELATED ARTICLES