Friday, September 20, 2024
Homeតារាខ្មែរវ៉ាន់ នីឡា ក្រោយបង្ហោះសារចែកផ្លូវគ្នា ពេលនេះឪពុកម្តាយចង់ឲ្យរៀបការឆ្នាំ២០១៨ បើទោះជាដេញពេលារៀបការបានឆ្នាំ២០១៩ក៏ដោយ

វ៉ាន់ នីឡា ក្រោយបង្ហោះសារចែកផ្លូវគ្នា ពេលនេះឪពុកម្តាយចង់ឲ្យរៀបការឆ្នាំ២០១៨ បើទោះជាដេញពេលារៀបការបានឆ្នាំ២០១៩ក៏ដោយ

ភាពភ្ញាក់ផ្អើលបានកើតឡើងពេញចង្កោមអ្នកសិល្បៈ ពិសេសគឺក្រុមកំប្លែង CTN នៅពេលដែលតារាកំប្លែងវ៉ាន់ នីឡា បានសរសេរសារនៅលើបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ដែលបង្ហាញឲ្យដឹងថា ចំណងស្នេហ៍នាងនិងគូដណ្តឹង លោកផន រង្សី ដែលជាកូនថៅកែល្ខោនបាសាក់ ភី សុគន្ធី ឈានដល់ដំណាក់កាលចែកផ្លូវគ្នាទៅហើយ ព្រោះតែពួកគេមិនចុះសម្រុងគ្នាឡើយ។

ស្រីស្អាតវ៉ាន់ នីឡា បានបង្ហោះសារថា ”គ្រប់យ៉ាងគឺចប់ សុំទោសដែលមិនអាចកាន់ដៃអ្នកបន្ដទៅមុខទៀត អរគុណគ្រប់យ៉ាងដែលផ្ដល់ឲ្យ សំណាងល្អណា៎ Reng Sey”។

ការបង្ហោះសាររបស់តារាកំប្លែងវ័យក្មេងរូបនេះ លើបណ្ដាញសង្គម ច្បាស់ណាស់ថា នាងមិនអាចបន្ដស្នេហ៍ជាមួយកូនថៅកែល្ខោន បានទៀតឡើយ ហើយនាងសូមបញ្ចប់ស្នេហ៍ត្រឹមកណ្ដាលផ្លូវនេះតែម្ដង។ ចំណែកលោកផន រង្សី ជាគូដណ្ដឹង ក៏មិនមានការលួងលោម គូដណ្ដឹងរបស់ខ្លួនដែរ ហើយលោកក៏បានបង្ហាញអារម្មណ៍ហាក់មិនចង់បន្ដស្នេហាជាមួយស្រីស្អាតជាតារាកំប្លែងរូបនេះទៀតដែរ ថែមទាំងនិយាយបែបតូចចិត្តថា មកពីលោកមិនមែនជាប្រុសសង្ហាដូចគេទៀតផង បានជាគូដណ្ដឹងសុំបែក។

លោកផន រង្សី បានបញ្ចេញសារថា ”មិនបាច់សុំទោសទេអូន។ អ្វីដែលអូនធ្វើ គឺត្រឹមត្រូវហើយ ជិត៣ឆ្នាំហើយដែលយើងស្រលាញ់គ្នា ដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយ ហើយបងក៏មិននឹកស្មានថា មានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងអូនទេ ព្រោះបងតែងគិតថា បងមិនស័ក្តិសមនឹងអូននោះទេ ទាំងរូបរាង និងការងារ។ បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់ រូបរាងមិនស្អាត មិនទាន់សម័យ អត់ចេះ Sweet អីដូចគេនោះទេ។ ត្រឹមជាអ្នករកស៊ីធម្មតាម្នាក់ ទំរាំបានលុយគេ អត់ងងុយ ស្អុយភ្នែក ញើសហូរដាបខ្លួន មិនសាកសមអីនឹងអូនជាតារាល្បីស្អាត មានគេស្រលាញ់គាំទ្រច្រើន។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះ បងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះ ថាបងចុះ តែបងមិនដែលខ្វល់ទេ ព្រោះវាមិនមែនជាការពិត។ បងតែងតែខំប្រឹងប្រែងរកស៊ីទាំងឈឺទាំងជា ព្រោះចង់សម្រេចគោលដៅមុនពេលយើងរៀបការ។ តែគ្រប់យ៉ាងរលាយអស់ទៅហើយ។ ពេលអត់ពីបង ត្រូវធ្វើជាក្មេងល្អណា ក្មេងក្បាលរឹង ជូនពរឲ្យជួបមនុស្សល្អ និងស័ក្តិសមអូន។ ធ្វើម៉េចបើនិស្ស័យពួកយើង បានត្រឹមគូដណ្ដឹង”។

