ភ្នំពេញ ៖ ចំណុចខ្វែងគំនិតគ្នារវាងអាជ្ញាធរ រាជធានីភ្នំពេញ និងក្រុមគ្រួសារសពលោក បណ្ឌិតកែម ឡី ជុំវិញតម្រាយផ្លូវហែសពលោក កែម ឡី បានបញ្ចប់ទាំងស្រុង និងរកឃើញ ចំណុចឯកភាពហើយ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានកោះប្រជុំពិភាក្សាជាថ្មីម្តងទៀត ជាមួយគ្រួសារសពលោកបណ្ឌិតកែម ឡី រួមនិង ភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។ ជាលទ្ធផលអាជ្ញាធររាជធានីភ្នំពេញ បានយល់ព្រមតាមសំណើរបស់ភរិយា និងក្រុម- គ្រួសារសពលោកបណ្ឌិតកែម ឡី ទៅលើតម្រាយ ផ្លូវហែសព ហើយក៏មានការឯកភាពគ្នាហែ សពដោយម៉ូតូ និងរថយន្តគ្មានការដង្ហែដោយ ថ្មើរជើងនោះទេ។
បន្ទាប់ពីមានការឯកភាពគ្នារួចមក អ្នក- ស្រីប៊ូ រចនា ភរិយាសពលោកបណ្ឌិតកែម ឡី ក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការបញ្ជាក់ អំពីកម្មវិធីនៃការហែសពលោកបណ្ឌិតកែម ឡី ជម្រាបជូនសាធារណជន និងអំពាវនាវឱ្យចូល រួមហែសពឱ្យបានអធិកអធម នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុម- គ្រួសារសពលោកបណ្ឌិតកែម ឡី ដែលមាន លោកស្រីប៊ូ រចនា ជាតំណាងចេញផ្សាយ កាល ពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មាន ខ្លឹមសារថា “សេចក្តីជូនដំណឹងស្តីពីការដង្ហែសព លោកបណ្ឌិតកែម ឡី ឆ្ពោះទៅកាន់ខេត្តតាកែវ។
យើងខ្ញុំតំណាងក្រុមគ្រួសារសពលោក បណ្ឌិតកែម ឡី មានលោកស្រីប៊ូ រចនា ជា ភរិយាសព ព្រមទាំងបុត្រានិងសាច់ញាតិសព មានកិត្តិយសជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី និងជនរួមជាតិដែលគោរព ស្រលាញ់លោកបណ្ឌិតកែម ឡី ឱ្យបានជ្រាប ថា ពិធីដង្ហែសពលោកបណ្ឌិតកែម ឡី នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ពេល វេលាម៉ោង៧ៈ០០នាទីព្រឹក ដោយចេញពីវត្ត ចាស់។ ការដង្ហែសពនេះ ធ្វើឡើងតែតាមម៉ូតូ និងរថយន្ត ដោយគ្មានការដង្ហែតាមថ្មើរជើង ឡើយ ហើយកាត់តាមស្ពានជ្រោយចង្វា រួច បត់តាមមហាវិថីព្រះមុនីវង្ស និងមហាវិថី- សហព័ន្ធរុស្ស៊ី រហូតដល់រង្វង់មូលចោមចៅ រួច បន្តដំណើរទៅតាមផ្លូវជាតិលេខ៣ រហូតដល់ ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ។
ដើម្បីឱ្យមានបរិយាកាសល្អប្រសើរ នៅ ក្នុងពិធីដង្ហែសពលោកបណ្ឌិតកែម ឡី ប្រព្រឹត្ត ទៅបានដោយរលូន សូមបងប្អូនជនរួមជាតិដែល មកចូលរួម មេត្តាជួយរក្សាសណ្តាប់ធ្នាប់របៀប- រៀបរយ និងពាក្យសម្តី បដាណាមួយដែល មិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់ពិធីដង្ហែ សពលោកបណ្ឌិត។
សេចក្តីជូនដំណឹងដដែល បន្តថា សូម បញ្ជាក់ ៖ ប្រជាពលរដ្ឋមកពីខេត្តតាកែវ ខេត្ត កែប ខេត្តកំពត ខេត្តកំពង់ស្ពឺ មានបំណងចង់ ចូលរួមដង្ហែសពលោកបណ្ឌិតកែម ឡី សូមមេត្តា រង់ចាំក្រៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយ- ការស្ទះចរាចរណ៍។ ចំពោះប្រជាពលរដ្ឋរស់នៅ ភ្នំពេញ និងខេត្តផ្សេងៗទៀត អាចចូលរួម ដង្ហែសពពីភ្នំពេញ ទៅកាន់ខេត្តតាកែវ មាន មធ្យោបាយយានជំនិះរៀងៗខ្លួន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ជនរួមជាតិ សូមអញ្ជើញចូលរួមដង្ហែសពលោក បណ្ឌិត ដោយក្តីអនុគ្រោះ…”។
