ភ្នំពេញ៖ ជនដៃដល់៣នាក់ ខឹងចេះដឹងរឿងរបស់គេបានដេញកាប់២នាក់បងប្អូន រងរបួសធ្ងន់ម្នាក់ ធ្វើឲ្យជនដៃដល់ភ័យស្លន់ស្លោរត់ចោលម៉ូតូ ហើយទូរស័ព្ទប្រាប់ប៉ុស្តិ៍វិទ្យុថាចោរកាប់ប្លន់យកម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២១ ខែកក្តដា តាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចមុខសាលារៀនច្បារអំពៅ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ចាន់ តូនី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មានគ្នា៥នាក់ បានអង្គុយផឹកស៊ីនៅក្បែរកន្លែងកើតហេតុខាងលើ លុះពេលផឹកស៊ីស្រវឹងហើយជនរងគ្រោះបានដើរទៅអង្គុយលេងនៅមុខខារ៉ាអូខេសម្រស់ច្បារអំពៅ ក៏បានជួបនឹងជនដៃដល់ម្នាក់ដែលជាអ្នកស្គាល់គ្នា ទើបជនរងគ្រោះបាននិយាយថា ឯងកុំមកអុកឡុកនៅទីនេះអី កុំឲ្យពេលឯងចេញទៅបាត់ គេចោទថា រូបគេជាអ្នកធ្វើប្រព្រឹត្ត ធ្វើឲ្យជនដៃដល់ខឹងបានឈ្លោះប្រកែកគ្នាមួយប្រាវភ្លាមៗនោះជនដៃដល់បានជិះម៉ូតូចេញទៅបាត់ ជនរងគ្រោះក៏បានដើរ ត្រឡប់ទៅផ្ទះវិញ២នាក់បងប្អូនតាមផ្លូវជាតិលេខ១ ខណៈពេលដើរជិតដល់ផ្ទះហើយមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនដៃដល់បានហៅបក្សពួកសរុបទាំងអស់៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកនិច ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1BZ 2372 និងមួយគ្រឿងទៀត ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយដាវសំាម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះចំក្បាល រងរបួសធ្ងន់ ហើយជនដៃដល់ភ័យស្លនស្លោ ក៏រត់ចោលម៉ូតូNex នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ជនដៃដល់ដែលរត់គេចខ្លួនបានទូរស័ព្ទទៅប៉ុស្តិ៍វិទ្យុមួយប្រាប់ថា មានគេកាប់ប្លន់យកម៉ូតូ លុះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវទើបដឹងថា មិនមែនជាករណីកាប់ប្លន់យកម៉ូតូនោះទេគឺជារឿងឈ្លោះប្រកែកគ្នា រួចហើយដេញកាប់គ្នា ហើយជនដៃដល់រត់ចោលម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះបែក ក្បាលដេរ២០ថ្នេរ ។
ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យដេរមុខ របួសរួចហើយម្តាយបាននាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២ ជួយអន្តរាគមន៍ ៕
ឥន សាន់ស៊ីដេត