តាមរយៈការទម្លាយសារនេះ បញ្ជាក់ថា វ៉ាន់ នីឡា និងគូដណ្ដឹងរបស់នាង លោកផន រង្សី ពិតជាចែកផ្លូគ្នាដោយគ្មានការសង្ស័យឡើយ គឺពួកគេបែកគ្នាតាមសម្រួល ហើយជូនពរគ្នាទៅវិញទៅមកទៀតផង មិនមែនជាគូបដិបក្ខនឹងគ្នានោះទេ។

ប៉ុន្ដែលោកសុវណ្ណ រិទ្ធី ហៅលោកតាវុចទ័រ បាននិយាយប្រាប់ ”នគរធំ” ជំនួសកូនស្រី វ៉ាន់ នីឡា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ដោយទទួលស្គាល់ថា រវាងកូនស្រីលោកនិងគូដណ្ដឹងគេ គឺពិតជាមានការទាល់សម្ដីគ្នាតិចតួចមែន តែមិនអាចឈានដល់ការបែកបាក់គ្នានោះឡើយ ហើយពេលនេះ លោកកំពុងតែពិភាក្សាគ្នាជាមួយដន្លងលោក ដើម្បីឲ្យពួកគេបានរៀបការឲ្យបានឆាប់ ចៀសវាងថ្ងៃក្រោយមានបញ្ហាទៀត។

លោកតាវ៉ិចទ័រ និយាយថា ”រឿងពួកគេទាស់គ្នាតិចតួចជាការពិតមែនប្អូន គ្រាន់តែថាក្មេងៗ វាតែប៉ុណ្ណឹង ប្រចណ្ឌគ្នាអីតិចតួចមិនអត់ទេ។ តែរឿងនេះមិនអាចឲ្យពួកគេក្លាយទៅជារឿងធំ ឈានដល់ការបែកបាក់គ្នាអី គឺអត់មានដល់ថ្នាក់ហ្នឹងទេ។ ខ្ញុំបានណែនាំពួកគេពីបញ្ហានេះដែរ ហើយមុនហ្នឹង ខ្ញុំក៏បានពិគ្រោះគ្នាជាមួយដន្លងខ្ញុំដែរ ពីរឿងរៀបការពួកគេ ហើយធម្មតាប្រពៃណីខ្មែរយើង ត្រូវមានពេលាអីត្រឹមត្រូវ ហើយដេញទៅឃើញថា ទាល់តែឆ្នាំ២០១៩ ទើបកូនទាំង២អាចរៀបការបាន។ ខ្ញុំបានពិគ្រោះគ្នាជាមួយឪពុកម្ដាយកូនប្រុសដែរ ដើម្បីកំណត់ពេលវេលារៀបការឲ្យបានមុនឆ្នាំ២០១៩នេះ”។

វ៉ាន់ នីឡា និងលោកផន រង្សី (ក្នុងថ្ងៃភ្ជាប់ពាក្យ)