ដោយឡែកយោងតាមកំណត់ហេតុប្រជុំពិភាក្សាស្តីពីការជូនដំណឹងដង្ហែសពលោកបណ្ឌិត កែម ឡី ដែលចេញផ្សាយដោយសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែលមានវត្តមានលោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ជាប្រធានដឹកនាំ អង្គប្រជុំ បានបញ្ជាក់ឱ្យដឹងថា លោកនឿន ចាន់នី ត្រូវជាបងថ្លៃសពលោកបណ្ឌិតកែម ឡី បាន បញ្ជាក់ថា ក្រុមគ្រួសារសព និងគណៈកម្មការ រៀបចំបុណ្យសពបាននិងកំពុងរៀបចំជាបណ្តើរៗ នូវសម្ភារៈសម្រាប់បម្រើឱ្យការងារដង្ហែសព ដូចជាបានទទួលរថយន្តចំនួន៣០គ្រឿង ក្នុង ការដង្ហែ និងមានការឧបត្ថម្ភជាបន្តបន្ទាប់ទៀត តែគ្រួសារសពមិនទាន់បានទាក់ទង។ ជាមួយ នេះ គ្រួសារសពនៅតែប្រកាន់ជំហរដដែល ដោយធ្វើការរំកិលសពលោកកែម ឡី ដើម្បី យកទៅបញ្ចុះនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូល រួមពីគណៈកម្មការ និងអង្គការសង្គមស៊ីវិល ហែចេញពីវត្តចាស់ ឆ្លងកាត់លើស្ពានជ្រោយចង្វា តាមបណ្តោយមហាវិថីព្រះមុនីវង្ស រហូត ដល់ស្តុប បត់ស្តាំតាមផ្លូវសហព័ន្ធរុស្ស៊ី រហូត ដល់រង្វង់មូលចោមចៅ តម្រង់ឆ្ពោះទៅកាន់ ផ្លូវជាតិលេខ៣ ដើម្បីបន្តដំណើរទៅកាន់ទីបញ្ចុះសព។
ជាមួយនេះ លោកស៊ឹម វុទ្ធី ស្នងការរង- នគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមសមត្ថកិច្ច ពិតជាមានការព្រួយបារម្ភ យ៉ាងខ្លាំង ព្រោះថ្មីៗនេះមានជនឆ្លៀតឱកាស បានធ្វើការអំពាវនាវឱ្យមានការដង្ហែសពពេញ រាជធានីភ្នំពេញ។ ដូច្នេះក្រោយពីមានការឯកភាពលើតម្រាយផ្លូវណាមួយ គ្រួសារសព និង អ្នករៀបចំកម្មវីធី ត្រូវអនុវត្តតាម ចៀសវាង មានជនមួយចំនួនឆ្លៀតឱកាសបង្វែរការហែ សពខុសពីគោលដៅ ហើយប្រសិនបើមានការ ដង្ហែខុសផ្លូវ សមត្ថកិច្ចនឹងធ្វើការឃាត់ ព្រម ទាំងណែនាំឱ្យហែសពឱ្យបានត្រឹមត្រូវឡើង វិញ។
ចំណែកលោកកែម រិទ្ធិសិត ប្អូនប្រុសសព លោកបណ្ឌិតកែម ឡី បានបញ្ជាក់ថា លោក នៅតែមានជំហរដង្ហែសពតាមតម្រាយផ្លូវដែល បានស្នើសុំ ព្រោះថាកន្លងមក លោកតែងតែ ទទួលបានទូរស័ព្ទសំណូមពរពីមហាជន ឱ្យមាន ការដង្ហែសពតាមដងផ្លូវនេះ ព្រោះនេះជាសព របស់មហាជន។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរពិតជា មានការបារម្ភដូចការលើកឡើងរបស់លោក ស្នងការរងដែរ ហើយឃាតកម្មទៅលើលោក បណ្ឌិតកែម ឡី កំពុងស្ថិតក្នុងការស្រាវជ្រាវ របស់សមត្ថកិច្ចនៅឡើយ។ ដោយឡែកសព លោកបណ្ឌិត គឺជាសពរបស់ក្រុមគ្រួសារសព ចំពោះការលើកឡើងថា សពនេះជាសពរបស់ មហាជននោះ គឺសូមបដិសេធទាំងស្រុង ហេតុ នេះ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច ស្នើឱ្យ ក្រុមគ្រួសារសព និងគណៈកម្មការរៀបចំបុណ្យ សព ធ្វើការដង្ហែសព ដោយប្រើប្រាស់រថយន្ត និងម៉ូតូ ហាមដាច់ខាតការដង្ហែសពដោយថ្មើរ ជើង និងត្រូវគោរពតាមស្មារតី ហើយការ ទទួលខុសត្រូវក្នុងក្បួន ជាការទទួលខុសត្រូវ របស់គ្រួសារសព និងអ្នករៀបចំ។
ដោយឡែកលោកឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ និងជាប្រធានអង្គប្រជុំ បាន មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរដែនដី លោក ខិតខំយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុង រាជធានីភ្នំពេញ។ ដូចនេះក្រុមគ្រួសារសព ត្រូវធ្វើការអំពាវនាវដល់អ្នកចូលរួមដង្ហែ ត្រូវ រក្សាភាពស្ងប់ស្ងាត់ និងអនុវត្តតាមបែបព្រះពុទ្ធសាសនា ដើម្បីបង្ហញ្ហាឱ្យឃើញថា ប្រជាពលរដ្ឋដែលចូលរួម ពិតជាមានសីលធម៌សមជា ប្រជាពលរដ្ឋដែលមានវប្បធម៌ខ្ពង់ខ្ពស់។ ប្រសិន បើមានជនឆ្លៀតឱកាសប្រើប្រាស់ការដង្ហែសព បម្រើឱ្យឆន្ទៈនយោបាយ អាជ្ញាធរសមត្ថកិច្ច នឹងចាត់វិធានការក្នុងគោលដៅរក្សាសន្តិសុខ ក្នុងរាជធានីភ្នំពេញ។
ទាក់ទងទៅនឹងការដង្ហែសពនេះដែរ លោក នឿន ចាន់នី ជាបងថ្លៃសពលោកបណ្ឌិតកែម ឡី បានស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ច ខិតខំ ជួយការពារឱ្យបានខ្លាំងក្លាក្នុងការដង្ហែសព នេះ ព្រោះមានការចូលរួមពីប្រជាពលរដ្ឋចម្រុះ ហើយមិនដឹងថាអ្នកណាខ្លះមានបំណងបែប ណាទេ។
ក្រោយពីពិភាក្សាគ្នារួច គ្រួសារសពបាន ឯកភាពជាមួយអង្គប្រជុំ នូវចំណុចចំនួន៧ ដូច ខាងក្រោម ៖
១-គ្រួសារសព និងអ្នករៀបចំកម្មវិធី បានឯកភាពជាមួយអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដង្ហែសពលោកបណ្ឌិតកែម ឡី នៅថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយចាប់ចេញ ដំណើរពីវត្តពោធិយារាម ហៅវត្តចាស់ វេលា ម៉ោង៧និង០០នាទីព្រឹក ដោយរថយន្តនិងម៉ូតូ និងចេញដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ ស្ពានជ្រោយចង្វា តាមបណ្តោយមហាវិថីព្រះមុនីវង្ស រហូតដល់ស្តុប បត់ស្តាំតាមផ្លូវសហព័ន្ធរុស្ស៊ី រហូតដល់រង្វង់មូលចោមចៅ តម្រង់ ឆ្ពោះទៅទីបញ្ចុះសពនៅខេត្តតាកែវ ដោយមិន មានការដង្ហែសពតាមថ្មើរជើងឡើយ។
២- ឯកភាពតាមសំណូមពរគ្រួសារសព ត្រូវបង្កើតគណៈកម្មការរៀបចំពិធីដង្ហែសព សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ ដែលមាន សមាស ភាពដូចខាងក្រោម ៖
– លោកលឹម ឡេង ប្រធាន
-លោកអភិបាលខណ្ឌពាក់ព័ន្ធអនុប្រធាន
-លោកតំណាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមាជិក
-លោកប្រធានការិយាល័យចរាចរណ៍ សមាជិក
-លោកកែម រិទ្ធិសិត តំណាងគ្រួសារសព ជាសមាជិក
-លោកប៉ា ងួនទៀង តំណាងគណៈ- កម្មការរៀបចំបុណ្យសព ជាសមាជិក
-លោកគុជ លី តំណាងគណៈកម្មការ រៀបចំបុណ្យសព ជាសមាជិក
៣-ដើម្បីឱ្យពិធីដង្ហែសពប្រព្រឹត្តទៅដោយ រលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អ្នករៀបចំ ពិធីដង្ហែ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖
-កិច្ចការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈក្នុងការដង្ហែសព អ្នករៀបចំកម្មវិធីដង្ហែជាអ្នកទទួលខុសត្រូវការពារ ខាងក្នុងក្បួន សមត្ថកិច្ចទទួលខុសត្រូវការពារ ខាងក្រៅ ក្នុងករណីមានជនបង្កការអុកឡុក ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធាន ការឱ្យបានទាន់ពេលវេលា។
