Friday, September 20, 2024
Homeតារាខ្មែរល្បីពេជ្រ សិរីរ័ត្ន និងខៀវ សានសាណា ផ្ទុះជម្លោះ រហូតលែងនិយាយរកគ្នា

ល្បីពេជ្រ សិរីរ័ត្ន និងខៀវ សានសាណា ផ្ទុះជម្លោះ រហូតលែងនិយាយរកគ្នា

ពេជ្រ សិរីរ័ត្ន ដែលស្ពាយបង្វេចចេញពីទូរទស្សន៍ហង្សមាស មកជ្រកកោននៅ CTN នោះ ត្រូវបានប្រគល់ឱ្យកាន់កម្មវិធី “តុបំភ្លឺ” នៅប៉ុស្តិ៍ MyTV ដែលសិរីរ័ត្ន នៅតែត្រូវបានទស្សនិកជនសរសើរថា ជាអ្នកពូកែធ្វើអត្ថាធិប្បាយដ៏ល្អម្នាក់ដដែល។

ប៉ុន្តែ ថ្មីៗនេះ ពេជ្រ សិរីរ័ត្ន ត្រូវបានប្រភពមួយបង្ហើបប្រាប់ថា នាងមានជម្លោះជាមួយពិធីការិនីល្បីឈ្មោះ នៅទ្រនំតែមួយ គឺខៀវ សានសាណា រហូតដល់អ្នកទាំង២ មើលមុខគ្នា លែងចំទៀតផង។

ព័ត៌មានពីតន្ត្រីករម្នាក់ បាននិយាយដោយសុំមិនបញ្ចោញឈ្មោះថា នៅពេលដែលមានសំឡេងខ្លាំងៗ បន្ទាប់មក ទើបដឹងថា សិរីរ័ត្ន និងសានសាណា ទាស់គ្នា ហើយនៅពេលដែលពួកគេចេញពីគ្នារៀងៗខ្លួននោះ មានហូរទឹកភ្នែក ទៀតផង ដែលតាមមើលសកម្មភាពបែបនោះ មិនមែនគ្រាន់តែជារឿងប្រកែកគ្នាធម្មតាៗនោះទេ តែឈ្លោះគ្នាមែនទែនតែម្តង ហើយឥឡូវលែងនិយាយរកគ្នាសោះតែម្តង…។

អ្នកយកព័ត៌មានយើងបានព្យាយាមសុំយោបល់ និងការបំភ្លឺពីពេជ្រ សិរីរ័ត្ន តាមលេខទូរស័ព្ទទាំង២ប្រព័ន្ធ ជាច្រើនលើក តែមិនអាចទាក់ទងបានឡើយ ដោយសារលេខត្រូវបានបិទដូចគ្នា ទោះជាកញ្ញាជីជី ដែលជាប្អូនស្រីសិរីរ័ត្ន បានឱ្យលេខសិរីរ័ត្ន ហើយថាជាលេខថ្មីក្តី។

ដោយឡែកខៀវ សានសាណា ទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកលើកឡើយ ទើបមិនអាចសុំការបំភ្លឺបានឡើយ។

លោកចន្នា ជាអ្នកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ CTN បានឱ្យដឹងថា លោកមិនបានដឹងរឿងរ៉ាវដែលលេចឮថា អ្នកទាំង២ឈ្លោះប្រកែកគ្នានោះទេ តែតាមការសន្និដ្ឋានរបស់លោក គឺគ្មានរឿងបែបនេះឡើយ។

លោកចន្នា បញ្ជាក់ថា “រឿងថា ពួកគាត់ឈ្លោះគ្នាហ្នឹង ខ្ញុំដូចជាអត់បានឮសោះបង! ហើយទាំងពេជ្រ សិរីរ័ត្ន និងសានសាណា នៅតែធ្វើការក្រោមដំបូលតែមួយរបស់ CTN ដដែលទេ។ តាមខ្ញុំដឹង មុនហ្នឹង អ្នកទាំង២ ដូចជាអត់មានបញ្ហាវិវាទអីនឹងគ្នាទេ ឃើញធ្វើការរៀងៗខ្លួន ហើយមកធ្វើការធម្មតា។ ម៉្យាងទៀត សិរីរ័ត្ន គាត់កាន់កម្មវិធីផ្សេងពីសានសាណា ដូចនេះបើថាទាស់គ្នា ដូចជាមិនសូវសម បើមិនមានកម្មវិធីដែលគាត់ធ្វើការជាមួយគ្នាផងហ្នឹង! ខ្ញុំមិនដឹងថា អ្នកណាទេដែលនិយាយរឿងហ្នឹង ដឹងរឿងហ្នឹង តែខ្ញុំនៅ CTN អត់ដែលដឹងរឿងហ្នឹងសោះ។ ខៀវ សានសាណា គាត់ចេញទៅកម្សាន្តនៅប្រទេសអ៊ីតាលី ហើយមិនដឹងថា គាត់មកវិញថ្ងៃណាទេ តែពេជ្រ សិរីរ័ត្ន គាត់នៅតែមកធ្វើការធម្មតាទេ ដូចជាគ្មានរឿងអីចម្លែកផង!”។