វ៉ាន់ នីឡា អាយុ១៧ឆ្នាំ ជាអ្នកកំប្លែងវ័យក្មេងដែលមានរូបសម្រស់គួរឲ្យទាក់ទាញ នៅក្នុងក្រុមកំប្លែង CTN នាយពែកមី ក្រោមការដឹកនាំ និងនិពន្ធរឿងពីឪពុកនាងផ្ទាល់ គឺលោកតាវុិចទ័រ។ នីឡា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកផន រង្សី អាយុ២៦ឆ្នាំ កូនថៅកែល្ខោនបាសាក់ ភី សុគន្ធី កាលពីថ្ងទី១៩ ខែឧសភា ឆ្នាំ២០១៦ ដោយខាងប្រុសបានជូនបណ្ដាការទៅខាងស្រី ទឹកប្រាក់៣ម៉ឺនដុល្លារផងដែរ ហើយជាមួយគ្នានេះ ក៏មានព័ត៌មានល្បីថា ធ្វើឲ្យតារាកំប្លែងក្នុងក្រុម នាយចឺម មានការខូចចិត្តជាខ្លាំង ព្រោះតែបានលួចស្រលាញ់នីឡា ជាយូរណាស់មកហើយដែរ។ ទោះជាយ៉ាងណា ក្រោយស្វែងយល់ចិត្តគ្នាជាង១ឆ្នាំនេះ នីឡា និងលោករង្សី តែងរងនូវការបង្អាប់ថា ខាងស្រីនីឡា ស្អាតមិនសមជាមួយខាងប្រុស ទើបធ្វើឲ្យរឿងចុងក្រោយ ពួកគេក៏បានសរសេរសារបញ្ជាក់ថា ចំណងស្នេហ៍នេះដើរដល់ទីបញ្ចប់រៀងៗខ្លួនតែម្ដង ដែលធ្វើឲ្យមានការសង្ស័យថា មានអ្នកទី៣ចូលជ្រៀតជ្រែក ព្រោះលោករង្សី និយាយហាក់តូចចិត្ត ដែលលោកមិនចេះប្រើពាក្យផ្អែមល្ហែមដូចគេ។

លោកតាវុិច ទ័រ និងភរិយា

អ្នកស្រីភី សុគន្ធី ថៅកែល្ខោនបាសាក់ ភី សុគន្ធី បានអះអាងថា ពេលនេះអ្នកស្រីកំពុងតែពិភាក្សាគ្នាជាមួយខាងដន្លង ដើម្បីដេញពេលាឲ្យពួកគេរៀបការឲ្យបានឆាប់ៗនេះ តាមតែអាចធ្វើទៅបាន តែរឿងរ៉ាវដែលពួកគេមានកាខ្វែងគំនិតគ្នា កាលពីពេលថ្មីៗនេះ មិនអាចឈានទៅដល់ការប្រេះឆាគ្នាបានទេ។

អ្នកស្រីភី សុគ្ធី និងស្វាមី

ថៅកែល្ខោនបាសាក់ និងជាម្ដាយលោកផន រង្សី រូបនេះបញ្ជាក់ថា ”ខ្ញុំចង់ឲ្យកូននីឡា កូនរង្សី រៀបការនៅឆ្នាំ២០១៨នេះ។ តែយើងជាខ្មែរ គឺតែងតែមានការដេញពេលាឲ្យបានត្រឹមត្រូវ អីចឹងហើយមុននឹងរៀបការ។ មិញហ្នឹងខ្ញុំក៏បានពិភាក្សាគ្នាជាមួយអ្នកដន្លងដែរ ពីរឿងរៀបការពួកគេហ្នឹង ហើយឥឡូវមិនទាន់កំណត់បានទេ តែចង់ឲ្យបានឆាប់កាន់តែល្អ។ រឿងកូនៗនៅក្មេង ទាស់គ្នាតិចតួច គឺតែងតែមានអីចឹងហើយ តែមិនដល់បែកគ្នាទេ ព្រោះយប់មិញ (២៦កក្កដា) ពួកគេទៅមើលកុនជាមួយគ្នាតើ។ តាមខ្ញុំដឹង គឺខាងកូនស្រីគ្មានអ្នកណាផ្សេងស្រលាញ់អីទេ តែខាងប្រុសប្រចណ្ឌ។ ខ្ញុំធ្លាប់បានប្រាប់កូនប្រសាស្រីខ្ញុំដែរ ពេលទៅមើលល្ខោននៅខេត្តកំពង់ស្ពឺ ថា កុំឲ្យសម្តីផ្អែមពេកដាក់ខាងប្រុស កាចខ្លះទៅ។ និយាយទៅកូនប្រុសខ្ញុំហ្នឹង ក៏មិនសូវចេះផ្អែមល្ហែមដែរ ហើយដើម្បីបញ្ជាក់ថា ពួកគេគ្មានបញ្ហាជាមួយគ្នាថ្ងៃស្អែក (២៨កក្កដា) ហ្នឹង ពួកគេនឹងទៅចូលរួមកម្មវិធីភ្ជាប់ពាក្យកូនថៅកែរហាងកាត់ដេមួយ ម្ដុំទួលគោក ដែលអាចLive វីដេអូផងដែរ”៕

RELATED ARTICLES