-ក្បួនដង្ហែត្រូវធ្វើដំណើរតែផ្នែកម្ខាងនៃ ដងផ្លូវ ទុកផ្នែកម្ខាងទៀតសម្រាប់ឱ្យសាធារណ- ជនធ្វើចរាចរជាធម្មតា ចៀសវាងការកកស្ទះ ចរាចរណ៍។
-ចំពោះបដាដែលចូលរួមហែសពរបស់ ក្រុមគ្រួសារ (បើមាន) ត្រូវមានខ្លឹមសារបែប ចូលរួមមរណទុក្ខ និងមិនពាក់ព័ន្ធនយោបាយ ឡើយ។
៤-គ្រួសារសពនិងអ្នករៀបចំកម្មវិធីដង្ហែ សព ត្រូវធ្វើការជូនដំណឹងដល់សាធារណជនឱ្យ បានជ្រាបពីការដង្ហែសព គឺដង្ហែដោយរថយន្ត និងម៉ូតូ មិនមានការដង្ហែដោយថ្មើរជើងឡើយ ហើយត្រូវរក្សាភាពស្ងៀមស្ងាត់ ដោយអនុវត្ត តាមបែបព្រះពុទ្ធសាសនា ប្រពៃណី និងទំនៀមទំលាប់ខ្មែរ។
៥-មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវសហការជាមួយអាចារ្យវត្ត ព្រមទាំងគ្រួសារ សព ដើម្បីរៀបចំការដង្ហែឱ្យបានគ្រប់ជ្រុងជ្រោយ តាមបែបព្រះពុទ្ធសាសនា។
៦-មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវ ចាត់រថយន្តសង្គ្រោះចំនួន២គ្រឿង សម្រាប់តាម ក្បូន និងត្រៀមមន្ទីរពេទ្យបង្អែកជុំវិញដងផ្លូវ ក្បួនដង្ហែសព ដើម្បីងាយស្រួលក្នុងការសង្គ្រោះ។ ដោយឡែកស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវចាត់ម៉ូតូស៊ីរ៉ែន១គ្រឿង ដើម្បីនាំក្បួន។
៧-ស្នងការនគរបាលរាជធានីភ្នំពេញ និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវទំនាក់ទំនងទៅអាជ្ញាធរខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ដើម្បីមកសម្របសម្រួលក្នុងដែនសមត្ថកិច្ច របស់ខ្លួន ធ្វើយ៉ាងណាឱ្យក្បួនដង្ហែសពទៅដល់ គោលដៅបញ្ចុះ។ ដោយឡែកខណ្ឌពាក់ព័ន្ធ ត្រូវចាត់កម្លាំងការពារតាមដងផ្លូវក្នុងដែន សមត្ថកិច្ចរបស់ខ្លួនដែលក្បួនសពឆ្លងកាត់។
គួររំព្ញកថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករដៃឆៅម្នាក់ បាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុក ឈាម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារ- ម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែង មហាវិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែល លោកកំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់កាំភ្លើងឈ្មោះជួប សម្លាប់ ដែលបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ចំនួន ២គ្រាប់ ចំក្បាល១គ្រាប់ និងចំដើមដៃធ្លាយ មកក្រោមដោះខាងស្តាំ១គ្រាប់នោះ ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយពេល កើតហេតុ រួចបានបញ្ជូនទៅតុលាការ ហើយ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ “មនុស្សឃាតគិតទុកជាមុន និងប្រើអាវុធដោយ គ្មានការអនុញ្ញាត” រួចត្រូវបានសម្រេចឱ្យឃុំ ខ្លួន នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ យ៉ាងណាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នក នៅពីក្រោយអំពើឃាតកម្មដ៏សាហាវនេះ ដើម្បី ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