Tuesday, November 26, 2024
Homeតារាខ្មែរសូ ស្រណោះ ប្រាប់កូនសិស្សបង្កើនសមត្ថភាព ត្រៀមខ្លួនទៅប្រកួតនៅប្រទេសទី២

សូ ស្រណោះ ប្រាប់កូនសិស្សបង្កើនសមត្ថភាព ត្រៀមខ្លួនទៅប្រកួតនៅប្រទេសទី២

លោកសូ ស្រណោះ ជាគ្រូនិងនាយកសាលាស្រណោះតន្ដ្រី បានដឹកនាំកូនសិស្សរបស់ខ្លួន មកដល់កម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ក្រោយពេលបាននាំបេក្ខភាពវ័
យក្មេង២១រូប ចេញទៅប្រលងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២២ ខែកក្កដា ហើយការប្រលងបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែកក្កដា​ក្នុងវេទិកា Asian Pacific Arts Festival 2017 ។

លោកសូ ស្រណោះ ពេលផ្តល់សម្ភាសន៍

ក្នុងជំនួបជាមួយអ្នកកាសែតនោះ លោកសូ ស្រណោះ បានឲ្យដឹងថា នេះជាលទ្ធផលដ៏ល្អមួយដែលលោកនិងកូនសិស្ស បានទទួលផ្លែផ្កាត្រចះត្រចង់ បានពានមាស ឬមេដាយមាស រហូតដល់១៦ និងមេដាយប្រាក់ចំនួន៤នេះ ហើយលោកនឹងជំរុញឲ្យសិស្សរបស់លោកដែលបានទទួលមេដាយទាំងនោះ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រលងនៅប្រទេសផ្សេងទៀត ដែលមានទ្រង់ទ្រាយធំជាងនៅប្រទេសសិង្ហបុរី ទៅទៀត ដើម្បីពង្រីកចំណេះដឹង និងបង្កើនបទពិសោធន៍របស់ពួកគេឲ្យកាន់តែទួលំទូលាយ។

លោកស្រណោះ អះអាងថា ”កូនសិស្សរបស់ខ្ញុំកាន់តែមានសមត្ថភាពផ្នែកតន្រ្ដី និងច្រៀង ហើយខ្ញុំត្រូវតែខិតខំឲ្យអស់លទ្ធភាព ដើម្បីឲ្យម្ចាស់ពានទាំងនេះមានឱកាសទៅប្រកួតប្រជែងលើឆាកអន្តរជាតិផ្សេងទៀត។ កូនសិស្សខ្ញុំបានមេដាយមាស១៦ មេដាយប្រាក់៤ ក្នុងចំណោម២១រូប អីចឹងខ្ញុំគិតថា ពួកគេកាន់តែមានជំនឿចិត្តក្នុងការចូលរួមជាមួយប្រទេសផ្សេងទៀត ដែលមានការប្រកួតប្រជែងផ្នែកសិល្បៈ ហើយតាមខ្ញុំដឹង មានប្រទេស២ឬ៣ផ្សេងទៀត ក៏មានការប្រលងប្រកួតផ្នែកតន្ដ្រីស្រដៀងនឹងប្រទេសសិង្ហបុរីនេះដែរ ទើបខ្ញុំបានប្រកាសហើយថា កូនសិស្សរបស់ខ្ញុំដែលបានជាប់ពានទាំងអស់ ត្រូវតែបង្កើនសមត្ថភាព ត្រៀមខ្លួនដើម្បីទៅប្រកួតនៅប្រទេសទី២ទៀត ក្នុងពេលឆាប់ៗនេះ”។

ទោះជាយ៉ាងណា លោកសូ ស្រណោះ មិនបានបញ្ជាក់ទេថានឹងនាំកូនសិស្សទៅប្រទេសទី២ ជាប្រទេសណាឡើយ គឺរង់ចាំការទាក់ទងនិយាយគ្នាឲ្យបានច្បាស់លាស់ជាមួយល័ក្ខខណ្ឌផ្សេងៗជាមុនសិន ទើបលោកច្បាស់ថានឹងត្រូវបញ្ជូនកូនសិស្សទៅ ហើយបើប្រទេសនោះយកចំនួនតិចជាងកូនសិស្សរបស់លោកដែលមានពាននោះ លោកនឹងតម្រូវឲ្យពួកគេប្រកួតប្រជែងសមត្ថភាព ដើម្បីចម្រាញ់យកអ្នកខ្លាំងជាងទៅប្រកួត។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលប្រទេសសិង្ហបុរី បានរៀបចំការប្រលងសិល្បៈ Asian Pacific Arts Festival 2017 ដែលមាន១០ប្រទេសបានចូលរួម ហើយមានបេក្ខភាពសរុបជាង៣០០នាក់ បានចូលរួមប្រកួត ដែលក្នុងនោះ កម្ពុជា បានទទួលមេដាយមាសចំនួន១៦ ក្នុងចំណោមបេក្ខភាព២១រូប លើផ្នែកវិញ្ញាសារចម្រៀង វីយូឡុង និងព្យាណូ។ ក្នុងព្រឹត្តិការណ៍នោះ ប្រទេសដែលឈ្នះមេដាយមាសធំ៣ គឺចិន ឥណ្ឌូនេស៊ី និងហ្វីលីពីន។

លោកស្រណោះ បានឲ្យដឹងដែរថា លោកបានទទួលបទពិសោធន៍ច្រើនពីការដឹកនាំកូនសិស្សទៅប្រកួតនៅប្រទេសសិង្ហបុរី នេះ ពិសេសលោកបានស្វែងយល់ពីប្រទេសដទៃទៀត ដែលមានការប្រកួតចម្រៀងស្រដៀងនឹងប្រទេសសិង្ហបុរី ដែរ ដើម្បីនឹងដឹកនាំកូនសិស្សម្ចាស់ពានរបស់លោកទាំងអស់ទៅប្រកួតប្រែងដណ្ដើមភាពជោគជ័យបន្ថែមទៀត ឲ្យសមត្ថភាពពួកគេកាន់តែមានការវិវឌ្ឍខ្ពស់ជាងនេះថែមទៀត៕

RELATED ARTICLES