ពេជ្រ សិរីរ័ត្ន ដែលធ្លាប់ល្បីល្បាញ ពេលដែលជ្រកកោនក្រោមប៉ុស្តិ៍បាយ័ន ពូកែធ្វើអត្ថាធិប្បាយកម្មវិធី “រាត្រីពណ៌ស្វាយ” នោះ ស្រាប់តែមកកាន់កម្មវិធី “តុបំភ្លឺ” នោះ បែរជានាងទទួលការរិះគន់ច្រើនជាងការគាំទ្រទៅវិញ សូម្បីតែពិធីករក្រោមដំបូលជាមួយសិរីរ័ត្ន ក៏ឆ្ងល់ដែរថា ហេតុអីបានជាពិធីការិនីរូបនេះមក ធ្វើអត្ថាធិប្បាយវាយប្រហារអ្នកកាសែតទៅវិញ? តែសិរីរ័ត្ន ធ្លាប់ប្រាប់ថា កម្មវិធីនោះ គឺចំជំនាញរបស់នាងតែម្តង ហើយនាងមិនមានចេតនាវាយប្រហារអ្នកសារព័ត៌មានទេ គឺធ្វើម៉េចបើកម្មវិធីគេតម្រូវឱ្យហៅតារាមកបកស្រាយ អីចឹងគេបកស្រាយម៉េច គឺស្រេចតែលើសាមីខ្លួនរបស់គេ។

មហាជនជាច្រើននៅតែមិនអស់ចិត្តគឡើយថា ពេជ្រ សិរីរ័ត្ន ដែលពូកែឆ្កឹះសំណួរតារាៗដែលមានបញ្ហាជាមួយអ្នកកាសែតនោះ ហេតុអីក៏នាងមិនព្រមបកស្រាយរឿងផ្ទាល់ខ្លួន ដែលគេថា នាងមានកូន២អត់ប្តីនោះ ឱ្យជ្រះស្រឡះផង ម៉េចបានឱ្យគេហៅនាងថា ជាតារាមានកូនអត់ប្តីអីចឹង?

ចំណែកខៀវ សានសាណា ក្រោយរៀបការប្តីជាចំហជាមួយស្វាមីទី២ បុរសអូស្ត្រាលី កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នោះមក ពេលនេះតារាដែលមានកូន២ ជាមួយស្វាមីមុនរូបនេះ បានក្លាយទៅជាអ្នកមានទ្រព្យស្តុកស្តម្ភ ព្រោះស្វាមីនាងជាអ្នកជំនួញធំ ដែលមានទ្រព្យលានដុល្លារ។

ខៀវ សានសាណា បានទិញផ្ទះវីឡា និងខុនដូ ហើយនាងជិះរថយន្តទំនើបៗ តែនៅតែបន្តអាជីពពិធីការិនីដដែល ហើយថា អាចរកបានប្រាក់ជាង១ម៉ឺនដុល្លារ ពីអាជីពពិធីការិនីទៀតផង។

យ៉ាងណា កម្មវិធីធំៗនៅ CTN មួយចំនួន មិនត្រូវបានសាណា កាន់ដូចមុនពេលមានប្តីទៀតឡើយ ទើបធ្វើឱ្យនាងមិនសូវមានភាពលេចធ្លោដូចមុនឡើយ។

មហាជនរង់ចាំមើលថា ក្រោយពេលដែលតារាមានកូន២ដូចគ្នា ពេជ្រ សិរីរ័ត្ន និងខៀវ សានសាណា ដែលល្បីថា មានទំនាស់គ្នានេះ តើអ្នកទាំង២ នឹងនៅតែរួមការងារជាមួយគ្នាធម្មតាដូចមុន ដូចការអះអាងរបស់អ្នកផលិតកម្មវិធី CTN ដែលថា ពួកគេគ្មានជម្លោះជាមួយគ្នានោះឬយ៉ាងណា ខណៈដែលអ្នកខ្លះថា ខ្លា២ មិនអាចនៅភ្នំមួយបានឡើយ ហេតុនេះហើយទើបគេសង្ស័យថា អាចនឹងមានម្នាក់ខ្ទាត ចេញក៏ថាបាន។ ប៉ុន្តែយ៉ាងណា សិរីរ័ត្ន និងសានសាណា ដែលសុទ្ធតែមានបទពិសោធន៍ក្នុងអាជីពពិធីការិនីនោះ គេជឿថាអ្នកទាំង២ច្បាស់ជាផ្តោតលើការងារឱ្យរលូនជាង ការលេចឮថា បានជះកំហឹងរៀងខ្លួន ដែលនាំឱ្យផ្អើលបុគ្គលិកនៅ CTN នោះ។

ទស្សនិកជនជាច្រើននិយាយថា សិរីរ័ត្ន និងសានសាណា ជាពិធីការិនីមានទេពកោសល្យល្អដូចគ្នា ដូចនេះ បើពួកគេនៅបន្តចាប់ដៃគ្នាអត្ថាធិប្បាយនោះ នឹងធ្វើឱ្យ CTN កាន់តែមានភាពទាក់ទាញថែមទៀតជាមិនខាន៕

RELATED ARTICLES